NGO ថ្មី​​មួយ​ នឹង​ផ្ដោត​​​លើ​​​​​​ការ​​​ងារ និង​ប្រាក់​ឈ្នួល​ដែល​អាច​រស់​បាន​

នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​​ជ្រើស​​​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ដ៏​​​​​ជ្រួល​​​ច្របល់ ​នៅ​ពេល​​ប្រជាជន​​រាប់​ម៉ឺន​​​សែន​នាក់​​​​​បាន​​​នាំ​​​​​គ្នា​​​​​​ចេញ​​មក​តវ៉ា​ និង​ហែ​​​ក្បួន​ទូទាំង​ប្រទេស​នោះ វា​​ជា​​​ការ​​​ងាយ​​​​​​​ដែល​​​គិត​​​ថា អ្នក​​អំពាវ​នាវ​​ឲ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​​និយាយ​ដោយ​សំឡេង​​​រួម​​​គ្នា​​​​តែ​មួយ​។

ប៉ុន្តែ​​លោក មឿន តុលា និង​សហសេវិក​របស់​លោក​​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ (CLEC) ​ជា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​​​​មួយ​​​​​​ដែល​​​​​ផ្ដល់​ជំនួយ​​​ផ្នែក​​​ច្បាប់​ បាន​ឮ​អ្វី​ផ្សេង​​ពី​នេះ​។ លោក​ថ្លែង​ថា “​យើង​​​​បាន​សង្កេត​ឃើញ​ថា កសិករ​​​តស៊ូ​មតិ​ដើម្បី​ខ្លួន​ឯង កម្មករ​​តស៊ូ​មតិ​ដើម្បី​ខ្លួន​ឯង ហើយ​យុវជន​​តស៊ូ​មតិ​​ដើម្បី​ខ្លួន​ឯង​។ ​យើង​​មិន​បាន​ធ្វើ​ការ​​​សម្រប​សម្រួល​ឆ្លង​ក្រុម​ទេ​”។

អង្គការ​​មិន​មែន​រដ្ឋាភិបាល​ថ្មី​មួយ​​​ដែល​​មាន​​​សមាស​​​ភាព​​​​​​​​លោក មឿន តុលា និង​​សហ​សេវិក​ប្រមាណ​​​ជាង​​​​១០​នាក់​​​មកពី​ CLEC ​​នឹង​​​ចាប់​ផ្ដើម​​​​នៅ​ថ្ងៃ​សុក្រ​ ជា​​​​​​​​មួយ​​​​​​​​​នឹង​​​​​​គោល​​​បំណង​​​​ផ្លាស់​​ប្ដូរ​រឿង​នោះ​។ មជ្ឈមណ្ឌល​​ដើម្បី​សម្ព័ន្ធ​​​ការ​ងារ និង​សិទ្ធិ​មនុស្ស​ (Center for Alliance of Labor and Human Rights) ឬ​​ហៅ​កាត់​​​​​​​ថា ​Central ​ចង់​​​​​នាំ​ក្រុម​ទាំង​នោះ​ឲ្យ​​​មក​​​នៅ​ក្រោម​ដំបូល​តែ​មួយ​​​ដោយ​សង្ឃឹម​ថា ឥទ្ធិពល​នៃ​​ចំនួន​មនុស្ស​ច្រើន​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ការ​ងារ​ដែល​​​ពួក​​​គេ​​​​​​មិន​អាច​ទទួល​បាន​​ដោយ​​​ខ្លួន​ឯង​។ ប៉ុន្តែ​​​​អ្វី​​​ដែល Central ​​​​នឹង​​​ផ្ដោត​​​ជា​​​សំខាន់​​​​​គឺ​​វិស័យ​កាត់​ដេរ​​​​​​ក្នុង​​​​ប្រទេស​​ ដែល​ស្ថាបនិក​របស់​ខ្លួន​ជឿ​ថា ចលនា​ការ​ងារ​ដ៏​ធំ​មួយ​ ប៉ុន្តែ​ដែល​មាន​ការ​បែក​បាក់​សាមគ្គី​ អាច​​គ្រប់គ្រង​ ​​​និង​​​​​​ប្រើ​​​ប្រាស់​​​បាន​​តាម​រយៈ​​ការ​​ផ្ដល់​​​អំណាច​​បន្ថែម​​​​​​ទៅ​​​​ដល់​​​ដៃ​របស់​​កម្មការិនី​​​ជិត​៧០០.០០០​នាក់​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ ​

រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក មឿន តុលា គឺ​​​ជា​​​​​​​​​អ្នក​​​ទទួល​បន្ទុក​បញ្ហា​ការ​ងារ​​នៅ​ CLEC ដែល​ជា​កម្មវិធី​មួយ​​ក្នុង​ចំណោម​កម្មវិធី​ស្នូល​ចំនួន​បួន​របស់​ខ្លួន​។ ប៉ុន្តែ​បន្ទាប់ពី​​ការ​ត្រួត​ពិនិត្យ​ជា​យុទ្ធសាស្ត្រ​លើ​ការ​ងារ​​របស់​ខ្លួន​​​ក្រោយ​ពី​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ ក្រុម​នេះ​យល់​ថា បញ្ហា​នេះ​​ត្រូវ​ការ​​​​​​​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ហើយ​ក៏​បាន​សម្រេច​ចិត្ត​​​​​​​​​​​​​​​​​​​​​​ថា វា​ជា​ការ​ល្អ​បំផុត​ដែល​​ត្រូវ​​បំបែក​ខ្លួន​​​​​​​ផ្ដាច់​​​ចេញពី​កម្មវិធី​នេះ​ដើម្បី​បង្កើត​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្ទាល់​ខ្លួន​​​​​​​ដោយ​​​​​​មាន​បុគ្គលិក​​​​ដំបូង​​​​​​ចំនួន​១៤​នាក់​ និង​​ថវិកា​ប្រចាំ​ឆ្នាំ​​ចំនួន​២០០.០០០​ដុល្លារ​។

លោក​មាន​ប្រសាសន៍​ថា “​អង្គការ​ថ្មី​នេះ​ផ្ដោត​លើ​ការ​រៀបចំ​​​អ្នក​ធ្វើ​ការ​​ របៀប​​​​យើង​​​សាង​បណ្ដាញ​មនុស្ស​​​មក​​​ពី​ឆ្លង​វិស័យ​ ​មិន​មែន​​​ត្រឹម​តែ​កម្មករ​​​​​​ប៉ុណ្ណោះ​​​​ទេ ​​​ថែម​ទាំង​យុវជន ​កសិករ ​។ល។ របៀប​យើង​ផ្ដល់​​​​​សិទ្ធិ​​​អំណាច​​ទៅ​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ។ ​​អ្នក​ធ្វើ​ការ​​យើង​កំណត់​និយម​ន័យ​​​​ថា​​​ជា​​​​​​អ្នក​​ដែល​មិន​ែមន​ជា​ម្ចាស់​ដើម​ទុន ប៉ុន្តែ​​​​​ពួក​​​គាត់​​​​ជា​អ្នក​ផលិត​​​​ដើម​ទុន​ ដែល​​ធ្វើ​ការ​​​​ងារ​​​ដើម្បី​​​ជួយ​អ្នក​មូល​ធន​​​​​​​ឲ្យ​មាន​បាន ប៉ុន្តែ​ពួកគាត់​មិនមែន​ជា​ម្ចាស់​ទ្រព្យ​​​សម្បត្តិ​ទាំង​នោះ​​ទេ​”។

ប៉ុន្តែ​​សូម្បី​​​​​​​​​នោះ​​​ក៏​​​ជា​​​​​​ចំនួន​ច្រើន​​​ដែរ​​​​​​​សម្រាប់​​​ក្រុម​មួយ​ចាប់​ផ្ដើម​។ ពួក​​​គាត់​ជឿ​ថា ពួកគាត់​នឹង​មាន​ឥទ្ធិពល​​​​ច្រើន​​​បំផុត ហើយ​​​​​​​​​​​អាច​​​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​​​តាម​រយៈ​​​ការ​ផ្ដោត​លើ​ឧស្សាហកម្ម​កាត់​ដេរ​​ដែល​មាន​ទំហំ​ទឹកប្រាក់​៥,៨​ពាន់​លាន​ដុល្លារ​​​ក្នុង​​​​ប្រទេស​​​កម្ពុជា និង​​ក្រុមហ៊ុន​យីហោ​ល្បីៗ​​​​​របស់​​​​ពិភព​លោក​ដែល​​​​​​បញ្ជា​ទិញ​​​​ទំនិញ​​​ពី​ទី​​​នេះ។

​ដូច​​លោក​ មឿន តុលា បាន​គូស​បញ្ជាក់​​​ហើយ​​​ថា រោង​​​ចក្រ​​​កាត់​ដេរ​​​មាន​កម្លាំង​ការ​ងារ​ឧស្សាហកម្ម​ធំ​​​បំផុត​នៅ​ក្នុង​​ប្រទេស​ ជា​កម្លាំង​ការ​ងារ​មួយ​​​ដែល​មាន​សហជីព​​​ច្រើន​​​​ណាស់​​​រួច​ទៅ​ហើយ​។ ប្រទេស​កម្ពុជា ​​​បាន​​ចុះ​ហត្ថលេខា​​​​ទទួល​​​ស្គាល់​​​​​អនុសញ្ញា​​​​​​សិទ្ធិ​​​ការ​ងារ​អន្តរជាតិ​ជាច្រើន​​ដែល​អាច​​ប្រើ​ប្រាស់​បាន​​ដើម្បី​ចាប់​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ។ ​​ហើយ​​​​​​សម្លៀក​​​បំពាក់​ភាគច្រើន​ដែល​រោង​ចក្រ​​​​​ផលិត​បាន​ ត្រូវ​នាំចេញ​ទៅ​អាមេរិក​ខាង​ជើង ​​និង​អឺរ៉ុប ​​​ដែល​​ទំនង​ជា​​​​​​​មាន​​​​​​ការ​​​​​​ខ្វាយ​ខ្វល់​​​​​​​អំពី​ស្ថានភាព​​​​​​ធ្វើ​ការ​របស់​កម្មករ​ខ្លួន​​​​ច្រើន​​​​​ជាង​​​​​​​​​ប្រទេស​​​​​​ចិន​​​។

​​លោក​បាន​លើក​ឡើង​ថា “​គោល​បំណង​របស់​យើង​គឺ​ដើម្បី​នាំ​​​​ក្រុម​ហ៊ុន​យីហោ​​​ល្បីៗ​ទាំង​អស់​រួបរួម​គ្នា​ចរចា​ជាមួយ​សហ​​​ជីពនៅ​ក្នុង​ប្រទេស​​​ជុំ​​​វិញ​​​​​​​ប្រាក់​ឈ្នួល​​​សម​​​រម្យ​​​​ដែល​អាច​រស់​បាន ព្រោះ​យើង​​​​​​ឃើញ​​​ថា ​រដ្ឋា​ភិបាល​​​​​​កំពុង​តែ​ស្ទាក់​ស្ទើរ​​​ក្នុង​ការ​​​ដំឡើង​​ប្រាក់​​​​ខែ​​​គោល​​​ដោយ​​​សារ​​​តែ​​​​​​​​ពួកគេ​​បារម្ភ​​​​​​ខ្លាច​​​​វិនិយោ​​គិន​​រត់​​​ទៅ​​​ប្រទេស​​​​ភូមា​​​​ ឬវៀតណាម​​ ឬ​ថៃ​។ ​ដូច្នេះ​​​​យើង​ចង់​ឃើញ​​ក្រុម​ហ៊ុន​យីហោល្បីៗ​ទាំង​នោះ​​បង្ហាញ​​​ការ​ប្ដេជ្ញា​​​ចិត្ត​ពិត​ប្រាកដ​​​របស់​​​ខ្លួន​​​​ថា ពួកគេ​​ប្ដេជ្ញា​​​ដំឡើង​ប្រាក់​ឈ្នួល ហើយ​​ប្ដេជ្ញា​​​វិនិយោគ​​រយៈ​ពេល​វែង​នៅ​ក្នុង​ប្រទេស​”។ ​​​​​​​​​​​​​​​​​

កាល​​​​​​ពី​​​​​​ពេល​​​ថ្មីៗ​​​​​នេះ សហព័ន្ធ​​សហជីព​​អន្តរ​​​​ជាតិ​ IndustriALL ​​ដែល​​​​​អះអាង​​​​​​ថា សហជីព​​​​​កម្ពុជា​​ មួយ​ចំនួន​​ជា​សាខា​​​​​​របស់​​​ខ្លួន បាន​​​​ចាប់​​​​​​ផ្ដើម​​គំនិត​​​ផ្ដួច​​​ផ្ដើម​​​មួយ​​​​​​​​ដើម្បី​​​ធ្វើ​​​​​​រឿង​​​បែប​​​​​​នោះ​​​​​​​​នៅ​​​​ប្រទេស​កម្ពុជា និង​​ទូទាំង​តំបន់​​ដើម្បី​​​​​​​​​​​​កុំ​​​ឲ្យ​​​ការ​​​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​​​​​នៅ​​​ក្នុង​​ប្រទេស​ណាមួយ​​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​ក្រុមហ៊ុន​​​​យីហោ​​​ល្បីៗ​​​​​​បង្វែរ​​​ការ​​​​បញ្ជា​ទិញ​​​របស់​ពួកគេ​ទៅ​​ប្រទេស​ជិត​ខាង។

​លោក ​​​មឿន តុលា មាន​​​ប្រសាសន៍​​​​​​ថា ​​ប៉ុន្តែ​​​​​នៅ​ប្រទេស​ដែល​​​ IndustriALL និង​​ក្រុម​ផ្សេង​ទៀត​​​ប្រកាន់​យក​របៀប​ដោះស្រាយ​​ពី​លើ​ចុះ​​ក្រោម​ ​អង្គការ​​ Central នឹង​ធ្វើ​ពី​​​ក្រោម​ឡើង​​​ទៅ​​​​លើ​។

លោក​​​​ថ្លែង​​​​ថា ”​រហូត​មក​ដល់​​ពេល​នេះ​សហជីព​​ខ្វែង​គំនិត​គ្នា​ណាស់​។ យើង​មាន​សហ​​ជីព​​ប្រហែល​​៣.០០០ ប៉ុន្តែ​​​​​​​​មាន​​​សហជីព​តែ​​​មួយ​​​ចំនួន​​​​​​តូច​​​​​​​ប៉ុណ្ណោះ​​​​​​ដែល​​​កំពុង​​តស៊ូ​ដើម្បី​​បាន​ការ​ដំឡើង​ប្រាក់​​​ឈ្នួល​​​។ល។​ ​ហើយ​សូម្បី​​​ក្នុង​ចំណោម​សហជីព​​​​​​​តិច​​​តួច​ដែល​​ជំទាស់​​​ទាំង​​​​​នោះ ក៏​​​​​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ដែរ។ ការ​​​ខ្វែង​គំនិត​គ្នា​ពី​ថ្នាក់​កំពូល​ វា​អាច​​ [ដោយសារ​] ការ​ចូល​រួម​មិន​សកម្ម​របស់​សមាជិក។ ​បើ​សមា​​​​ជិក​​យល់​រឿង​ហ្នឹង​ ហើយ​ពួក​​​គាត់​​​​​​ចូល​រួម​​​កាន់​​​​តែ​​​សកម្ម​​​ ពួក​​​គាត់​​​​អាច​​​​​​​ចាប់​​​ថ្នាក់​ដឹកនាំ​កំពូល​​ៗ​​​ឲ្យ​​​ទទួល​​ខុស​ត្រូវ​ ​រួបរួម​គ្នា”។

លោក ​​​មឿន តុលា ​​​​បាន​មាន​​​ប្រសាសន៍​​​​ថា “​ Central ជា​​វេទិកា​​​​​សម្រាប់​​​​បង្រួបបង្រួម​​សហ​ជីព​​ផ្សេងៗ​​​គ្នា​​។ យុទ្ធសាស្ត្រ​របស់​យើង ​​​គឺ​​​​ដើម្បី​​​​​ផ្ដល់​​​សិទ្ធិ​​​​អំណាច​​ដល់​​​​​ប្រជា​​​ជន​​​​សាមញ្ញ​ ដូច្នេះ​​​​​ប្រជា​​​ជន​​​សាមញ្ញ​​​ចាំបាច់​ត្រូវ​ប្រាប់​​​​សហ​​ជីព​ជាតិ​​​​​​​ ឬ​​​សហ​​​ជីព​​​នៅ​​​ក្នុង​​​តំបន់​​​អំពី​​​អ្វី​ដែល​ត្រូវ​ធ្វើ។ យើង​ត្រូវ​​ទទួល​​ស្គាល់​ថា ​សហជីព​​​ដែល​​​មាន​​​​​លក្ខណៈ​​​​ប្រជា​​​ធិប​តេយ្យ​​​គឺ​មិន​មែន​​[ជា​សហជីព​មាន​] អំណាច​​ពី​លើ​ទេ​ គឺ​​​ចាប់​​​​ពី​ក្រោម​​​ឡើង​​​ទៅ​​​”។

Central ចង់​ឲ្យ​សហជីព​​ដែល​មាន​​សមាជិក​​នៅ​ក្នុង​រោងចក្រ​នីមួយៗ​​​​ដែល​​ផ្គត់​ផ្គង់​​​ដល់​​​​​ក្រុម​​​ហ៊ុន​យីហោ​​​​ល្បីៗ​មាន​ប្រភព​មក​ពី​​ប្រទេស​​​​កម្ពុជា ធ្វើ​ការ​រួម​គ្នា​​ និង​​ផ្ដោត​ការ​ខិត​​ខំ​របស់​ខ្លួន​​​លើ​ក្រុមហ៊ុន​​​​យីហោ​​​​ល្បីៗ​ទាំង​នោះ។ កម្មករ​​​​នឹង​​អាច​​​ចុះ​ហត្ថលេខា​លើ​​​ញត្តិ​​តាម​អុីន​​​ធើ​​​ណិត​​​ដើម្បី​តវ៉ា​​​​ចំពោះ​​​​ការ​​រំលោភ​បំពាន​​​​នៅ​កន្លែង​ធ្វើ​ការ ហើយ​ចូល​រួម​​​ការ​​​បណ្ដុះ​បណ្ដាល​​​ដើម្បី​ថត​រូប​ និង​ថត​​​វីដេអូ​​​​ស្តីពី​​​ការ​បំពាន​ច្បាប់​ណាមួយ។

លោក វីលៀម ខុនគ្លីន នាយក​​ប្រចាំ​ប្រទេស​​​​​​​​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព ដែល​​​ជា​​​​អង្គ​​​ការ​​​​សិទ្ធិ​ការងារ​​​មាន​មូលដ្ឋាន​នៅ​​​​​​​សហ​​​រដ្ឋ​​​អាមេរិក​ បាន​ស្វាគមន៍​ផែនការ​របស់​ Central ហើយ​​​​បាន​យល់​ស្រប​ថា ​ចលនា​​សហជីព​របស់​​ប្រទេស​កម្ពុជា មាន​​​ភាព​​​ផុយ​​​ស្រួយ​​​ខ្លាំង​​ដែល​​​ធ្វើ​​​ខូច​ប្រយោជន៍​របស់​កម្មករ។

ដោយ​មិន​​​​និយាយ​​​អំពី​​​​រឿង​នយោបាយ លោក​​​​​​​​​​​​​មាន​​​ប្រសាសន៍​​​​ថា ”មាន​ការ​បែក​បាក់​គ្នា​​ដោយសារ​មនោគមវិជ្ជា​ បុគ្គលិក​លក្ខណៈ​ ​​វិស័យ ឬ​មូលហេតុ​មួយ​ចំនួន។ ចំពោះ​អ្នក​សង្កេតការណ៍​ខាង​ក្រៅ​វិញ​​​យល់​​​ថា វា​​ហាក់​ដូច​ជា​​​​រឿង​​​មួយ​​​​​​ដ៏​​​ស្មុគស្មាញ​​…​វា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ​​​ដោយ​​​​​មិន​​​ចាំ​​​​​​​​​សង្ស័យ​​​”។

លោក​​​បាន​​​បន្ត​​​​ថា ក៏​មាន​ “​សក្ដានុពល​​មិន​ទាន់​យក​​​មក​​​​ប្រើ​ជាច្រើនដែរ​​​នៅ​​​​​​ក្នុង​ការ​​ដាក់​សម្ពាធ​ថែម​ទៀត​​លើ​ក្រុមហ៊ុន​​​យីហោ​​​​ល្បីៗ។ ​​ក្រុមហ៊ុន​យីហោ​​​ល្បីៗ​បាន​​​និយាយ​​រឿង​ដដែល​​​​​​នេះ​​​ជា​​​យូរ​មក​ហើយ។ ប៉ុន្តែ​ពួកគេ​​​បាន​ធ្វើ​តិច​​​តួច​ណាស់​ ហើយ​​យក​រួច​ខ្លួន”៕សុខុម និង​ និត

The post NGO ថ្មី​​មួយ​ នឹង​ផ្ដោត​​​លើ​​​​​​ការ​​​ងារ និង​ប្រាក់​ឈ្នួល​ដែល​អាច​រស់​បាន​ appeared first on ខេមបូឌា ដេលី.