កសិករ​ដាំដំឡូង​មី​នៅ​ខេត្តព្រះវិហារ​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការធ្លាក់​ថ្លៃ​យ៉ាងគំហុក​

កសិករ​ដាំ​ដំ​ទ្បូ​ង​មី នៅ​ទូទាំង​ខេត្តព្រះវិហារ បាន​បង្ហើប​ថា វា​អាចជា​លេស​ភូតកុហក​របស់​ក្រុម​ឈ្មួញ​ធំៗ​នៅ​កម្ពុជា​ដែលថា តម្លៃ​ដំ​ទ្បូ​ង​មី​នៅ​យួន និង​សៀម​ចុះថោក​ខ្លាំង​នៅ​ឆ្នាំនេះ​ទើប​បណ្តាល​ឲ្យ​តម្លៃ​ដំឡូង​មី​នៅក្នុង​ប្រទេស​កម្ពុជា​ចុះថ្លៃ​ដែរនោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​តម្លៃ​ដំឡូង​មី​នៅលើ​ទីផ្សារ​ក្នុងស្រុក​ស្ថិត​លើ​បបូរមាត់​ឈ្មួញ​ជា​សេដ្ឋី និង​ឧកញ៉ា​ដែលមាន​វប្បធម៌​អាក្រក់ ធ្វើស្រែ​លើ​ខ្នង​ប្រជាកសិករ​ខ្មែរ​ដោយ​កេងប្រវ័ញ្ច​ញើស និង​ឈាម​ខ្មែរ​ងើបមុខ​មិន​រួច​។​

​កសិករ​ដាំ​ដំ​ទ្បូ​ង​មី​មួយ​គ្រួសារ​នៅ​ខេត្តព្រះវិហារ​បាន​រាយការណ៍​មក​ថា ឆ្នាំនេះ​ពួកគាត់​ដាំ​ដំ​ទ្បូ​ង​មី​ទទួលផល​បាន​ជិត​២០​តោន ហើយ​ពួកគាត់​មិនទាន់​លក់​ចេញទៅ​ឲ្យ​ឈ្មួញកណ្តាល​នៅ​ទ្បើ​យ​ទេ​ដោយសារ​តម្លៃ​វា​បាន​ត្រឹម​៥២០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​តែប៉ុណ្ណោះ ខណៈ​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន​បាន​តម្លៃ​ជិត​១០០០​រៀល​។ ក្រុមគ្រួសារ​កសិករ​បា​ន​សង្កត់ធ្ងន់ថា បើ​បាន​តម្លៃ​ពី​៨០០​រៀល ទៅ​៩០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម ដូច​កាលពី​ឆ្នាំ​២០១៤ នោះ​ពួកគាត់​នឹង​លក់​ចេញ​ភ្លាម​។​

ចំពោះមុខ​បញ្ហា​នេះ មន្ដ្រី​កសិកម្ម​ខេត្តព្រះវិហារ បាន​ព្រលយ​តាម​ក្រុម​ឈ្មួញ​ថា តម្លៃ​ដំ​ទ្បូ​ង​មី​នៅ​ដើមដៃ​នេះ​ពិតជា​មានតម្លៃ​៥២០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ប្រាកដ​មែន ខណៈ​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ដំឡូង​មី​មានតម្លៃ​ចន្លោះ​ពី​៨០០​រៀល​ទៅ​៩០០​រៀល ។ មន្ត្រី​កសិកម្ម​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា មូលហេតុ​មកពី​តម្លៃ​ទីផ្សារ​នៅ​សៀម និង​យួន​កំពុង​ចុះថោក​ដែរ​។​
​យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​បាន​រិះគន់ថា តម្លៃ​កសិផល​ខ្មែរ​មិនមែន​តែ​ដំឡូង​មីនោះ​ទេ គឺ​កសិផល​ស្ទើរ​គ្រប់​ប្រភេទ​តែម្ដង​ថ្លៃ​ថោក​វា​ប្រែប្រួល​តាម​អំពើ​ចិត្ត​របស់​ឈ្មួញ​ជា​រៀងរាល់ឆ្នាំ រីឯ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ដូច​ទីងមោង​ចាំ​ស្រែចំការ ហើយ​គ្មាន​លទ្ធភាព​រក្សា​លំនឹង​តម្លៃ​កសិផល​ជូន​ប្រជាកសិករ​ខ្មែរ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កសិករ​ភាគច្រើន​ប្រើ​កម្លាំង​ពលកម្ម​ធ្វើស្រែ​ចំការ​ប្រមូលយក​ផលិតផល​កសិកម្ម​ទុក​លក់​ឲ្យ​ឈ្មួញ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​នៅតែ​ជួប​ការលំបាក និង​ខ្លះ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក ខណៈ​ឈ្មួញ​ចំណេញ​កប់​ក្តោង​។​

​កសិករ​ដាំ​ដំ​ទ្បូ​ង​មី​ជាច្រើន​គ្រួសារ​នៅ​ខេត្តព្រះវិហារ​ដែល​រង​ផលប៉ះពាល់​ពី​តម្លៃ​ដំឡូង​មី​បាន​សំណូមពរ​ថា​ស្ថាប័ន​ជំនាញ និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​គប្បី​ពង្រឹងសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កសិករ​ខ្មែរ​នៅ​រង​ផលប៉ះពាល់​ជាច្រើន​ពី​ការប្រកប​របរ​កសិក​ម្ម​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា មន្ត្រី​ខ្មែរ​គប្បី​សិក្សា​ស្វែងយល់​ពី​ប្រទេសជិតខាង​នូវ​បៀ​ប​ធ្វើ​នយោបាយ​ការពារ​កសិករ​របស់​គេ​៕

cassava-3

SONY DSC

SONY DSC