១០ ខែ ឆ្នាំ ២០១៥ ភ្ញៀវ​ទេសចរ​កើន​ ៤.៦ %


១០ ខែ ឆ្នាំ ២០១៥ ភ្ញៀវ​ទេសចរ​កើន​ ៤.៦ %

គិត​ត្រឹម​រយៈ​ពេល​ ១០ ខែ ឆ្នាំ ២០១៥ គឺ​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣ លាន ៨ សែន បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ គឺ​កើន​ឡើង ៤.៦ %។ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោក គង់ សុភារក្ស​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍។

 

លោក សុភារក្ស បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​កម្ពុជា​ច្រើន​ជាង​គេ គឺ​ជនជាតិ​វៀតណាម, ចិន, កូរ៉េ, ឡាវ, ថៃ, អាមេរិក និង ជប៉ុន។ កំណើន​ភ្ញៀវ​ទេសចរ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរ​ខ្មែរ​ទៅ​លើ​ឆាក​អន្តរជាតិ​ ពង្រីក​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង និង ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង សន្តិសុខ​ល្អ។

 

ទោះ​យ៉ាង​ណា​ ឆ្នាំ​ ២០១៥ តួលេខ​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្ត​សៀមរាប​បាន​ធ្លាក់​ចុះ ១០ % ឯ​ភ្នំពេញ​កើន​ឡើង​គំហុក បន្ទាប់​មក​តំបន់​ឆ្នេរ ដែល​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ច្រើន។

 

 

១០ ខែ ឆ្នាំ ២០១៥ ភ្ញៀវ​ទេសចរ​កើន​ ៤.៦ %

 

 

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ លោក សុភារក្ស ប្រាប់​ថា វា​អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​ប្រទេស​ក្បែរ​ខាង គឺ​ភ្ញៀវ​ទេស​ចរ​ភាគច្រើន​​ដែល​ទៅ​លេង​អង្គរ​ចេញ​ពី​ប្រទេស​ថៃ តែ​ឥឡូវ​ច្រក​ប៉ោយ​ប៉ែត​ភ្ញៀវ​ទេស​ចរ​ចូល​មក​តាម​ច្រក​នេះ​បាន​ធ្លាក់​ចុះ។ ឯ​ភ្នំពេញ​កើន​ឡើង​ខ្លាំង​ដោយសារ​តែ​ភាគច្រើន​ភ្ញៀវ​ទេសចរ​ប្រភេទ​វិនិយោគិន។

 

ចំណូល​ពី​តំបន់​ទេសចរ​ឆ្នាំ ២០១៤ គឺ​ទទួល​បាន​ ២ ៧៣៦ លាន​ដុល្លារ ប៉ុន្ដែ ឆ្នាំ ២០១៥ នៅ​មិន​ទាន់​បូក​សរុប​នៅ​ឡើយ តែ​រំពឹង​ថា នឹង​កើន​ឡើង​ព្រោះ​ចំនួន​ទេសចរ​បាន​កើន​ឡើង​ជា​លំដាប់។ លោក ភារក្ស និយាយ។

 

ផែន​ការ​មេ​របស់​ក្រសួង​ទេសចរណ៍ គឺ​ចង់​ស្រូប​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ ៧លាន ៥ សែន​នាក់ នៅ​ក្នុង​ឆ្នាំ ២០២០។ លោក ភារក្ស​ បាន​បន្ថែម​ថា “យើង​មាន​ផែន​ការ​រួច​រាល់​ហើយ យើង​មាន​ជំនឿ​ថា​យើង​អាច​ធ្វើ​បាន​អំពី​បញ្ហា​នេះ”៕​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា