អាជ្ញាធរខេត្ត​ត្បូងឃ្មុំ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​គាស់​ដើមត្នោត​លក់​ឲ្យ​យួន​

​នៅពេលដែល​ករណី​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក ខេត្តស្វាយរៀង គាស់​ដើមត្នោត​លក់​ឲ្យ​យួន បង្ក​ឲ្យ​មាន​ប្រ​ត្តិ​កម្ម​ជុំ​ទិស​នោះ ឥឡូវនេះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​ធ្វើ​សកម្មភាព​គាស់​ដើមត្នោត​លក់​ឲ្យ​យួន​ក្នុងតម្លៃ​ដ៏​ទាប​ដោយ​មិន​គិតគូរ​ពី​ការបាត់បង់​អត្តសញ្ញាណ​ជាតិខ្មែរ​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រួយបារម្ភ​ពី​ការបាត់បង់​ដើមត្នោត​តាម​ព្រំដែន​ខ្មែរ​-​យួន បន្ទាប់ពី​ពួកគាត់​ឃើញ​មាន​ឈ្មួញ​ទិញ​ដើមត្នោត​នៅ​តំបន់​ផ្សេងៗ រួច​គាស់​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​នៅក្បែរ​ប៉ុស្តិ៍​ព្រំដែន​យួន​ក្នុងភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ ក្នុងខណៈដែល​ដើមត្នោត​ត្រូវបាន​បំផ្លាញ​យ៉ាង​មហន្តរាយ​។​

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ករណី​គាស់​ដើមត្នោត​លក់​ឲ្យ​យួន ព្រោះ​ដើមត្នោត​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ​។ ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ដើមត្នោត​ដែល​គាស់​រួច​ទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ុស្តិ៍​យាម​របស់​យួន​ឈ្មោះ​ប៉ុស្តិ៍​ជ្រៃ ចំណុះ​ឲ្យ​ប៉ុស្តិ៍​៨១៩​ក្នុង​ទឹកដី​យួន​បាន​កើតឡើង​រយៈពេល​ប្រមាណ​១​ខែ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដើមត្នោត​ទាំងនោះ​អាច​ត្រូវ​ក្រុម​ឈ្មួញ​គាស់​ដឹកជញ្ជូន​មកពី​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម​ផងដែរ ដោយ​ក្នុង​១​ដើម​មានតម្លៃ​ត្រឹមតែ​៥​ទៅ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺ​ថោក​បំផុត​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ជាំ ស្រុក​មេមត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ករណី​ឈ្មួញ​គាស់​ដើមត្នោត​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​យួន​ដោយ​ស្តុក​ទុក​នៅក្នុង​ចម្ការកៅស៊ូ​របស់​យួន​ក្បែរ​ព្រំដែន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ករណី​បំផ្លាញ​ដើមត្នោត​ដែលជា​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ដើមត្នោត​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រសិនបើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​ដើមត្នោត​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង​ជា​រុក្ខជាតិ​មាន​ប្រយោជន៍​ច្រើនយ៉ាង ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ​នោះទេ​៕

ka565565fhjkaលោក បា្រជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ
8e0bac03-c2d0-4364-9a2d-4057e680d806