ឃាត់​ខ្លួន​​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​​សកម្ម​ម្នាក់​ ដកហូត​​​ថ្នាំ​ញៀន​​៦​កូន​ថង់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​តែងតែ​ដាក់​បញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញក៏​ដូច​ជា​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​/​ក្រុង ឲ្យ​ក្តាប់​ និង​ស៊ើបអង្កេត​មុខសញ្ញា​ជួញដូរ លក់​ចែកចាយ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ផា​ន់ វ​ណ្ណា​រ័​ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ នៅ​វេលា​ម៉ោង​៤ ​និង​៤០​នាទី​ ថ្ងៃ​ទី​៣០​ ធ្នូ ​២០១៥ ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនចុះ​ប្រ​តិប​ត្តិ​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​រថភ្លើង ទល់មុខ​សាលារៀន​ព្រហូត ស្ថិត​ក្នុងភូមិ​ព្រហូត សង្កាត់​អូរ​អំបិល  ក្រុង​សិរី​សោភ័ណ ​។

លោក​វរសេនីយ៍ទោ​ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យនគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ លឹ​ម ប​ណ្តុ​ឡ​ហៅ​ទី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​ ។​

ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​៦​កូន​ថង់​តូច ទម្ងន់​ស្មើ ១.៣​ក្រាម និង​ទូរ​ស័​ព្ទ​ដៃ​១​គ្រឿង​ ៕

    ​