លោក កឹម សុខា ស្នើឲ្យអ្នកនយោបាយ ខ្មែរជួបជជែកគ្នា បញ្ចប់កំដៅ នយោបាយក្នុងឆ្នាំថ្មី

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥នេះ  បានថ្លែង ស្នើឲ្យអ្នកនយោបាយខ្មែរ គ្រប់រូបត្រូវចេះរួបរួម សាមគ្គី ផ្សះផ្សារ និងបញ្ឈប់ការគុំគួន សងសឹកគ្នា ហើយងាកមក ជួបចរចាគ្នាដើម្បី ស្វែងរកដំណោះស្រាយបញ្ហាកំដៅ នយោបាយនៅកម្ពុជា។

លោក កឹម សុខា បានថ្លែងសារនយោបាយនៅចុងឆ្នាំ ២០១៥នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនដែលមានរយៈពេលប្រមាណជាង២នាទី។

 ក្នុងនោះ លោកបានលើកឡើងថា “ខ្ញុំសូមឲ្យអ្នកនយោបាយខ្មែរទាំងអស់បញ្ឈប់នូវការគុំគួនគ្នា ការគំរាមកំហែង ការបំភិតបំភ័យ ជាពិសេសនាំគ្នា ជួបគ្នា ជជែកគ្នាធ្វើយ៉ាងណា ដើម្បីបញ្ចប់កំដៅនយោបាយដែលកំពុងកើតមាន ហើយធ្វើឲ្យប្រជាពលរដ្ឋយើងភ័យខ្លាចបច្ចុប្បន្ននេះ “។

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះ បានបន្ថែមថា  “ឆ្នាំថ្មី ឆ្នាំ ២០១៦នេះ គឺសុំឲ្យនាំមកនូវសុខសន្តិភាព ការបង្រូមបង្រួមជាតិ ការផ្សះផ្សាជាតិ ដើម្បីឈានទៅរក ការជឿទុកចិត្តគ្នារវាងខ្មែរនិងខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋ យើងមានក្ដីសង្ឃឹម ពីវាសនាអនាគតរបស់ពួកគាត់ ជាពិសេសដើម្បីឲ្យយុវជនខ្មែរទទួលបាននូវ អនាគតដ៏រុងរឿង ទៅថ្ងៃមុខ ។ដូច្នេះយើងទាំងអស់គ្នាជាខ្មែរត្រូវតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ”៕

លោក កឹម សុខា ស្នើឲ្យអ្នកនយោបាយ ខ្មែរជួបជជែកគ្នា បញ្ចប់កំដៅ នយោបាយក្នុងឆ្នាំថ្មី