អង្គការ NASA ទទួលបញ្ជាឲ្យផលិត យានរុករក ទីអវកាសឆ្ងាយៗ ឲ្យបាននៅឆ្នាំ ២០១៨

វ៉ាស៊ីនតោន៖ នៅចុងឆ្នាំ ២០១៥ នេះ អង្គការ NASA បានទទួលការងារដ៏សែន ឈឺក្បាលធំ មួយទៀតហើយ គឺការបញ្ជាពីសំណាក់ រដ្ឋាភិបាលអាមេរិក ឲ្យទីភ្នាក់ងារអវកាសលេខ ១លើ សកលលោកមួយនេះ កសាងឲ្យ បាននូវ ស្ថានីយ៍ស្រាវជ្រាវ ទីអវកាសឆ្ងាយៗ “habitation modul” ដែលអាចនាំយក អវកាសយានិក ទៅបំពេញ បេសកកម្ម ឲ្យបាននៅឆ្នាំ ២០១៨។

តាមពិតទៅ មហិច្ចតា របស់អាមេរិកនេះ ត្រូវបានសម្រេចចេញក្រោយកិច្ចប្រជុំសភា តាំងពី ដើមខែធ្នូ កន្លងមកនេះ ម្ល៉េះ ដោយថវិកាជាតិ ទៅកាន់អង្គការ NASA ត្រូវបានបង្កើនទៅដល់ ១,៣ ពាន់លានដុល្លារ ផងដែរ។ នេះជា ចំណាត់ការថ្មី ដែលនឹងជួយឲ្យ អង្គការនេះ ផលិតបាន នូវ ស្ថានីយ៍ថ្មី ដែលអាចចល័តទៅកាន់ទីអវកាសឆ្ងាយៗ នៅឆ្នាំ ២០១៨ ខាងមុខនេះ។

របាយការណ៍ថ្មី ពីគម្រោងរបស់អង្គការ NASA គឺយានខាងលើនេះ នឹងត្រូវចំណាយ ៥៥ លានដុល្លារសម្រាប់ ការសាងសង់ ឲ្យបានរួចរាល់។ នៅរយៈ ១៨០ ថ្ងៃ ទៀតអង្គការ ណាសា ត្រូវតែបញ្ជូនរបាយការណ៍ រៀបរាប់ពី គម្រោងរបស់ខ្លួន ដែលបានសម្រេចដល់កម្រិតណា ជូនទៅដល់សភា អាមេរិក ធ្វើការពិនិត្យ។ តាមពិតគម្រោង របស់ណាសា នេះ គ្រោងបញ្ចប់ នៅអំឡុងឆ្នាំ ២០២០ ប៉ុន្តែរដ្ឋបាលអាមេរិក ចង់បានឲ្យលឿនជាងនេះ។

គួរបញ្ជាក់ថា ការបង្កើតស្ថានីយ៍រុករកទីអវកាសឆ្ងាយៗ ជាតំណាក់កាលមួយ ក្នុងការសាក ល្បង នាំមនុស្សទៅកាន់ ទីលំហអាកាស មុននឹងអង្គការនេះ ចាប់ផ្តើមបំពេញបេសកកម្ម ជាផ្លូវការ ទៅកាន់ភពព្រះអង្គារ នៅឆ្នាំ ២០៣០៕

អង្គការ NASA ទទួលបញ្ជាឲ្យផលិត យានរុករក ទីអវកាសឆ្ងាយៗ ឲ្យបាននៅឆ្នាំ ២០១៨