ភាពចាស់ទុំ​ទន់ភ្លន់​របស់​មេដឹកនាំ​នយោបាយ​អាច​នាំមក​នូវ​ស្ថិរភាព​និង​សេចក្ដីសុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ​

នៅ​ចុងឆ្នាំ​២០១៥​នេះ បញ្ហានយោបាយ​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើន​កម្ដៅ​យ៉ាងខ្លាំង រហូតដល់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ស្ថិរភាព​នយោបាយ​និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​មេដឹកនាំ​នយោបាយ​។ ជាមួយគ្នានេះ​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ការបន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺជា​រឿង​សំខាន់បំផុត​ព្រោះ​ភាព​ផ្អែមល្ហែម​ទន់ភ្លន់​របស់​មេដឹកនាំ​នយោបាយ ទើប​អាចធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ផ្តល់​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។ ការដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ដោយ​មិន​ពឹង​ផ្អែកលើ​អន្តរាគមន៍​ពី​បរទេស គឺជា​រឿង​ត្រូវ​គិតគូរ​ឲ្យ​បាន​ដិតដល់ ព្រោះ​គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួនឯង​នោះទេ​។

ប្រជាពលរដ្ឋ​ទូរ​ទៅ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បានកត់សម្គាល់​ថា ឆ្នាំ​២០១៥​គឺជា​ឆ្នាំ​មួយ​ដែល​បង្ហាញ​អំពី​ភាព​ផ្អែមល្ហែម​និង​ជូរចត់​រវាង​មេដឹកនាំ​នយោបាយ​សំខាន់ៗ​នៅ​កម្ពុជា ប៉ុន្តែ​មេដឹកនាំ​នយោបាយ​បានបង្ហាញ​នូវ​ភាពចាស់ទុំ​ដោយ​គិតគូរ​ផលប្រយោជន៍​ជាតិ​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​។ ដោយ​ផ្អែកទៅលើ​វប្បធម៌​សន្ទនា​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​បញ្ចប់​ភាពជាប់គាំង​ផ្នែក​នយោបាយ ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​រួមគ្នា​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជាច្រើន ដើម្បី​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្នុងនោះ​ភាព​ផ្អែមល្ហែម​រវាង​អ្នកដឹកនាំ​នយោបាយ គឺជា​សេចក្ដីត្រូវការ​ចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ ដោយហេតុថា​នៅពេលដែល​អ្នកដឹកនាំ​នយោបាយ​ប្រឈមមុខ​ដាក់គ្នា​គ្មានអ្វី​ចំណេញ​ដល់​ប្រទេសជាតិ​នោះទេ ហើយ​អាចធ្វើ​ឲ្យ​រំខាន​ដល់​ការកសាង​ជាតិ​ទៀង​ផង​។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេលដែល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​នូវ​ភាពចាស់ទុំ​ផ្នែក​នយោបាយ​និង​ចាប់ដៃគ្នា​ប្រកបដោយ​ភាពទន់ភ្លន់ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូរ​ទៅ​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​។ ការជជែក​គ្នា​របស់​មេដឹកនាំ​នយោបាយ​ប្រកបដោយ​ភាព​ផ្អែមល្ហែម អាច​នាំមក​នូវ​ស្ថិរភាព​នយោបាយ ហើយ​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នកវិនិយោគទុន​បរទេស ក៏ដូចជា​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រឹងមាំ​។ ជាពិសេស​អ្វីដែល​ប្រជាពលរដ្ឋ​ទូរ​ទៅ​ចង់ឃើញ​បំផុត​នោះ គឺ​អ្នកនយោបាយ​ត្រូវ​ប្រកួតប្រជែង​គ្នា​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ព្រោះ​ប្រជាពលរដ្ឋ​អាច​វាយតម្លៃ​បាន​រាល់​ទង្វើ​របស់​អ្នកនយោបាយ​។

មជ្ឈដ្ឋាន​នានា​សង្ឃឹមទុក​ជាមុន​ថា នៅពេល​ឆ្នាំ​ចាស់ ឆ្នាំ​២០១៥ កន្លងផុតទៅ ហើយ​ឆ្នាំ​ថ្មី​២០១៦​ឈានចូល​មកដល់​នោះ គឺ​អ្នកដឹកនាំ​នយោបាយ​ក្នុងប្រទេស​កម្ពុជា អាច​បញ្ចប់​បាន​ទាំងស្រុង​នូវ​ការប្រឈមមុខ​ដាក់គ្នា ហើយ​ជជែក​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ជា​ជាតិ ការពារ​បូរណភាព​ទឹកដី កសាង​ជាតិ និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែលជា​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ មានន័យថា ចាប់ពី​ឆ្នាំ​២០១៦​តទៅ អ្នកដឹកនាំ​នយោបាយ​នៅ​កម្ពុជា គួរ​បញ្ចប់​ឲ្យ​អស់​នូវ​បញ្ហា​ទាំងឡាយ​ដែល​នាំ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា ហើយ​រួមគ្នា​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍​ជាតិ រីឯ​ការ​ឈ្នះ​ចាញ់ គឺ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​តាមរយៈ​ការបោះឆ្នោត​៕

cam-photo-dinner-KHMER