ដាច់​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី​៖ លោក ហ៊ុន ម៉ា​នី ប្រកាស​ពី​បំណង​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី

ភ្នំពេញ: លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​កូនប្រុស​ពៅ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បានប្រកាស​ពី​បំណង ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​។ តាម​លោក​ហ៊ុន​ម៉ា​នី ក្លាយជា​នាយករដ្ឋមន្ត្រី គឺជា​គោលបំណង​របស់លោក ក៏ដូចជា​គោលបំណង​របស់​យុវជន​ដទៃទៀត​។​

​លោក​ហ៊ុន​ម៉ា​នី បាន​ថ្លែង​ដូច្នេះ នៅក្នុង "​វេទិកា​សង្គម និង​នយោបាយ​" របស់​វិទ្យុ​វាយោ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក ហ៊ុន​ម៉ា​នី បាន​បញ្ជាក់ថា "​តាមពិតទៅ បើសិនជា​ខ្ញុំ ជា​លក្ខណៈ​បុគ្គល និង​ជា​យុវជន​ខ្មែរ​មួយរូប ខ្ញុំ​គិតថា ក្លាយជា​នាយករដ្ឋមន្ត្រី គឺជា​គោលបំណង​របស់ខ្ញុំ ក៏ដូចជា គោលបំណង​របស់​យុវជន​ដទៃ​ថែមទៀត​ដែរ​។ តែ​ខ្ញុំ​សូមបញ្ជាក់ថា ហេតុអ្វី​? ព្រោះថា ក្លាយទៅជា​នាយករដ្ឋមន្ត្រី ខ្ញុំ​គិតថា យុវជន​និ​មួយៗ គួរតែ​ដាក់​សុ​បិ​ន្ត ដើម្បី​ទទួល​នូវ​តួនាទី​នេះ​។ ព្រោះថា តួនាទី​ជា​នាយករដ្ឋមន្ត្រី មិនមែន​គឺជា​ឋានៈ​ទេ ក៏ប៉ុន្តែ គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង ក្នុង​ការបម្រើ​ប្រទេសជាតិ ដោយមាន​ភាព​ទទួលខុស​ត្រូវ ហើយ​និង​ដើម្បី​ធ្វើយ៉ាងណា ជាការ​នាំ​ទិស និង​ការថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជា​បន្ត​ថែមទៀត​"​។​

​លោក ហ៊ុន​ម៉ា​នី បន្តថា "​ផ្ទុយទៅវិញ តួនាទី​នេះ ( នាយករដ្ឋមន្ត្រី ) គឺជា​កិត្តិយស​ទេ ដូចជា​យុវជន​យើង ខំប្រឹងប្រែង​លះបង់​ជួយ​រាជរដ្ឋាភិបាល ដល់​សង្គម​។ ការ​ខំប្រឹង​ប្រែង ឬក៏​ដាក់​គោលបំណង​ជា​សុ​បិ​ន្ត ឲ្យ​ក្លាយទៅជា​នាយករដ្ឋមន្ត្រី គឺជា​មហា​កិត្តិយស ក្នុង​ការបម្រើ​ប្រទេសជាតិ និង​ការបម្រើ​ប្រជាជន​ទាំងមូល​នោះទេ មិនមែន​គឺជា​ឋានៈ ដើម្បី​ឋានៈ​នោះទេ​"​។​

​ជាការ​កត់សម្គាល់ ការប្រកាស​ពី​គោលបំណង​របស់លោក​ហ៊ុន​ម៉ា​នី ក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រី នៅពេល​ដាច់​ឆ្នាំ​ចាស់ ឈាន​ចូលឆ្នាំថ្មី ឆ្នាំ​២០១៦ នាពេលនេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយពី​លោក​ហ៊ុន​ម៉ា​ណែ​ត បងប្រុស​របស់លោក មិនបាន​ឆ្លើយ​ឲ្យ​ច្បាស់​តប​នឹង​សំណួរ​របស់​ស្ត្រី​អ្នកកាសែត​ទូរទស្សន៍ ABC របស់​អូស្ត្រាលី អំពី​បំណង​ជា​នាយករដ្ឋមន្ត្រី បន្តវេន​ពី​ឪពុក​របស់លោក​នោះឡើយ​៕​