អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០


អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០

ក្នុង​ចំណោម​សមិទ្ធិករ​ភាពយន្ត​ខ្មែរ​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់​ក្នុង​ទសវត្ស៦០ និង​៧០ នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​បន្ត​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។ ចំណែក សមិទ្ធិករ​ដទៃ​ទៀត​បាន​ស្លាប់ និង​ខ្លះ​ទៀត​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស។

 

១. ឯកឧត្ដម ម៉ៅ អាយុទ្ធ៖ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ ចន្លោះ​ឆ្នាំ ១៩៦០- ១៩៧០ លោក​បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​សម្រាប់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និង​អ្នក​ចម្រៀង​រួម​ជំនាន់​ផ្សេង​ទៀត។ ក្រៅ​ពី​នោះ​លោក​បាន​ផលិត​ភាពយន្ត​រឿង “បិទ​ភ្នែក​ហែក​ទ្រូង” ក្នុង​ឆ្នាំ ១៩៧៣។

 

ក្នុង​ឆ្នាំ ១៩៨៩ លោក​បាន​ចាប់​ផ្ដើម​ផលិត​ភាពយន្ត​ជា​ថ្មី គឺ​រឿង “ចិត្ត​ចង​ចាំ”។ ដល់​ឆ្នាំ ១៩៩០ លោក​ផលិត​រឿង “ចិត្ត​ចុង​ស្រល់”។ ឆ្នាំ ១៩៩១ ផលិត​រឿង “ឆ្អឹង​អណ្ដែត” និង​រឿង”ក្លិន​ដែល​រសាយ”។ ក្នុង​ឆ្នាំ ១៩៩២ រឿង “អណ្ដាត​ដុះ​ឆ្អឹង”, “ជើង​មេឃ​ដាច់​ស្រយាល”, “សំដី​ចុង​ក្រោយ” និង​ឆ្នាំ ២០០៦ លោក​ផលិត​រឿង “នេសាទ​ក្រពើ”។ ដោយ​ឡែក​បច្ចុប្បន្ន កំពុង​រៀបចំ​ផលិត​រឿង “ស្ដេច​កន” ។

អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០ ឯកឧត្ដម ម៉ៅ អាយុទ្ធ

២. ឌី សាវ៉េត៖ ក្នុង​វ័យ ៧១ ឆ្នាំ អ្នក​ស្រី​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​ទូទាំង​ប្រទេស​កម្ពុជា​អំឡុង​ទសវត្ស៦០ និង​ដើម​ទសវត្ស ៧០ តាម​រយៈ​ការ​សម្ដែង​រាប់​សិប​រឿង​ឱ្យ​ផលិតកម្ម​នានា ជាមួយ​តួ​សម្ដែង​លោក គង់ សំអឿន, ជា យុទ្ធថន, ណុប ណែម ជា​ដើម។ ក្រោយ​ជោគជ័យ​លើ​វិថី​សិល្បៈ​បន្តបន្ទាប់​អ្នក​ស្រី​បាន​បង្កើត​ផលិតកម្ម​ខ្លួន​ឯង គឺ​ផលិតកម្ម “សុវណ្ណ​គិរី​ភាពយន្ត” ហើយ​ថត​បាន​ប្រមាណ​ជាង ១០ រឿង​បន្ថែម​ទៀត ដែល​សុទ្ធសឹងតែ​បាន​ទទួល​ការ​គាំទ្រ​ទាំង​អស់។

 

បច្ចុប្បន្ន​អ្នក​ស្រី​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ដដែល ហើយ​ក៏​មាន​ផលិតកម្ម​ភាពយន្ត​ក្នុង​ស្រុក​ជា​ច្រើន​អញ្ជើញ​តារា​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​ទៅ​ចូលរួម​សម្ដែង​មិន​សូវ​ខាន​ឡើយ។

 

អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០ អ្នក​ស្រី ឌី សាវ៉េត

៣. លី ប៊ុនយីម៖ លោក​ក៏​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ផង​ដែរ​នៅ​ក្នុង​ទសវត្ស៦០ តាម​រយៈ​ខ្សែ​រឿង “អន​អើយ​ស្រី​អន”, “សព្វសិទ្ធ” និង​រឿង “រិទ្ធិសែន​នាង​កង្រី” ជា​ដើម និង​រឿង​ជា​ច្រើន​ទៀត។ អតីត​សមិទ្ធិករ​ភាពយន្ត​រូប​នេះ​ជា​អ្នក​ប្រតិបត្តិ​ធម៌អាថ៌ ហើយ​ចូលចិត្ត​ស្ដាប់​ធម៌​ទេសនា​តាំង​ពី​ក្មេង។ បច្ចុប្បន្ន​លោក​កាន់​សីល ៥ ចាំ​សីល ៨ ខណៈ​មាន​វ័យ​ចូល​ដល់ ៧៤ ឆ្នាំ​ហើយ។

 

អតីត​ផលិតករ​ភាពយន្ត​ជើង​ចាស់ និង​ជា​ចាងហ្វាង​ផលិតកម្ម រន្ទះ​ពេជ្រ រូប​នេះ​ធ្លាប់​អះអាង​ថា លោក​រីករាយ​ចែក​រំលែក​បទ​ពិសោធន៍​ដែល​មាន​ទាំង​អស់​ទៅ​ផលិតករ​ជំនាន់​ក្រោយ​ណា ប្រសិន​បើ​មាន​ចម្ងល់​ក្នុង​ការ​បង្កើត​ភាពយន្ត និង​ចង់​ដឹង​ពី​បច្ចេកទេស​ផលិត​កុន​ជា​ដើម។

 

អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០អ្នក​ស្រី ឌី សាវ៉េត, លោក លី យូស្រ៊ាង និង​លោក លី ប៊ុនយីម

៤. លោក ទា លឹមគុណ៖ លោក​ជា​ចាងហ្វាង​ផលិតកម្ម តារា​រ័ត្ន​ភាពយន្ត និង​ជា​អ្នក​ដឹក​នាំ​រឿង​មួយ​រូប​ល្បីល្បាញ​ក្នុង​ទសវត្ស៦០ និង​៧០ តាម​រយៈ​ខ្សែ​រឿង “ពៅ ឈូក​ស”, “វិល​វិញ​ណា​បង”, “ លា​ហើយ​ដួង​តារា”, “ពស់​កេង​កង” ជា​ដើម និង​ធ្លាប់​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ១​ក្នុង​​មហោស្រព​ទី​ក្រុង​កែប ដែល​ទទួល​​ពាន​រង្វាន់​ដោយ​ផ្ទាល់​ពី​អតីត​ព្រះ​មហាក្សត្រ ព្រះ​បរម​រតនៈ​កោដ ទៀត​ផង។

 

លោក​ធ្លាប់​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ VOA ដោយ​លើក​ឡើង​ថា ខ្សែ​ភាពយន្ត​មាន​សារសំខាន់​ខាង​ផ្នែក​អប់រំ ធ្វើ​ឱ្យ​មនុស្ស​ដឹង​ខុស​ត្រូវ និង​ស្គាល់​បុណ្យ​បាប។ ភាពយន្ត​មួយ​ជោគជ័យ ឬ​បរាជ័យ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​រឿង​ទាំង​ស្រុង ដូច្នេះ​ទាមទារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ កន្លង​មក​លោក​ថត​ភាពយន្ត​មិន​បាន​គិត​ពី​ប្រាក់​ចំណេញ ឬ​ខាត​ទេ ធ្វើ​យ៉ាង​ណា​ប្រឹងប្រែង​ផលិត​ឱ្យ​បាន​គុណភាព​ល្អ ដើម្បី​ទាក់ទាញ​ទស្សនិកជន​ខ្មែរ ទស្សនា​ភាពយន្ត​ខ្មែរ​ឡើង​វិញ។

 

អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០រូប​ថត​ពី VOA៖ លោក ទា លឹមគុណ ផ្ដល់​បទ​សម្ភាសន៍​

 

៥. លោក លី យូស៊្រាង៖ ជា​អ្នក​ដឹក​នាំ​​រឿង​ល្បីល្បាញ​មួយ​រូប​ក្នុង​ផលិតកម្ម ហេមពាន្ត​ភាពយន្ត ហើយ​ក៏​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​មិន​ចាញ់​អ្នក​ដឹក​នាំ​រឿង​បាន​រៀបរាប់​ខាង​លើ​ឡើយ។ ស្នាដៃ​របស់​លោក​មាន​ចំណង​ជើង​ថា “នាង​ព្រាវ​កន្ទោង​ខៀវ” ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​នោះ។

 

សមិទ្ធិករ​ភាពយន្ត​ជើងចាស់​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បុគ្គលិក​វិទ្យុ​ស្ត្រី FM ១០២ ថា ក្នុង​ចន្លោះ​ទសវត្ស ៦០- ៧០ កុន​ខ្មែរ​លេច​ធ្លោ​ឈ្នះ​បណ្ដា​ប្រទេស​ផ្សេងៗ​ដូច​ជា​ថៃ ឬ​ឥណ្ឌា ជា​ដើម។ “ក្មួយ​គិត​មើល​ដូច​ជា​រឿង​ពស់​កេងកង ល្បី​ណាស់​ជំនាន់​នោះ យក​មក​បញ្ចាំង​ឥឡូវ​ក៏​នៅ​តែ​មាន​គេ​មើល​ដែរ”។ លោក លី យូស្រ៊ាង បញ្ជាក់។ លោក​បន្ត​ថា ភាពយន្ត​ភាពយន្ត ធ្វើ​ឱ្យ​ទស្សនិកជន​សើច​អាស្រ័យ​លើ​សេណារីយោ មិន​មែន​អាស្រ័យ​ការ​គូរ​មុខ​គូរ​មាត់​ឱ្យ​តួ​សម្ដែង​នោះ​ទេ៕

 

អតីត​សមិទ្ធិករ​ភាពយន្ត​ទាំង ៥ សល់​ពី​ទសវត្ស​៦០ និង​៧០លោក លី យូស៊្រាង៖ រូបថត​ពីYoutube

អត្ថបទ៖ សំ ជំនាញ