លោក​កឹម​សុខា ឧទ្ទិស​ដល់​ឆ្នាំ​ថ្មី នាំមក​នូវ​ការរួបរួម បញ្ចប់​ជម្លោះ​រវាង​អ្នកនយោបាយ​ខ្មែរ​

ភ្នំពេញ: ​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក​កឹម​សុខា បានចេញ​សារ​វិ​ដេ​អូ​ខ្លី​មួយ ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥ ចូលឆ្នាំ​២០១៦​។ ក្នុង​សារ​នោះ លោក​កឹម​សុខា បាន​ឧទ្ទិស​ដល់​ឆ្នាំ​ថ្មី នាំមក​នូវ​ការរួបរួម បញ្ចប់​ជម្លោះ​រវាង​អ្នកនយោបាយ​ខ្មែរ​។​

​លោក​កឹម​សុខា បាន​លើកឡើងថា "... សូម​ឲ្យ​មាតុភូមិ​កម្ពុជា ជាទី​ស្នេហា​របស់​យើង ទទួលបាន​នូវ​សុខសន្តិភាព និង​ការរីកចម្រើន​ជា​រៀងរហូត​តរៀង​ទៅ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ ខ្ញុំ​សូម​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ បញ្ឈប់​នូវ​ការ​គុំ​គួ​ន​សងសឹក នូវ​ការគំរាមកំហែង នូវ​ការបំភិតបំភ័យ ជាពិសេស​នាំគ្នា ជួបគ្នា ជជែក​គ្នា ធ្វើយ៉ាងណា ដើម្បី​បញ្ចប់​នូវ​កំដៅ​នយោបាយ ដែល​កំពុង​កើតមាន ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង ភ័យខ្លាច​បច្ចុប្បន្ននេះ​"​។​

​លោក កឹម​សុខា បន្តថា "​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ គឺ​សូម​ឲ្យ​នាំមក​នូវ​សុខសន្តិភាព ការបង្រួបបង្រួម​ជាតិ ការផ្សះផ្សារ​ជាតិ ដើម្បី​ឈានទៅរក​ការជឿទុកចិត្ត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង មាន​ក្តីសង្ឃឹម​ពី​វាសនា​អនាគត​របស់​ពួកគាត់ ជាពិសេស​ដើម្បី​ឲ្យ​យុវជន​ខ្មែរ អាច​ទទួលបាន​នូវ​អនាគត​ដ៏​រុងរឿង ទៅ​ថ្ងៃមុខ​។ ដូច្នេះ យើងទាំងអស់គ្នា​ជា​ខ្មែរ ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជាធំ​"៕

សារជូនពរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០១៦

ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦នេះ ខ្ញុំ កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សូមជូនពរបងប្អូនជនរួមជាតិខ្មែរ សូមទទួលបានសេចក្ដីសុខ សន្តិភាព សិទ្ធិ សេរីភាព និងសុភមង្គលគ្រប់ៗគ្នា៕

Posted by Kem Sokha on Wednesday, December 30, 2015