ថ្នាំ​ពន្យារកំណើត​អាច​បង្ការ​ជំងឺមហារីក​ស្បូន​បាន​

ថ្នាំ​ពន្យារកំណើត​អាច​បង្ការ​ជំងឺមហារីក​ស្បូន​បាន​

​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​៖ យោង​ទៅ​តាម​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​រួច បានឱ្យដឹងថា ថ្នាំ    ពន្យារកំណើត​មាន​សមត្ថភាព​បង្ការ​ជំងឺមហារីក​ស្បូន​បាន​រហូត​ដល់​២០០០០០​ករណី​ឯណោះ ក្នុង​ពេល​សិក្សា​រយៈពេល​១០​ឆ្នាំ​មុន​ទៅ​លើ​ប្រទេស​អ្នកមាន​ប៉ុណ្ណោះ​។

​ការ​សិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​វេជ្ជសាស្ត្រ The Lancet Oncology បាន​រកឃើញថា ការប្រើ​ថ្នាំ​ពន្យារកំណើត​ក្នុង​រយៈពេល​វែង​មួយ នឹង​ផ្តល់​ជា​ការការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​អង់ដូម៉ែត (Endometrial Cancer) ដែល​ប៉ះពាល់​ដល់​ស្បូន​។

អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ចំនួន​ជំងឺមហារីក​អង់ដូម៉ែត្រ​សរុប​៤០០០០០​ករណី ក្នុង​រយៈពេល​៥០​ឆ្នាំកន្លងមក ត្រូវបាន​ចៀសវាង​ផុត​ចំពោះ​ប្រទេស​ដែល​មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់​។

អត្ថប្រយោជន៍​ប្រឆាំងនឹង​ជំងឺមហារីក​បាន​បន្ត​ជាប់​រយៈពេល​១០​ឆ្នាំ ក្រោយ​ពី​ស្ត្រី​បញ្ឈប់​ការប្រើ​ថ្នាំ    ពន្យារកំណើត ដែល​ធ្វើ​ការប្រមូល​ទិន្នន័យ​ស្ត្រី​កើត​ជំងឺ​មហារីក​អង់ដូម៉ែត​ចំនួន​២៧២៧៦​នាក់ ក្នុង​ប្រទេស​ចំនួន​២៤ ។

ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​នៅពេល​អាយុ​ខ្ទង់​២០​ឆ្នាំ ឬ​ក្មេង​ជាង​នេះ នៅ​តែ​ទទួលបាន​ប្រយោជន៍​ពី​វា​នៅ​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ដែល​ជា​ពេលវេលា​ងាយ​នឹង​កើត​មហារីក​។ មាន​មនុស្ស​ជាច្រើន​ធ្លាប់​បារម្ភ​ថា ថ្នាំ​ពន្យារកំណើត​អាច​បង្ក​ជំងឺមហារីក​ដែរ ប៉ុន្តែ​ការប្រើ​ថ្នាំ​នេះ​រយៈពេល​យូរ​នឹង​ជួយ​កាត់បន្ថយ​ការ​កើត​ជំងឺ​មហារីក​ទៅវិញ​ទេ​។

ការសិក្សា​បាន​រកឃើញថា ជា​រៀងរាល់​៥​ឆ្នាំ​នៃ​ការប្រើ​ថ្នាំ​ពន្យារកំណើត​អាច​កាត់បន្ថយ​ការប្រឈមមុខ​ប្រហែល​មួយ​ភាគ​បួន​។ ឧទាហរណ៍ ការប្រើ​ថ្នាំ​ពន្យារកំណើត​រយៈពេល​១០​ឆ្នាំ​អាច​កាត់បន្ថយ​ការ​កើត​ជំងឺ​មហារីក​អង់ដូម៉ែត​មុន​អាយុ​៧៥​ឆ្នាំ​ពី ២,៣ ទៅ ១,៣ ករណី​ក្នុង​ចំនួន​អ្នកប្រើប្រាស់​១០០នាក់៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។