Pacquiao នឹង​ត្រូវ​ប្រកួត​ជា​មួយ Bradley នៅ​ខែ​មេ​សា

កីឡាករ​ប្រដាល់​ដ៏​ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao នឹង​វិល​ទៅកាន់​សង្វៀន​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​មេ​សា ក្នុង​ទីក្រុង Las Vegas ដើម្បី​ជួប​ប្រកួត​ជា​មួយ​នឹងកីឡាករ Timothy Bradley​។

pac-manនេះបើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Bob Arum ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត ទៅកាន់​បណ្តាញ​សារ​ព័ត៌​មាន​​សហ​រដ្ឋ​អាមេ​រិក​កាល​ពី​ថ្ងៃ​ពុធ​។ ខណៈ​ដែល​ Pacquiao បាន​និយាយ​​ពីការ​ចូល​និវត្តន៍នៅ​ឆ្នាំ​នេះ ក្រោយពីការ​ប្រកួតនៅ​ខែ​មេ​សា​ដើម្បី​​ផ្តោត​ទៅលើ​អាជីព​​នយោ​បាយ​របស់​គេ លោក Arum បាន​​ប្រាប់​កា​សែត Los Angeles Times និង ESPN ថា លោក​​នឹង​មិន​​ចាត់​ទុក​ថា ​ការ​ប្រកួតនេះ​គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់ Pacquiao​ ឡើយ​។ លោក Arum បាន​ប្រាប់ ESPN ថា៖ «វា​អាច​នឹងក្លាយ​ជា​ការ​ប្រកួត​ជាលើក​ចុង​ក្រោយ​របស់​គេ ប៉ុន្តែ ខ្ញុំនឹង​មិន​ធ្វើ​ឲ្យខ្លួន​ខ្ញុំផ្ទាល់​ស្ថិត​នៅ​ទី​តាំង​​នៃ​ការ​ចាត់​ទុក​ថា ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឡើយ ហើយ​បន្ទាប់​មក រូប​គេនឹង​សម្រេច​ចិត្ត​ថា គេ​ចង់​ប្រកួត​ម្តង​ទៀត ហើយ​នោះ​ខ្ញុំនឹង​​ហាក់​ដូច​ជា​​មនុស្ស​ភ្លើ​អ៊ី​ចឹង​»​។ ក្នុងនាម​ជា​សមា​ជិក​​​សភា​ម្នាក់​កាល​ពី​ឆ្នាំ​២០១០ Pacquiao បាន​ប្រកាស​កាលពី​ខែ​តុលា​ថា រូប​គេនឹង​​ប្រជែង​រក​កៅ​អី​ក្នុង​​ព្រឹទ្ធ​ស​ភា​របស់​ហ្វី​លីពីន​ក្នុង​ឆ្នាំ​២០១៦​។ កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ ដែល​មានកំណត់​ត្រា​ឈ្នះ​៥៧​​លើក ចាញ់​៦​លើក ស្មើ​២លើក ក្នុងនោះ​បានផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៣៨​លើក មិន​ធ្លាប់​ប្រកួត​សោះ​បើគិត​ចាប់​តាំង​ពី​ការ​បរា​ជ័យ​ដោយ​ពិន្ទុកាល​ពី​​ថ្ងៃ​ទី​២ ខែ​ឧស​ភា ក្រោម​ស្នា​ដៃ​កីឡាករ​មិន​ស្គាល់​ឈ្នះ​សោះ Floyd Mayweather ក្នុង​ការ​ប្រកួត​មួយ​ដែល​រក​បាន​ប្រាក់​ចំណូល​​ច្រើន​បំផុតក្នុង​កីឡា​នេះ​​។ ពួកគេ​បាន​ទទួល​ជ័យ​ជម្នះ​ម្នាក់​មួយលើកក្នុង​ចំណោម​ការ​ជួប​គ្នា​ទាំង​២លើក​​របស់​ពួក​គេ ហើយ Bradley មានកំណត់​ត្រា​ឈ្នះ​៣៣លើក ចាញ់​១​លើក និងស្មើ​១​​លើកក្នុង​អាជីព​ប្រដាល់​របស់​គេ​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia