ប្រទះ​ឃើញ​សព​ទារិកាម្នាក់អណ្តែត​ក្នុង​ទឹក​ព្រែក​កំពង់​បាយ​ ក្រុង​កំពត​

​ខេត្តកំពត ​៖​ ​​សព​ទារិកា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញអណ្តែត​ក្នុង​ទឹក​ព្រែក​កំពង់បាយមក​ទើរ​ក្បែរ​ច្រាំង​ត្រើយ​ខាងលិច​ជិត​គល់​ស្ពាន​ឥន្ធ​នូ​(​ស្ពាន​ចាស់​)​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់មនុស្ស​ម្នារ​មក​មើល​កកកុញ​ទាំង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​​ កាលពី​វេលា​ម៉ោង​៨ និង១៥​ព្រឹក ​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៥ ​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

តាម​ប្រភព​ព័​ត៌​មាន​ពី​កុមា​រា​ពីរ​នាក់​ដែល​ឃើញ​សាកសព​ទារិកា​ ហើយ​ចុះ​ទៅ​ស្រង់​ឡើងគោក ​រួចរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ដើរ​នៅ​លើ​ខឿន​ថ្ម​ក្បែរមាត់ច្រាំង​មក​ឈរ​បត់ជើងតូច ពេល​ខ្លួន​មើលទៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​សំរាមអណ្តែត​ផង​នោះ​​​ស្រាប់​តែប្រទះ​ឃើញ​សព​ទារិកា​អណ្តែត​ក្នុង​ទឹក​ក្បែរ​សំរាម ។

បន្ទាប់មករូប​គេ​មាន​គ្នា​ពីរ​នាក់​ក៏​នាំ​គ្នា​ចុះ​ទៅ​ស្រង់​ឡើង​ក្រែង​ទារិកា​នោះ​នៅ​រស់ ប៉ុន្តែ​ពេល​ស្រង់​នោះ​ទើប​ដឹង​ថា​ ទារិកា​នោះ​មិនដឹង​ស្លាប់​ពី​ពេល​ណា​មក​នោះ​ទេ ហើយ​ខ្លួន​បាន​ដាក់​សព​ទារិកា​នោះ​លើ​ខឿន​ថ្ម​ក្បែរមាត់ច្រាំង ​រួចរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​ច្រាំង​នោះ​ឲ្យ​មក​មើល​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​។

លោក​ឈុ​យ ​ឆូ​ង​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​ពិនិត្យ​សាកសួរ​បុគ្គលិក​ពេទ្យ​នៅ​សាល​សម្ពព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យប្រាប់​ថា ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​នេះ​គ្មាន​ឃើញ​ស្ត្រី​ជា​ជនអនាថា ​ឬ​មនុស្ស​វិកល​ច​រឹត​ចូល​មក​សំរាល​ទេ ដូច្នេះ​លោក​សង្ស័យ​ក្រែង​មាននៅ​តាម​មណ្ឌល​សុខភាព​នានា ​ពីព្រោះ​សព​ទារិកា​រូប​នេះ​គេ​ពិនិត្យ​ឃើញ​កាត់​ទង​ផ្ចឹ​ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​ពេទ្យ​។

រីឯ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព សមត្ថកិច្ច​អាច​សន្និដ្ឋាន​ថា សាកសព​ទារិកា​នេះ​​អាចត្រូវ​ម្តាយ​​បោះចោល​ទាំង​រស់ ពីព្រោះ​នៅ​លើ​ខ្លួន​សព​នៅ​ស្អាត​ទាំង​អស់ហើយ​ទារិកា​នេះ​មានព្រលឹង​ទៀត​ផង​៕