ជនជាតិ​យួន​នៅតែ​អាច​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ខេត្តកំពត យ៉ាង​គឃ្លើន​

ប្រជា​នេសាទ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពត បាន​រិះគន់ថា ដោយសារតែ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​នគរបាល​ព្រំដែន​ទឹក​ទើប​ជនជាតិ​យួន​អាច​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្តកំពត តាម​អំពើ​ចិត្ត​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពត មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​ករណី​ទូក​នេសាទ​របស់​ជនជាតិ​យួន​បំពាន​ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​នោះទេ​។ ជាងនេះទៅទៀត​អ្នកនេសាទ​ជនជាតិ​យួន​តែងតែ​ប្រឈមមុខ​និង​បង្ក​អំពើហិង្សា​ជាមួយ​អ្នកនេសាទ​ខ្មែរ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រជា​នេសាទ​សហគមន៍​ត្រើយ​កោះ​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​ភាព​អសកម្ម​របស់​មេ​រដ្ឋបាល​ជលផល​ខេត្តកំពត​ជាបន្ទាន់ ព្រោះ​មាន​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្តកំពត ជាប់​ពាក់ព័ន្ធ​ករណី​បើកដៃ​ឲ្យ​អ្នកនេសាទ​យួន​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​។ ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ ក៏​គួរពិនិត្យមើល​ភាព​អសកម្ម​របស់​នគរបាល​ការពារ​ព្រំ​ដែនទឹក​ក្នុង​ខេត្តកំពត​ផងដែរ ដោយហេតុ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​នគរបាល​ការពារ​ព្រំ​ដែនទឹក​ទេ គឺ​ទូក​នេសាទ​របស់​ជនជាតិ​យួន​មិនអាច​បំពាន​ចូលក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បានឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ មាន​ហេតុការណ៍​ប្រឈមមុខ​ដាក់គ្នា​រវាង​អ្នកនេសាទ​ជនជាតិ​យួន​និង​ប្រជា​នេសាទ​ខ្មែរ​នៅក្នុង​ដែនសមុទ្រ​ខ្មែរ​។ ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ប្រជា​នេសាទ​សហគមន៍​របស់លោក​ចេញទៅ​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ភូមិសាស្ត្រ​ខេត្តកំពត ហើយ​ប្រទះឃើញ​អ្នកនេសាទ​ជនជាតិ​យួន​ធ្វើ​សកម្មភាព​នៅ​ចំណុច​ខាងកើត​ភ្នំ​ដូង និង​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ជនជាតិ​យួន​ដែល​ប្រដាប់​ដោយ​កាំបិត​និង​ដាវ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​អះអាងថា លោក សរ សារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត គឺជា​អ្នកទទួលខុសត្រូវ​រឿង​ជនជាតិ​យួន​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​លើ​មន្ត្រី​អសកម្ម​រូបនេះ​ជាបន្ទាន់​៕

944394_1649370668645760_1819513700297178555_nលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល
image