តេជោ សែន ពន្យល់ពីរូបថត ក្នុងហ្វេកបុក ដែលក្រុមជនអគតិ បម្លែងតាម Photoshop

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៣០ ខែធ្នូ ប៉ុន្មានម៉ោងមុននេះ បានធ្វើការពន្យល់ដល់ សាធារណជន ជាពិសេសអ្នកនិយមលេងបណ្តាញទំនាក់ទំនង សង្គមហ្វេកប៊ុក អំពីចេតនាអាក្រក់ ថោកទាបរបស់ ជនអគតិមួយចំនួនតូច ដែលបានយករូប ភរិយាសម្តេចថងជុំគ្នាជាមួយចៅៗ បម្លែងតាមកម្មវិធី Photoshop ក្នុង ដើម្បីជាលេស ក្នុងការវាយប្រហារគ្រប់រូបភាព។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថា “ខ្ញុំ និង ភរិយាព្រមទាំងកូន និងចៅៗគិតថា នាំគ្នាមកសំរាកលំហែរកាយ នៅសមុទ្រ ក្នុងថ្ងៃឆ្លងឆ្នាំ ហើយមានឱកាស បានជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ និងបានថតរូបជាអនុស្សាវរីយ៌ ជាមួយក្រុមគ្រួសារ។ តែជាអកុសលគឺ មានបុគ្គលមកពីបក្សប្រឆាំងជ្រុលនិយម មួយចំនួន បានព្យាយាមយករូបភរិយាខ្ញុំ យកទៅកែបម្លែង ក្នុងកំព្យូទ័រ តាមកម្មវិធី (Photoshop) ដូចឃើញក្នុងស្នាមក្រឡាឥដ្ឋវៀច ក្នុងរូបដែលពួកនេះ បានទាញជើងភរិយាខ្ញុំ ឲ្យមើលទៅមានលក្ខណ:មិនសមរម្យ ដើម្បីពួកគេវាយប្រហារ”។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា “នេះជាល្បិចថោកទាបបំផុត មួយរបស់ សកម្មជនបក្សប្រឆាំង ដែលគិតថាគ្មាននរណាដឹង រាល់នូវទង្វើ ទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និង ក្រុមគ្រួសារ ក្នុងនាមជា នាយករដ្ឋមន្រ្តី នៃប្រទេសមួយ គឺពួកគេត្រូវតែ ទទួលខុសត្រូវចំពោះ មុខច្បាប់”។

ទោះជាជួបរឿងទោមនស្ស ដែលបង្កឡើងដោយ ក្រុមជនអគតិមួយចំនួនតូច ក៏ដោយ តែសម្តេច នៅតែមិនភ្លេច ក្នុងការ ជូនពរជនរួមជាតិ ឲ្យប្រកបតែសេចក្តីសុខ និងសំណាងល្អ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ នេះ៕

តេជោ សែន ពន្យល់ពីរូបថត ក្នុងហ្វេកបុក ដែលក្រុមជនអគតិ បម្លែងតាម Photoshop

តេជោ សែន ពន្យល់ពីរូបថត ក្នុងហ្វេកបុក ដែលក្រុមជនអគតិ បម្លែងតាម Photoshop

រូបថតដែល ជនអគតិបម្លែង តាមកម្មវិធី Photoshop