ឃាត់ខ្លួន​កម្មករ​​ឃ្លាំង​ស្តុ​កដែក​៦​នាក់ បន្ទាប់​ពី​វាយ​កម្លាំង​អាវុធ​ហត្ថ​​របួស

រាជ​ធានីភ្នំពេញ ៖ ​​កម្មករ​ឃ្លាំង​ស្តុ​កដែក​៦​នាក់​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ខ​ណៈ​ពេល​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ឃើញ​ពួក​គេ​គួរ​ឱ្យ​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​បែរជា​នាំ​បក្សពួក​មក​វាយ​កម្លាំង​អាវុធហត្ថ បណ្តាល​ឱ្យ​រង​របួស​ និង​បោក​វិទ្យុទាក់ទង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០ ​ធ្នូ ​២០១៥ ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

មន្ត្រី​អាវុធហត្ថ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​​កម្លាំង​អាវុធហត្ថ​៤​ម៉ូតូ​មាន​គ្នា​៨​នាក់ បាន​ជិះ​ល្បាត​ការពារ​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​មក​ដល់​ចំណុចកើត​ហេតុ​ ​​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ ម៉ាក​គុប​មូល​ជិះ​ឌុ​ប​គ្នា ហើយ​បាន​ជ្រុះ​វិទ្យុទាក់ទង ឃើញ​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​អ្វី​នោះ​ទេ​ ហើយ​បម្រុង​នឹង​ឱ្យ​ពួក​គេ​ទៅ​វិញ ពេល​នោះ​ស្រាប់តែ​គ្នីគ្នា​ពួក​គេ​២​នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​មួយ​គ្រឿង​ទៀតមក​ដល់​​បាន​ជេរ​ប្រមាថ​កម្លាំង​សមត្ថកិច្ច​ខ្លាំង​ៗរហូត​មានការ​ទាស់​ពាក្យ​សម្តី​គ្នា​ឡើង ។

បន្តិច​ក្រោយមក​ក្រុម​ក្មេង​ទំនើង​បាន​ហៅ​បក្សពួក​ជា​ច្រើន​នាក់ មក​វាយ​​លើ​កម្លាំង​កងរាជអាវុធហត្ថ​បណ្តាល​ឱ្យ​រង​របួស​បែក​មាត់​ម្នាក់ និង​បាន​យក​វិទ្យុទាក់ទង​២​គ្រឿង​បោក​បែក​ខ្ទេច ហើយ​ដើម្បី​ការពារ​ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៣​គ្រាប់ ផ្អើល​ក្រុម​ក្មេង​ទំនើង​រត់​ចែក​ជើង​គ្នា​ចូល​ទៅ​ក្នុង​ឃ្លាំងស្តុ​ក​ដែក​ដែល​ជា​កន្លែង​ពួក​គេ​ធ្វើការ និង​ឃាត់ខ្លួន​បាន​៤​នាក់​ភ្លាម​ផង​ដែរ ។

ភ្លាម​ៗ​នោះ​កម្លាំង​អាវុធហត្ថជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​កន្លែង​ឃ្លាំង​នោះ​ដើម្បី​ធ្វើការ​សួរនាំ​រក​ជន​ដៃដល់​ដែល​វាយ​កម្លាំង​អាវុធហត្ថ ប៉ុន្តែ​ត្រូវ​បាន​បុរស​ដែល​ជា​មេការ​ម្នាក់​ចេញ​មក​កាង​ស្រែក​ឡូឡា យក​សុទ្ធ​តែ​ឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម ហើយ​ពេល​នោះ​កម្មករ​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​ឃ្លាំងថែម​ទៀត​បាន​ស្ទុះ​មក​វាយ​លើ​កម្លាំង​អាវុធហត្ថ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មេការ​ម្នាក់​នោះ និង​កម្មករ​ម្នាក់​ទៀត យក​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សួរនាំ​បន្ត​ស្វែង​រក​ជន​ដៃដល់ និង​កសាង​សំណុំរឿង​ប​ញ្ចូល​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​តាម​នីតិវិធី ។

កម្លាំង​កងរាជអាវុធហត្ថ​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន ​​១-មានឈ្មោះ ដៀប សេន (​មេការ​) ​​២​-ឈ្មោះ ចូរ ជុំ ៣-​ឈ្មោះ លី ហន ​-៤​ឈ្មោះ គឹ​ម សុភា ៥​-ឈ្មោះ ជួប ចាន់​ណា​រី និង​​​៦-​ឈ្មោះ លឹប អៀង​ឈុ​ន អ្នក​ទាំង​៥​គឺជា​កម្មករ ៕​​