តំណាងរាស្ត្រ​CNRP​រង​ការវាយដំ​នៅមុខ​រដ្ឋសភា​គ្រោង​ប្ដឹងទៅ​តុលាការ USA

​រាជធានី​ភ្នំពេញ​៖តំណាងរាស្ត្រ CNRP ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ដែល​ត្រូវបាន​វាយ​ឲ្យ​រងរបួស​ធ្ងន់​នៅមុខ រដ្ឋសភា​គ្រោង​នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​សហរដ្ឋអាមេរិក​។ 

​    ​លោក ញ៉យ ចំរើន បាន​ប្រាប់​វិទ្យុ​បរទេសមួយ​ថា លោក​នឹង​ជួប​ជាមួយ​មេធាវី​របស់លោក​ក្នុង​គោលបំណង​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ តុលាការ​អាមេរិក គ្រា​ដែល​សហគមន៍​ខ្មែរ​នៅ​អាមេរិក​បានរៀបចំ​មេធាវី​រួចរាល់​អស់ហើយ​ផងដែរ ដើម្បី​ស្វែងរក​លទ្ធភាព​ជំរុញ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​នេះ ។ លោក​អះអាងថា ការវាយប្រហារ​មកលើ​រូបលោក​នៅមុខ​រដ្ឋសភា​គឺជា​ការរៀបចំ​ទុកជាមុន ហើយ​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​គឺជា​មនុស្ស​មានអំណាច ព្រោះ​មនុស្ស​ធម្មតា មិនអាច​ធ្វើ​ឲ្យ​មាន​ហិង្សា​បែបនេះ​បានទេ​។ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ឈ្មោះ​អ្នក​នៅ​ពីក្រោយ​នោះទេ​។ 

​    ​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ យ៉ាងហោចណាស់​ក៏មាន​ជនសង្ស័យ​បីនាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ ព្រៃ​ស​ទាក់ទង​ការវាយប្រហារ​លើ​តំណាងរាស្ត្រ​២​រូប​របស់ CNRP ។ ប៉ុន្តែ​តំណាងរាស្ត្រ​ទាំង​២​រូបនោះ​ហាក់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ របស់​អាជ្ញាធរ​នោះឡើយ​៕ 

តំណាងរាស្ត្រ​CNRP​រង​ការវាយដំ​នៅមុខ​រដ្ឋសភា​គ្រោង​ប្ដឹងទៅ​តុលាការ USA