២​ថ្ងៃ ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ក្រុង​បាត់ដំបង ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់ កាល
ពី​​វេលា​ម៉ោង​០៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ច្រនាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​សាំង ស៊ន ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ ដោយ​ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ មាន​ទំហំ​៨​ម៉ែត្រ គុណ​១៦​ម៉ែត្រ ។ ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ជាបឋម​ថា ក្នុង​នោះ​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង និង​ម៉ូតូ​១​គ្រឿង ។

ដោយឡែក កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ក៏​មាន​ករណី​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​ដែរ មាន​ទំហំ​៧​ម៉ែត្រ គុណ​៩​ម៉ែត្រ ដោយ​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ផ​ន រិ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។ ឆេះ​អស់​លុយ​ខ្មែរ​ចំនួន​៧​លាន​រៀល​, ប្រាក់​ដុល្លារ​៥​ពាន់​ដុល្លារ រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំងស្រុង​តែ​ម្ដង ។

បើ​តាម​ម្ចាស់ផ្ទះ​ទាំង​២​ខាងលើ​អះអាង​ថា អគ្គិភ័យ​នេះ​គឺ​កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ដូច​គ្នា ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​ជួយ​ទាន់​នោះ​ទេ ។