វិភាគ៖ កែវ រំចង់ និង​ ផល សោភ័ណ្ឌ​ អាច​បង្កើត​ប្រវត្តិ​បាន​អត់​យប់​នេះ​?

វិភាគ៖ កែវ រំចង់ និង​ ផល សោភ័ណ្ឌ​ អាច​បង្កើត​ប្រវត្តិ​បាន​អត់​យប់​នេះ​?

អ្នក​ប្រដាល់​ចិត្ត​សឿង​ កែវ រំចង់​ និង​ ផល សោភ័ណ្ឌ​ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​លំដាប់​ A ប្រចាំ​ប្រទេស​ថៃ​ក្នុង​ព្រឹត្តិការណ៍​ Thai Fight​ យប់​នេះ​ហើយ។ ក្នុង​កម្មវិធី​ប្រដាល់​កំពូល​ប្រចាំ​ប្រទេស​ថៃ​នេះ​ ​មិន​ទាន់​មាន​កីឡាករ​កម្ពុជា​រូប​ណា​សាង​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​ម្ចាស់​ផ្ទះ​ឡើយ​ ដូច្នេះ​តើ​អ្នក​ប្រដាល់​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​​បាន​ទេ​យប់​នេះ?

 

វិភាគ៖ កែវ រំចង់ និង​ ផល សោភ័ណ្ឌ​ អាច​បង្កើត​ប្រវត្តិ​បាន​អត់​យប់​នេះ​? Iquezang (ឆ្វេង) និង កែវ រំចង់ (ស្តាំ) រូបថត៖ Thai Fight

 

កែវ រំចង់
កែវ រំចង់ ជា​អ្នក​លេង​គុន​ខ្មែរ​មួយ​រូប​ដែល​ប្រកួត​ភាគ​ច្រើន​កម្រ​លាក់​កម្លាំង​ និង​សមត្ថភាព​ណាស់។ កីឡាករ​រូប​នេះ​មាន​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ និង​រន្ទះ​ជើង​ ព្រម​ទាំង​ប្រើ​កែង​ដ៏​មុត​ស្រួច​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ រូប​គេ​កម្រ​ជួប​លទ្ធផល​ល្អ​តាម​រយៈ​ប្រើ​ជង្គង់​ណាស់។ រំចង់​ មាន​កម្លាំង​ស៊ុហ្វ​ពេញ​ល្អ និង​ស្គាល់​សង្វៀន​ Thai Fight នេះ​ច្បាស់​ហើយ​​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​វ៉ៃ​ទាំង​អារម្មណ៍​ច្រឡោត​ដែល​ងាយ​ធ្វើ​ឲ្យ​ដៃ​គូ​ឆក​ឱកាស​បាន។ អ្នក​ជំនាញ​គុន​ខ្មែរ​ សេន ប៊ុនថេន​ ផ្តល់​ជា​គំនិត​ថា ប្រសិន​បើ​ កែវ រំចង់​ហ៊ាន​ប្តូរ​ក្នុង​ការ​វាយ​ចេញ​នោះ ទំនង​ជា​ទទួល​បាន​ភាគ​រយ​ឈ្នះ​ច្រើន។

 

Iquezang Kor Rungthanakeat
​ដៃ​គូ​របស់​ កែវ​ រំចង់ គឺ​ជើង​ខ្លាំង​ Iquezang មាន​ប្រវត្តិ​ប្រកួត​ច្រើន​ណាស់​គឺ​លើស​​កីឡាករ​កម្ពុជា​ស្ទើរ​ជាង​ពាក់​កណ្តាល​ ខណៈ​រំចង់​ខ្ទង់​១៣០​ប្រកួត​ ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ជាង​៣០០​ប្រកួត​ទៅ​ហើយ។ និយាយ​ពី​សមត្ថភាព​វិញ​ Iquezang មាន​ជំនាញ​ខាង​ប្រើ​កណ្តាប់​ដៃ ទាត់​ និង​ជង្គង់​ហោះ​ ជា​ពិសេស​លោត​បោល​បុក​តែ​​ម្តង​ដែល​ងាយ​ធ្វើ​ឲ្យ​ដៃ​គូ​ខ្លប​ខ្លាច​ ហើយ​កម្លាំង​ស៊ុហ្វ​ពេញ​ល្អ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​ជួប​ដៃ​គូ​កម្លាំង​ខ្លាំង​ និង​ចូល​វាយ​ដោយ​អង់​អាច​ផង​នោះ​ កីឡាករថៃ​​ម្នាក់នេះ​​ព្យាយាម​ទប់​ថយ​​ដក្រោយ​ដោយ​​​វាយ​បក​យក​ពិន្ទុ​វិញ។

 

ជា​រួម​ ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់ និង​ Iquezang នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិបាក​សន្និដ្ឋាន​ណាស់​​ថា​ នរណា​ជា​អ្នក​ឈ្នះ​ ដោយ​សារ​ពួក​គេ​ធ្លាប់​ជួប​គ្នា​ម្តង​ហើយ​ ហើយ​​រំចង់​ចាញ់​ដោយ​ពិន្ទុ​ទាំង​ប្រផុត​ប្រផើយ​តែ​ប៉ុណ្ណោះ។

 

វិភាគ៖ កែវ រំចង់ និង​ ផល សោភ័ណ្ឌ​ អាច​បង្កើត​ប្រវត្តិ​បាន​អត់​យប់​នេះ​? Saenchai (ឆ្វេង) និង ផល សោភ័ណ្ឌ (ស្តាំ) រូបថត៖ Thai Fight

 

ផល សោភ័ណ្ឌ
អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង រឿង សោភ័ណ្ឌ​ មាន​បច្ចេកទេស​វាយ​ល្អ​ទាំង​ព្រម​ក្នុង​នោះ​ការ​ប្រើ​កណ្តាប់​លក្ខណៈ​សាកល​ ការ​ទាត់​ និង​ជង្គង់ ជា​ពិសេស​ដៃ​គូ​របស់​គេ​ច្រើន​រូប​មក​ហើយ​ដែល​សន្លប់​ក្រោម​ផ្លែ​កែង​របស់​គេ។ សោភ័ណ្ឌ​អាច​រក្សា​​កម្លាំង​ស៊ុហ្វ​បាន​ចប់​គ្រប់​ទេ​តាម​រយៈ​ការ​វ៉ៃ​ដោយ​បច្ចេកទេស​ ប៉ុន្តែ​បើ​ដៃ​គូ​វាយ​សម្រុក​ខ្លាំង​ទាំង​កម្រោល​ចូល​នោះ​ កីឡាករ​រូប​នេះ​អាច​ចាញ់​កម្លាំង​គេ។ ការ​ប្រកួត​នេះ​វា​ថ្មី​សន្លាង​សម្រាប់​រូប​គេ​ដែល​​មិន​ធ្លាប់​ប្រកួត​អត់​ពាក់​ហ្គង់​ដៃ​ និង​មិន​ស្គាល់​បរិយាកាស​ Thai Fight ព្រម​ទាំង​មិន​បាន​ត្រៀម​ខ្លួន​​ទាល់​តែ​សោះ។ ជើង​ខ្លាំង​ រឿង សោភ័ណ្ឌ​ និង​ សេន ប៊ុនថេន​ សុទ្ធ​តែ​សង្ឃឹម​តិច​សម្រាប់​ការ​ប្រកួត​នេះ។

 

Saenchai Sor. Kingstar
ខ្លាច​ចាស់​កំពូល​ល្បិច​ Saenchai បាន​​ឆ្លង​កាត់​បទ​ពិសោធន៍​រាប់​មិន​អស់​នៅ​លើ​សង្វៀន​ និង​គ្រង​ខ្សែ​ក្រវាត់​ទាំង​ថ្នាក់​ជាតិ​ តំបន់​ និង​ពិភព​លោក​មិន​តិច​ត្រឹម​១០​គ្រឿង​ឡើយ។ រូប​គេ​អាច​ប្រើ​បច្ចេកទេស​បាន​ល្អ​ទាំង​ព្រម​តែ​ម្តង​ដូច​ជា​ កណ្តាប់​ដៃ​ ទាត់​ផ្កាប់​ចាន​ ទាត់ជើង​ក្រោម​ និង​កែង ប៉ុន្តែ​ក្បាច់​ប្រចាំ​ត្រកូល​ដែល​ត្រូវ​បាន​គេ​យក​វិភាគ​គឺ​ក្បាច់​ជើង​កន្ត្រៃ​ហោះ​ (Scissor-Kick)​ដែល​បាន​សម្លាប់​ដៃ​គូ​រាប់​ភ្លេច​​មក​ហើយ។ កីឡាករ​ថៃ​រូប​នេះ​មាន​ទាំង​បច្ចេកទេស​ បទ​ពិសោធន៍​ និង​ជា​ម្ចាស់​ទឹក​ដី​ដែល​មាន​ប្រៀប​​ទាំង​ស្រុង​លើ​ ផល សោភ័ណ្ឌ​ ប៉ុន្តែ​អ្វី​ដែល​អាច​ចាញ់​ប្រៀប​នោះ​គឺ​កម្លាំង​ដោយ​សារ​រូប​គេ​អាយុ​កាន់​តែ​ច្រើន។

 

មើល​ក្បាច់​ជើង​កន្ត្រៃ​​ហោះ​របស់ Saenchai
 

 

មែន​ទែន​ទៅ​ ខ្លាចាស់​ Saenchai បាន​ចាប់​ផ្តើម​​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​តាំង​ពី​កុមារភាព​ដែល​​​ ផល សោភ័ណ្ឌ​ មិនទាន់​ចាប់​កំណើត​​ម្ល៉េះ​ដែល​ប្រៀប​ដូច​ជា​គ្រូ​ និង​សិស្ស​ទៅ​ហើយ។ យ៉ាង​ណា​មិញ​ អ្វី​ៗ​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ​ បើ​មិន​ទាន់​ប៉ះ​គ្នា​នៅ​លើ​សង្វៀន?

 

សម្រាប់​អ្នក​គាំទ្រ​វិញ​មាន​យោបល់​យ៉ាង​ណា​ជុំ​វិញ​ការ​ប្រកួត​ទាំង​ពីរគូ​​យប់​នេះ?

 

អត្ថបទ៖ ជាន ចាន់រ៉ា​