​ជំងឺ​បាក់​ទឹកចិ​ត្ត / បញ្ហា​សុខ​ភាពផ្លូ​វចិ​ត្ត ​ដែល​អាច​កើត​មាន​ក្រោយ​សម្រាល​​កូន

​បញ្ហាសុខភាព​ផ្លូវ​ចិត្ត​ខ្លះ​វា​កើត​ឡើង ​ដោយ​លក្ខណៈ​ធម្មជាតិ រឺ គ្រោង​ទុកនៅក្រោយ​ពេល​សំរាល​កូន។ យ៉ាង​ហោចណាស់​មាន​៦០ ​ទៅ ​៨០ ​ភាគរយ​នៃ​ស្ត្រី​ជាម្តាយ ​ដែល​អាចរ​ងគ្រោះជំងឺ ​​Baby Blue ​ដែល​ជា​ជំងឺ​បាក់​ទឹកចិត្តកំរិត​ស្រាល ហើយ​កើតឡើង​ក្រោយ​ថ្ងៃ​សំរាល​​ពី​២ ទៅ ៣​ ថ្ងៃ​រឺ​១​អាទិត្យ ​និងបាត់​ទៅវិញ​នៅ​ក្នុង​អំឡុង​ពេល ២ សប្តាហ៍​។ ​ស្រ្តី​ជា​ម្តាយ​ដែលមាន​ជំងឺ Baby Blue ​គាត់​អាច​ស្តែង​ចេញ​ជា​ការ​យំយែក​សោក​សង្រែង ​ការថប់​អារម្មណ៍ មួ​រម៉ៅ ហើយ​នឹង​ពិបាក​ក្នុងការ​គេង។​ ស្រ្តីខ្លះ​គាត់​អាច​មានអារម្មណ៍ ​ធូរ​ស្រាល​ឡើង​វិញ បន្ទាប់​ពី​គាត់​បាន​សំរាក​ច្រើ​ន ដោយ​មាន​គេ​ជួយ​មើល​កូន រឺ​ក៏ប​ន្ទាប់​ពីគាត់​យំ អោយ​អស់ចិត្ត​គាត់​​។
​ជំងឺ​បាក់​ទឹកចិ​ត្ត / បញ្ហា​សុខ​ភាពផ្លូ​វចិ​ត្ត ​ដែល​អាច​កើត​មាន​ក្រោយ​សម្រាល​​កូន
​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សំរាល​កូន​៖​
​បើសិន​ជា​រោគសញ្ញាទាំង​នេះវាមិន​បាត់​ក្រោយ​រយៈ​ពេល២អាទិត្យ​នោះទេ ​វា​និង​អាច​ក្លាយ​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សំរាលកូន​(PPD)​។ ​ពី​១០ ​ទៅ ២០​ភាគរយ​នៃស្រ្តី​ជា​ម្តាយ អាចវិវត្ត​ទៅរក​ជំងឺ​បាក់​ទឹកចិត្ត ដែល​វា​មាន​រយៈ​ពេលពី​២ អាទិត្យ ​ទៅ​ ១ ឆ្នាំ​។​ ការ​ធ្លាក់​ចុះ​នៃ​កំរិត​អ័រម៉ូន​ភ្លាមៗ​ក្រោយ​សំរាលកូន ​ក៏​អាច​ជា​មូលហេតុ​មួយផង​ដែរ ​។ ​ម្យ៉ាង​វិញ​ទៀត ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​នូវ​អារម្មណ៍​នៅ​ពេល​សំរាល​កូន​ជា​មួយ​និង​អារម្មណ៍​ដែល​ជិត​ក្លាយ​ជា​ឪពុក​ម្តាយរ​បស់​គេ ​លាយ​ឡំ​ជា​មួយ​និង​ទំនួល​ខុស​ត្រូវ​ជា​ច្រើន​ បាន​ធ្វើ​អោយ​គាត់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សំរាលកូន​។​​តើ​ខ្ញុំអាច​ប្រឈមមុខ​ជាមួយ​ជំងឺ ​PPD ​ដែររឺទេ ?​
​ស្រ្តី​ខ្លះ​គាត់​អាចរង​ការ​ប៉ះ​ទង្កិច​ជា​មួយ​ជំ​ងឺPPD​ខ្ពស់​ជាង​ស្រ្តី​ផ្សេងៗ​ទៀត ។​ កត្តា រឺ ​ល័ក្ខខណ្ឌ​ដែល​ធ្វើ​អោយ​អ្នក​អាច​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺ​ PPD ​មាន​ដូច​ជា​៖
•អ្នក ​រឺ ​សមាជិក​គ្រួសារអ្នក​មា​នប្រវត្តិ​ជំងឺ​បា​ក់​ទឹក​ចិត្ត ​ជំងឺថប់​បារម្មណ៍ ​រឺក៏​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អ្នក​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​។ ​ប្រហែល​ពាក់​កណ្តាល​នៃ​ស្រ្តី​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គាត់​និងអា​ច​វិវត្ត​ទៅ​រក​ជំងឺ PPD ​។
•​ការ​មាន​ផ្ទៃ​ពោះ​ដោយមិន​​បានគ្រោងទុក​
•​ដៃគូអ្ន​ក​មិនគាំទ្រ​គំនិត​របស់អ្នក
•​អ្នក​មាន​បញ្ហាជាមួ​យ​និង​ថវិកា​
•​អ្នក​មានប​​ញ្ហាជា​មួ​យការ​លែងលះ ​រឺ ​ការ​រស់នៅ​បែក​គ្នា​ថ្មីៗ​នេះ​
•​អ្នក​ឆ្លង​កាត់​បញ្ហា​ជិវិតដ៏​ធំមួយ​ដូច​ជា​ ការ​បាត់បង់​ការងារក្នុង​អំឡុងពេលអ្នកមាន​ផ្ទៃពោះ​​
•អ្នកមាន​ជំងឺ​រ៉ាំរ៉ៃទាក់ទងជាមួ​យ​និង​វដ្តរដូវ
•​អ្នក​មាន​ផលវិបាកទាក់ទ​ងជា​មួយ​និង​បញ្ហារោគស្រ្តី​
•​អ្នក​មានវិបត្តិផ្លូវចិត្តតាំង​ពីកុ​មារភាព​ ដូច​ជា​មាន​ប្រវិត្ត​ប្រមាថ ​ការរំ​លោភ​បំពាន រឺ​ក៏​មាន​គ្រួសារ​មិន​ពេញ​លក្ខណៈ​។​
ចង​ចាំ​ថាៈ​ បើ​ទោះ​បី​ជាក​ត្តា​ទាំង​អស់​នេះ​ វា​អាច​ប្រឈម​មុខទៅ​និង​​ការវិវត្តទៅរក ​ជំងឺPPDក៏​ដោយ ​ក៏ប៉ុ​ន្តែ​ស្រ្តី​ភាគ​ច្រើន​ដែល​គាត់​មាន​កត្តា​ខាង​លើ ក៏មិនប្រាកដ​ថា​គាត់វិវត្ត​ទៅ​រក​ជំងឺ​PPDដែរ​។ ​​ចំណែក​ឯ​ស្រ្តី​ខ្លះ​ទៀត​គាត់​មានតែ​មួយចំនុ​ចរឺ​គ្មា​ន​សោះនូវចំណុចខាង​លើ​តែគាត់​បែរ​ជាមានជំងឺបាក់​ទឹក​ចិត្ត​ទៅ​វិញ។
​តើ​ត្រូវធ្វើដូចម្តេច​ទើបដឹង​ថាខ្ញុំ​មានជំ​ងឺ PPD?​​អ្នកផ្តល់​សេវាសុខភាព តែ​ម្នាក់គត់​ដែល​​អ្នកបញ្ជាក់​បាន​ថា​អ្នក​មាន​ជំងឺ​PPD រឺ​អ​ត់ ​​ប៉ុន្តែ​អ្នក​ក៏​អាចកត់​សំគា​ល់​សញ្ញា​ខ្លះៗ បានដោយខ្លួនឯង​ដែរ។ ទាំង​អស់​នេះ​ជា​អ្វី​ដែល​អ្នកគួរ​តែ​ដឹង​៖​
•មានការពិបាកក្នុងការគេង
•មានអារម្មណ៍សោកសៅ រឺ យំសោកសង្រែងពេញមួយថ្ងៃ
•មានអារម្មណ៍បាត់បង់ចំណង់ចំណូលចិត្តរាល់សកម្មភាព
•ពិបាកក្នុងការផ្ចង់អារម្មណ៍
•មិនសូវឃ្លាន
•ថប់អារម្មណ៍
•មានអារម្មណ៍មួរម៉ៅច្រើន
•មានអារម្មណ៍ស្តីបន្ទោសអោយខ្លួងឯង
•​ភ័យស្លន់​ស្លោរ(​រោគសញ្ញា​រួម​​ផ្សំមាន​ដូច​​ជា បេះដូង​ដើរ​ញាប់ វិលមុខ​​ ច្របូកច្របល់​ មាន​អារម្ម​ណ៍​ថាមាន​ហេតុ​ការណ៍​​អាក្រក់អ្វី​មួយជិ​តកើត​ឡើង​)។
•មានគំនិតចង់សំលាប់ខ្លួន
​ម្តាយ​ជា​ច្រើន​គា​ត់មា​ន​អារម្ម​ណ៍សោកសៅ ​និង​ថប់​បារម្មណ៍​ក្នុងអំឡុង​ពេ​លប៉ុន្មានខែដំបូង​ក្រោយ​ពីសំរាល​កូន​។ ប៉ុន្តែ​បើ​សិនជាអ្ន​កយំ​ពេញ​មួយថ្ងៃ ​ហើយរយៈពេល ៣ទៅ៤ថ្ងៃជាប់ៗ​គ្នា រឺ​ក៏​អ្នក​មាន​អារម្មណ៍​ថា​និង​មាន​រឿង​អាក្រក់​មួយកើត​ឡើង ​នោះអ្នកគួរតែផ្តល់​ដំណឹង​ដល់​គ្រូពេទ្យ​អ្នក​ជាបន្ទាន់ ​។
តើខ្ញុំគួ​រធ្វើ​ដូច​ម្តេច​ដើម្បីជៀស​វៀងពី​ជំងឺ​ PPD ​?​
​បើ​សិន​ជាអ្នក​មានបញ្ហា​ផ្លូវ​ចិត្ត ​រឺ​ជំងឺ​ថប់​បារម្មណ៍​ក្នុងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ នោះ​អ្នក​គួរ​តែ​ធ្វើ​ការ​ព្យាបាលអោយ​ទាន់​ពេល​វេលា​ដើម្បីកាត់​បន្ថយ​ឱកា​ស​នៃការវិវត្ត​ទៅរក​ជំងឺ​PPD​។ ​​ខាង​ក្រោ​ម​នេះ​ជា​យុទ្ធ​សាស្រ្តខ្លះៗ​ដែល​អាច​ធ្វើ​​បាន៖​
•​ត្រូវ​ធ្វើការ​ថែរក្សា​ខ្លួន ​អោយ​ក្លាយ​ទៅជា​​ទំលាប់ ដោយ​ចេះ​រៀប​ចំ​ផែនការ​សំរាប់ ​  សំរាកនៅ​ពេល​ដែល​មាន​កូន។​
•​ពិភាក្សា​ជាមួ​យ​ដៃ​គូរ​អ្នកដើម្បី​បែង​ចែក​កិច្ច​ការងារ​​ផ្ទះ និ​ង ​ទំនួល​ខុស​ត្រូវក្នុង​ការ​ថែរក្សា​កូន​​។
•​ចាប់​ផ្តើមបង្កើតទំនាក់​ទំនង​ (ជាមួ​យ​មិត្ត​ភក្តិ ​សមាជិក​គ្រួសារ រឺ ​ដៃគូរអ្នក) ​ដើម្បី​អោយ​ពួក​គេជួយ​​ពេលកូន​អ្នកចាប់​កំណើត​។​
•​ចាប់​ផ្តើមសុំ​ជំនួយ​នូវ​ការ ​ធ្វើម្ហូប ​បោស​សំអាត ​រឺក៏​មើលថែ​ទាំ​ទារក​ ដូច្នេះទើប​អ្នក​អាចមាន​ពេល ​ងូត​ទឹក សំរាក​ រឺក៏ដើរ​លំហែរ​កាយបាន​​។
•​កំណត់​ព្រំដែនៈ ​ត្រូវ​ចេះ​ការ​ពារខ្លួន​ឯង​កុំ​អោយ​ធ្វើការ​ហួសហេតុ​ពេកទាំង​ពេល​មានផ្ទៃ​ពោះនិងក្រោយពេល​មាន​​ផ្ទៃ​ពោះ ។ ការធ្វើការហួសហេតុ ​អាច​ធ្វើ​អោយ​អ្នក​អស់​កំលាំង​ខ្លាំង​ដែល​អាច​អោយ​អ្នក​វិវត្តទៅ​រក​ជំងឺ​PPD ជា​ជា​ង​ការ​ដែល​អ្នក​បាន​សំរាក​គ្រប់​គ្រាន់៕ ​
អត្ថបទ៖ ដេវីដ