Pacquiao នឹង​វាយ​ជាមួយ Bradley ម្តងទៀត​នៅ​ខែមេសា​

​កីឡា​៖​ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ប្រកាសថា ខ្លួន​នឹង​ឡើង​វាយ​១​ប្រកួត​ទៀត​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ រួច​នឹង​លាឈប់​ពី​កីឡាករ​ប្រដាល់​ដើម្បី​ផ្ដោតលើ​ការងារ​នយោបាយ ដោយ​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​អា​មេ​រិ Timothy Bradley ក្នុង​ទឹកដី​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​។​នេះបើយោងតាមសារព័ត៌មាន Channel News Asia។

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​ត្រូវ​ប៉ះ Bradley ក្នុងនោះ​២ ប្រកួត​កន្លងមក ចាញ់​មួយ និង​ឈ្នះ​មួយ​។អ្នក​ប្រដាល់​ដែល​ផ្ដួល​គូប្រកួត​សន្លប់​៣៨​ដង បាន​សម្រាក​មួយរយៈ​ចាប់តាំងពី​បរាជ័យ​ទល់នឹង Floyd Mayweather កាលពី​ខែឧសភា​មក​ដោយសារ​ការវះកាត់​របួស​ស្មា​។​ កាលអំឡុង​ខែតុលា អ្នក​ប្រដា​ល់វ័យ​៣៧​ឆ្នាំ Pacquiao បាន​និយាយថា ខ្លួន​ត្រូវ​ស្វែងរក​អាសនៈ​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៦​។ 

​គួរ​បញ្ជាក់ថា Bradley បច្ចុប្បន្ន​កាន់​កំណត់ត្រា​ឈ្នះ​៣៣ ស្មើ​១ និង​ចាញ់​១ ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ១៣​ដង​។ ប្រកួត​ចុងក្រោយ​គឺ​យកឈ្នះ Brandon Rios ត្រឹម​៩​ទឹក​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​។ ដោយឡែក Pacquiao វិញ​ធ្លាប់​ឈ្នះ​៥៧​ដង ចាញ់​៦ និង​ស្មើ​២​ដង ហើយ​ការប្រកួត​ចុងក្រោយ​បំផុត​របស់គេ​គឺ​ចាញ់ អ្នក​ប្រដាល់​មិនដែល​ចាញ់ Floyd Mayweather យ៉ាង​ចម្រូងចម្រាស​៕

Pacquiao នឹង​វាយ​ជាមួយ Bradley ម្តងទៀត​នៅ​ខែមេសា​