បរិស្ថាន​ជា​បញ្ហាសំខាន់​សម្រាប់​រម​ណី​យ​ដ្ឋា​ន​អង្គរ

សៀមរាប៖ រមណីយដ្ឋាន​អង្គរ បានក្លាយ​គោលដៅ​ប្រវត្តិសាស្ត្រ​ល្អ​ដាច់​គេ ដែល​ចាត់ថ្នាក់​ដោយ​ពិភពលោក។ បច្ចុប្បន្ន រមណីយដ្ឋាន​នេះ បាននិងកំពុង​អភិរក្ស និង​អភិវឌ្ឍន៍​កន្លែង​ជាច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​កាន់តែច្រើន​ថែមទៀត។ ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​អនាម័យ ថ្នាក់​គ្រប់គ្រង​យល់ថា វា​គួរ​ត្រូវបាន​ចូលរួម​ពី​គ្រ​ប់ម​ជ្ឈ​ដា្ឋ​ន ដើម្បី​រមណីយដ្ឋាន​អង្គរ​ទាំងមូល។

លោក សុខ លក្ខិណា អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា យល់ថា ការសម្អាត​បរិស្ថាន គួរ​ត្រូវបាន​ចូលរួម​ដោយ​ប្រជាពលរដ្ឋ​ទូទៅ។ មិនមែន​មានតែ​អាជ្ញាធរ​អប្សរា​មួយ​ទេ ដែល​ត្រូវធ្វើ​ការងារ​នេះ តែ​ជា​ពលរដ្ឋ​គ្រប់រូប។ ការ​ថ្លែង​បែបនេះ​របស់​អគ្គនាយក​រង ធ្វើឡើង​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន ដែល​ធ្វើឡើង​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី ២៩ ធ្នូ។

កម្មវិធី​សម្អាត​បរិស្ថាន​នៅ​ធ្វើ​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ និង​ប្រាសាទ​ប្រាសាទបាគង ធ្វើឡើង​ក្នុង​បំណង រក្សា​កម្រិត​ស្តង់ ISO 14001 ដែល​អន្តរជាតិ​ផ្តល់​ឲ្យ​រមណីយដ្ឋាន​អង្គរ ទៅលើ​សេវា​បរិស្ថាន។ ៩ឆ្នាំជាប់ៗគ្នា គឺ​ចាប់ពី​ទទួលបាន​កម្រិត​ស្តង់​នេះ ពី​ឆ្នាំ២០០៦មក រមណីយដ្ឋាន​អង្គរ បាន​ខិតខំ​ប្រឹងប្រែង ធ្វើយ៉ាងណា មិន​ឲ្យ​របូត​កម្រិតស្តង់ដា​នេះ​ចេញពី​ដៃ​ទេ។ បញ្ហា​បរិស្ថាន និង​ការផ្តល់​កម្រិតស្តង់ដា​ផ្នែក​បរិស្ថាន ជា​ចំណែក​ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អ​ដាច់​គេ។

សម្រាប់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ លក្ខិណា បាន​ពន្យល់​បន្ថែម ខណៈដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​សម្អាត​បរិស្ថាន​នៅ​តំបន់​ប្រាសាទបាគង​ថា អាជ្ញាធរ​អប្សរា មាន​បុគ្គលិក​បរិស្ថាន​ដែរ ប៉ុន្តែ​ទន្ទឹមនឹងនោះ ក៏​ត្រូវការ​ការចូលរួម​ពី​ភ្ញៀវទេសចរ មគ្គុទ្ទេសក៍ រួម​និង​អាជីវករ ក្នុង​តំបន់​នេះ​ផងដែរ។ លោក​បញ្ជាក់ថា ការសម្អាត​បរិស្ថាន មិនអាច​ធ្វើទៅ​រួច ដោយ​ពុំមាន​ការចូលរួម​ពី​មហាជន​ទូទៅ​នោះទេ។

នៅ​ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា បានជ្រើសរើស​តំបន់​រលួស ជា​គោលដៅ​ដើម្បី​រៀបចំ​កម្មវិធី​បរិស្ថាន ដែល​ខុសពី​រាល់​ឆ្នាំ កម្មវិធី​នេះ​ធ្វើ​នៅ​ជុំវិញ​ឧទ្យាន​ជាតិ​អង្គរ ដោយមាន​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​ចូលរួម៕