គិតត្រឹម ១១ខែ ឆ្នាំ២០១៥ ប្រាក់កម្ចីអម្រឹត កើនឡើង ៤១០លានដុល្លារ

ភ្នំពេញ៖ លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត បានមានប្រសាសន៍ ថា អម្រឹត បានផ្តល់ប្រាក់កម្ចីប្រមាណ៤១២លានដុល្លារអាមេរិក គិតត្រឹម១១ ខែ ឆ្នាំ២០១៥នេះ។

លោក បានថ្លែង នៅក្នុងសិក្ខាសាលាប្រចំាឆ្នំាលើកទី២៤ របស់អម្រឹត នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បី បូកសរុបលទ្ធផលអាជីវកម្មឆ្នាំ២០១៥ និងទិសដៅ២០១៦នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ ។

លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត បានមានប្រសាសន៍ថា "បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកចំនួន ៣.៤៥៩នាក់ ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ៣៩៤.០០០នាក់ នៅសាខាចំនួន១៣៧ទីតំាងទូទំាងប្រទេសកម្ពុជា។ ក្នុងនោះអម្រឹតទទួលបានប្រាក់បញ្ញើប្រមាណ១៩៦លានដុល្លារអាមេរិក និង ផ្តល់ប្រាក់កម្ចីប្រមាណ៤១២លានដុល្លារអាមេរិក"។

លោកបានបញ្ជាក់ទៀតថា គិតតឹ្រម ១១ខែ ឆ្នាំ២០១៥ អម្រឹត សម្រេចបាននូវកំណើនប្រាក់កម្ចី លើសផែនការ ឆ្នាំ២០១៥ ប្រមាណ ៤២ភាគរយ ធៀបនឹងចុងឆ្នាំ២០១៤ ដែលធ្វើឲ្យប្រាក់កម្ចីកើនឡើង ២៨៨លានដុល្លារ ប្រមាណដល់ ៤១០លានដុល្លារ នឹងរក្សាបានគុណភាពប្រាក់កម្ចីបានល្អ ទោះជាមានការធ្លាក់ចុះបន្តិច នៅត្រីមាសទៅ០២ នឹងទី០៣ ដែលឥណទានស្ថិតក្នុងហានិភ័យ ៣០ថ្ងៃ ០,១៩ភាគរយ។ ការប្រមូលប្រាក់សន្សំបានកើនឡើង ប៉ុន្តែកំណើនទាបជាងផែនការក្នុងឆ្នាំ២០១៥ ផងដែរ គឺកើនពី ១៥៣លានដុល្លារ នៅចុងឆ្នាំ២០១៤ ដល់ ១៩៥លានដុល្លារប្រមាណ២៧ភាគរយ ។ ទ្រព្យសកម្មកើនពី ៣៤៥ លានដុល្លារ នៅចុងឆ្នាំ២០១៤ ដល់ ៤៦៨លានដុល្លារ កើនឡើងប្រមាណ៣៥ភាគរយ។ លើសពីនេះយើងសម្រេចបាននូវ គម្រោងធនាគារចល័ត ជំហានទី០១ នឹងកិច្ចការសំខាន់ៗជាច្រើនទៀត ក្នុងកិច្ចការគាំទ្រ ដែលបង្ហាញជាបន្តបន្ទាប់ ។

លោក បានថ្លែងថា "យើងទាំងអស់គ្នាមានមោទនៈភាពណាស់ចំពោះសមិទ្ធផល ទាំងអស់នេះ"។

អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ ឈានមុខគេនៅកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ តុដល់សហគ្រាសខ្នាតតូច និងមធ្យម ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនិងមធ្យម ដោយផ្តោតលើវិស័យកសិកម្ម នៅតាមទីរួមខេត្ត ទីរួមស្រុកជាដើម។ អម្រឹតផ្តល់នូវសេវាប្រាក់កម្ចីច្រើនប្រភេទ ដូចជា សេវាឥណទានក្រុមធានាឥណនបុគ្គលិក និងឥណទានសហគ្រាសខ្នាតតូចនិងមធ្យម។ លើសពីនេះអម្រឹតក៏ផ្តល់នូវសេវាប្រាក់បញ្ញើរាប់បញ្ចូលទំាងគណីសន្សំ និងសេវាដាក់ប្រាក់មានកាលកំណត់ផងដែរ។

ជាបន្តទៅនេះ យើងនឹងពិនិត្យមើលលទ្ធភាពនៃការរីកចម្រើន សម្រាប់ឆ្នាំ២០១៥ ជុំវិញបរិបថមានការប្រឈមនានា ដែលជាឧបសគ្គ គួបផ្សំនឹងលក្ខខណ្ឌអំណោយផលមួយចំនួន ក្នុងនោះឃើញថា បរិយាកាសសេដ្ឋកិច្ចកម្ពុជាល្អ ក្នុងអត្រាកំណើនប្រមាណពី៧ភាគរយ ទៅ៧,៥ភាគរយ ក្នុងមួយឆ្នាំ នឹងអត្រាប្តូរប្រាក់រៀល ទៅដុល្លារមានស្ថេរភាពល្អ ដោយមានការប្រែប្រួលតិចតួច៕