ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ថា​អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី អាច​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ

កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ មានការ​តែងតាំង​លោក មុំ សារឿន ជា​អភិបាលខេត្ត​ស្ទឹងត្រែង ហើយ​លោក កុល សំអុល ត្រូវបាន​ចាកចេញ​ទៅ​ឈរជើង​នៅ​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ពិធី​នោះ​គណៈ​អធិបតេយ្យ​បាន​ជំរុញ​ឲ្យ​អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី លោក មុំ សារឿន ពង្រឹង​យន្តការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គ្រឿងញៀន និង​អំពើចោរកម្ម​ជាដើម​។ ទន្ទឹមនឹងនេះ​លោក មុំ សារឿន ក៏បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ​ដែរ ជាពិសេស​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​ស្ថេរភាព​សង្គម​និង​ជំរុញ​ឲ្យ​មានការ​ផ្ដល់​សេវាសាធារណៈ​លើ​គ្រប់​វិស័យ​។

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង គ្មាន​ជំនឿ​ថា​លោក មុំ សារឿន អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បទល្មើស​គ្រឿងញៀន និង​អំពើចោរកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ផ្ទុយទៅវិញ​គេ​បាន​វាយតម្លៃ​ទុកជាមុន​ថា លោក មុំ សារឿន អាច​ឃុបឃិត​ជាមួយ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ហើយ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា យ៉ាងយូរ​ត្រឹម​រយៈពេល​៦​ខែ​គេ​អាច​វាយតម្លៃ​បាន​ពី​ប្រសិទ្ធ​ការងារ​របស់លោក មុំ សារឿន ជាមិនខាន​។

សូមបញ្ជាក់ថា​ពេល​លោក កុល សំអុល ធ្វើជា​អភិបាលខេត្ត​ស្ទឹងត្រែង បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​បើ​និយាយ​ពីបទ​ល្មើស​គ្រឿងញៀន​វិញ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ​។ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា លោក កុល សំអុល និង​លោក ឈាង តុលា ជា​មេខ្លោង​ដ៏​ធំ ហេតុនេះហើយ​ទើប​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​នោះទេ​។ ឥឡូវនេះ​ពេល​លោក មុំ សារឿន មកកាន់​តំណែង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​លោក កុល សំអុល ក៏​មិន​សង្ឃឹមថា​អ្វីៗ​អាច​ប្រសើរ​ជាង​មុន​នោះដែរ ហើយ​រយៈពេល​យ៉ាងយូរ​៦​ខែ លោក មុំ សារឿន អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វាយតម្លៃ​យ៉ាង​ជាក់ស្តែង​តែម្តង​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែងថ្មី​