អ.ហ រាជធានីភ្នំពេញ អំពាវនាវរកម្ចាស់ម៉ូតូ ដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក

ភ្នំពេញ៖ កងរាជអាវុធហត្ថ (អ.ហ) រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាស និងអំពាវនាវ រកម្ចាស់ម៉ូតូដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក នៅទីបញ្ជាការដ្ឋានអ.ហ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច ឲ្យដឹងថា បន្ទាប់ពីបញ្ជូន មេក្លោងចោរលួចប្លន់ម្នាក់ ទៅតុលាការកាលពីសប្តាហ៍មុន ព្រមទាំងដកហូតម៉ូតូ បាន០៩គ្រឿងផងដែរនោះ នៅសប្តាហ៍នេះម៉ូតូ០៧គ្រឿង ត្រូវបានដកហូតបន្ថែម រួមជាមួយជនសង្ស័យចំនួន០៣នាក់ ដែលម្នាក់ជាចោរលួច និង០២នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ដែលបានមកពីអំពើលួច និងប្លន់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា ជាក់ស្តែងក្រោយពេលសមត្ថកិច្ចជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យ0១នាក់ឈ្មោះ សែន ចាន់បុត្រ ហៅ ប៊យ ពីមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ក្នុងអំពើលួច ដោយគាស់ទ្វាររបងផ្ទះចូលកាច់កម៉ូតូមួយគ្រឿងមកនោះ សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បន្តតាមចាប់បក្សពួកដែលជាប់ពាក់ព័ន្ធលើករណីខាងលើនេះ ០២នាក់បន្ថែមទៀត មានឈ្មោះ កោះ វិបុល ហៅ ឡូតូ និង ឈ្មោះ ហៀក ស៊ីថេត ហៅ ប្រុក ដែលជាអ្នកទទួលទិញម៉ូតូបានមកពីអំពើ លួច និងប្លន់គ្រប់ប្រភេទ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សែន ចាន់បុត្រ ហៅ ប៊យ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ខ្លួននិងគូរកន០២នាក់ទៀតពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មិនចាំស្លាកលេខ នៅចំណុចម្តុំចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រាកដមែន ដោយពួកខ្លួនបានជិះម៉ូតូនោះមកលក់អោយឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក ក្នុងតម្លៃ៣៥០ដុល្លារ។ រីឯជនសង្ស័យឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ពួកខ្លួនពិតជាបានទិញម៉ូតូមួយគ្រឿងពីឈ្មោះ ប៊យ ពិតប្រាកដមែន ហើយថែមទាំងដឹងថាម៉ូតូនោះគឺជាម៉ូតូដែលគេលួចបានផងដែរ ម្យ៉ាងទៀតកន្លងមកខ្លួនបានទិញម៉ូតូគ្រប់ម៉ាក គ្រប់ប្រភេទ ទោះបីម៉ូតូនោះគ្មានពន្ធ ឬដឹងថាជាម៉ូតូចោរក៏ដោយ។ ទន្ទឹមនឹងនេះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដកហូតម៉ូតូ៧គ្រឿងដែលជាប់ពាក់ព័ន្ធនឹងអំពើលួច ប្លន់ ផងដែរ រួមមាន៖ ១ ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ, ២ម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ, ៣ ម៉ាកឃ្លីក ពណ៌សគ្មានស្លាកលេខ, ៤ ម៉ាកឃ្លីក ពណ៌ក្រហម ស្លាកលេខ តាកែវ 1D-8803, ៥ ម៉ាកឃ្លីក ពណ៌ស ខ្មៅ គ្មានស្លាកលេខ, ៦ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1F-7878, ៧ ម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ រីឯម៉ូតូដែលដកហូតបាន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចោរលួច និងប្លន់កន្លងមកសូមមេត្តា យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញ៕

អ.ហ រាជធានីភ្នំពេញ អំពាវនាវរកម្ចាស់ម៉ូតូ ដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក
អ.ហ រាជធានីភ្នំពេញ អំពាវនាវរកម្ចាស់ម៉ូតូ ដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក
អ.ហ រាជធានីភ្នំពេញ អំពាវនាវរកម្ចាស់ម៉ូតូ ដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក
អ.ហ រាជធានីភ្នំពេញ អំពាវនាវរកម្ចាស់ម៉ូតូ ដែលធ្លាប់ ត្រូវចោរលួច និងប្លន់កន្លងមក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត