យុវជនម្នាក់​បើករថយន្ត​វ៉ា​ស្តាំ​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់ និង​ទ្រេត​ដើម​ត្របែកព្រៃ

រាជធានី​​ភ្នំពេញ ៖ បុរស​​ម្នាក់​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាងស្តាំ​​គេច​នឹង​​ម៉ូតូ​នៅ​ខាង​មុខ ក៏​​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​​បាក់​ត្រឹម​គល់ ​ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ដើម​ត្របែកព្រៃ​ទ្រេត​​អស់​មួយ​ដើម​ វាត់​គូទ​ប៉ះ​ម៉ូតូ​​សង់​កូរ៉េ​​រង​របួស​ស្រាល កាលពី​វេលា​ម៉ោង​១១ ​និង២០​នាទី​យប់​ថ្ងៃ​ទី៣០ ធ្នូ ​២០១៥ ស្ថិត​ត្រង់​​ចំណុច​​មុខ​ហាង​លក់​គ្រឿង​អាលុយ​មីញ៉ូម យីហោ​សេង ថៃ​ ​តាមផ្លូវលេខ២៧១ ​​ក្នុង​សង្កាត់​ទឹកល្អក់​៣ ​ខណ្ឌទួល​គោក ។

រថ​យន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y​-6172 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ អាយុប្រមាណ​ជា​២៧ឆ្នាំ​ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ ទៅ​ជើង​ក្នុង​ល្បឿន​​យ៉ាង​លឿន ។ រីឯ​ម៉ូតូ​រង​គ្រោះ​​ម៉ាក​សង់​កូរ៉េ ព​ណ៌​ក្រហម បើក​ដោយ​បុរស​វ័យ​ចំណាស់​​​ម្នាក់​​អាយុប្រមាណ​ជា​៤៥​ឆ្នាំ ​ក្នុង​ទិសដៅ​​ស្រ​ប​​គ្នា​ ។

បើ​តាម​​ប្រភព​​​ពី​អ្នក​រត់​ម៉ូតូឌុប​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ខាងលើ​​ បើក​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថានភាព​​ស្រវឹង ខណៈ​​បើក​មក​ជិត​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​រថយន្ត​ខាងលើ​ បាន​បើក​វ៉ា​ខាងស្ដាំ​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​​ល្បឿន​លឿន ស្រាប់តែ​វ៉ា​ក់​​អើ​​ និង​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ​ដែល​កំពុង​បើកបរ​នៅ​ខាងស្តាំ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ធ្វើ​ឱ្យ​​រថ​យន្ត​បង្ក​ព្យាយាម​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ ​បណ្ដាល​ឱ្យ​​បាក់​ដាច់​ត្រឹម​គល់​ ហើយ​រថយន្ត​បន្ត​ទៅ​បុក​ដើម​​ត្របែក​ព្រៃ​​ប៉ុន​កំភួនដៃ​ បណ្ដាល​ឱ្យ​​ទ្រេត ធ្វើ​ឱ្យ​រថយន្ត​វាត់​គូទ​​ទៅ​ប៉ះ​ម៉ូតូ​សង់​កូរ៉េ​ ដែល​បួង​ចង្កូត​គេច​នោះ​ បណ្តាល​ឱ្យ​​ដួល​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​ខ្ទេច​មុខ​ចំហៀង​ខាងស្តាំ​ និង​ដាច់​កាឡេ ។ ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បាន​​និយាយសម្រួល​​ជាមួយ​ខាង​ម៉ូតូ​ ព្រម​សង​សំណង​ចំនួន​៤០ដុល្លារ ​ដើម្បី​​បញ្ចប់រឿង​ ។