លោក សម រង្ស៊ី បន្ត​ពន្យល់​ពី​នយោបាយ​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​

បន្ទាប់ពី​បានលើកឡើង​ភាគ​ទី ១ និង​ទី​២ ក្នុងចំណោម​ភាគ​សរុប​ទាំង​៥ ក្នុង​នយោបាយ និង​វិធានការ​សេដ្ឋកិច្ច​ចាំបាច់​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​មក​នោះ នៅថ្ងៃនេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​បន្ត​លើកឡើង​ភាគ​ទី​៣​បន្តទៀត​។ លោក សម រង្ស៊ី បាន​អះអាងថា លោក​នឹង​បកស្រាយ អំពី​នយោបាយ និង​វិធានការ​សេដ្ឋកិច្ច ចាំបាច់​ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​សមរម្យ ដែលជា​ការឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា​។

​ភាគ​ទី ៣ គឺ តើ​ធ្វើ​យ៉ាងដូចម្តេច ដើម្បី​បង្កើន ផលិតភាព សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​? លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា ផលិតភាព ឆ្លុះបញ្ចាំង​ប្រសិទ្ធភាព ក្នុង​ផលិតកម្ម​។ ផលិតភាព​កាន់តែ​ខ្ពស់ ពេលណា​ផលិតផល​កាន់តែច្រើន ហើយ​មានតម្លៃ​កាន់តែ​ខ្ពស់​ដែរ តែ​ចំណាយ​ផ្សេងៗ​ទ្រទ្រង់​ផលិតកម្ម​នោះ កាន់តែ​តិច​។​

​ការបង្កើត​ការងារ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ធ្វើទៅបាន​ពេលណា​យើង​បង្កើន​ផលិតភាព នៃ​កសិកម្ម និង ឧស្សាហកម្ម​របស់​យើង ពីព្រោះ​ការបង្កើន​ផលិតភាព​នេះ គឺជា​ការបង្កើន​សមត្ថ​ភាព​ប្រកួតប្រជែង របស់​យើង ដើម្បី​អាច​ប្រកួត​ឈ្នះ​គេ​បាន លើ​ទីផ្សារ​អន្តរជាតិ​។ ប្រកួត​ឈ្នះ​គេ​បាន មានន័យថា យើង​អាច​បញ្ចេញ​ដាក់លក់​លើ​ទីផ្សារ​នូវ​ផលិតផល ប្រកបដោយ​គុណភាព​ខ្ពស់ ល្អ​មិន​ចាញ់​គេ ឬ​ល្អ​លើសគេ និង​ក្នុងតម្លៃ​ទាប​សមរម្យ លក់​មិន​ថ្លៃ​ជាងគេ ឬ​ថោក​ជាងគេ​។​

​ដើម្បី​បង្កើន​ផលិតភាព នៃ​ពលកម្ម​នៅ​ប្រទេស​កម្ពុជា យើង​ត្រូវ ៖ ទី​១- បណ្តុះបណ្តាល​ធនធានមនុស្ស ឲ្យ​មាន​ជំនាញ​បច្ចេកទេស ស្របទៅនឹង​សេចក្តីត្រូវការ របស់​ទីផ្សារ​អន្តរជាតិ​។ ទី​២- រៀបចំ​ប្រព័ន្ធ​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មី​មកប្រើប្រាស់​។ ទី​៣- ជំរុញ​ឲ្យ​បង្កើន​ទុនវិនិយោគ លើ​ឧបករណ៍ សម្ភារៈ និង បច្ចេកទេស​ទំនើប​បំផុត ក្នុង​ផលិតកម្ម​កែឆ្នៃ ក៏ដូចជា​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ស្រុក​គេ​មក​ស្រុក​យើង​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ក្នុង​វិស័យ​ទាំង ៣ ខាងលើនេះ រដ្ឋាភិបាល​សព្វថ្ងៃ​មិនអាច ធ្វើបាន​ត្រឹមត្រូវ​ទេ ដោយសារ​បញ្ហា​អភិបាលកិច្ច ខ្វះ​ចក្ខុវិស័យ ខ្វះ​ឆន្ទ​:​នយោបាយ ខ្វះ​សមត្ថភាព និង​ខ្វះ​ភាព​សុចរិត​។ ជាពិសេស ប្រព័ន្ធ​អប់រំ​សព្វថ្ងៃ មាន​កង្វះខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​អ្នកវិនិយោគទុន​សព្វថ្ងៃ ភាគច្រើន​ចេះតែ​សូកប៉ាន់ ហើយ​វិនិយោគ​ខុស​ទិសដៅ ដូចជា​ជួញដូរ​ដី និង​កាប់​ឈើ ដែលជា​សកម្មភាព ធ្វើ​នំ​អត់​ម្សៅ គ្មាន​បង្កើត​ការងារ​អ្វី​ទេ​ឲ្យ​ប្រជាពលរដ្ឋ​។ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន មាន​ការងារ​ល្អប្រសើរ​គ្រប់គ្នា ត្រូវតែ​ប្តូរ​នយោបាយ​សេដ្ឋកិច្ច​តែម្តង​។​

​ជុំវិញ​បញ្ហា​នេះ​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​ព័ត៌មាន​ជា​ចំណេះដឹង​។ ចំណេះដឹង​ជា​អាវុធ​ដ៏​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​។ ផ្លាស់ប្តូរ​មុនដំបូង គឺ​ក្នុង​ចិត្តគំនិត​របស់​ប្រជាពលរដ្ឋ​។ ផ្លាស់ប្តូរ​បន្ទាប់មក គឺ​ក្នុងសង្គម​តែម្តង ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ និង​ភាពរុងរឿង​៕

911fa074-0511-4c35-b1b8-72fd833708a0 1044863_1015969278459805_1160809495271428748_n