​យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​វាយ​ប្លន់​ម៉ូតូ​បានសម្រេច​នៅ​សង្កាត់​បឹង​កេងកង​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ស្ទាក់​ពីមុខ​ជនរងគ្រោះ រួច​យក​វត្ថុ​រឹង​វាយ​ក្បាល​បណ្តាល​ហូរឈាម​ស្រោច​ខ្លួន និង​ធាក់​ផ្តួល ហើយក៏​លើកយក​ម៉ូតូ​ជិះ​រត់គេចខ្លួន ដោយ​សុវត្ថិភាព​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​

​តាម​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​របស់​ម៉ា​សេ​១១០ (​សង់​ប៊ិច​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-0368 ។ ជនរងគ្រោះ​បាន​បន្តថា ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ផ្សារកណ្តាល​មក​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅក្បែរ​កន្លែងកើតហេតុ លុះ​ពេល​ជិត​ដល់​គោលដៅ ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក មក​វាយ​នឹង​វត្ថុ​រឹង ហើយ​ពេលនោះ​ខ្លួន​ភ័យ​ពេក ក៏​រត់ចោល​ម៉ូតូ ដោយ​ទុក​កូនសោ​នៅជាប់​នឹង ម៉ូតូ ក៏ត្រូវ​ពួកវា លើក​ជិះ​យកទៅ​បាត់ទៅ​។​

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​សួរនាំ ហើយ​ប្រាប់​ទៅ​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​សិន ចាំ​មក​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ​៕

​យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​វាយ​ប្លន់​ម៉ូតូ​បានសម្រេច​នៅ​សង្កាត់​បឹង​កេងកង​