ប្លន់យកម៉ូតូ បានសម្រេច​ ដោយសុវត្ថិភាព នៅខណ្ឌចំការមន

ភ្នំពេញ៖ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានជិះមកស្ទាក់ពីមុខជនរងគ្រោះ រួចយកវត្ថុរឹង សង្ស័យស្នាប់កាំភ្លើង វាយក្បាលបណ្តាលហូរឈាមស្រោចខ្លួន ហើយធាក់ផ្តួល មុនពេលលើកយកម៉ូតូជិះរត់គេចខ្លួន ដោយសុវត្ថិភាព នៅវេលាម៉ោងជិត១០យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជិតវិទ្យាល័យព្រះយុគន្ឋរ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់ម៉ាសេ១១០ (សង់ប៊ិច) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-0368 ។

ជនរងគ្រោះបានបន្តថា ខ្លួនបានជិះម៉ូតូចេញពីម្តុំផ្សារកណ្តាលមកផឹកសីុជាមួយមិត្តភក្តិនៅក្បែរកន្លែងកើតហេតុ លុះពេលជិតដល់គោលដៅ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក មកវាយនឹងវត្ថុរឹង ហើយពេលនោះខ្លួនភ័យពេក ក៏រត់ចោលម៉ូតូ ដោយទុកកូនសោរនៅជាប់នឹង ម៉ូតូ ក៏ត្រូវពួកវា លើកជិះយកទៅបាត់ទៅ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅសួរនាំ ហើយប្រាប់ទៅជនរងគ្រោះ ទៅមន្ទីរពេទ្យសិន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ។ យ៉ាងណាក៏ដោយ ករណីនេះកម្លាំងនគរបាលខណ្ឌចំការមន កំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្តទៀតដោយយកចិត្តទុកដាក់ ដើម្បីចង់ដឹងថា ជាករណីវាយប្លន់យកម៉ូតូ ឫជារឿង គំនុំ៕

ប្លន់យកម៉ូតូ បានសម្រេច​ ដោយសុវត្ថិភាព នៅខណ្ឌចំការមន