ប្រដាល់ ៤រូប ប្រជែងរកកៅអី ពានរង្វាន់ TIFFY វគ្គ២ នៅលើសង្វៀន TV5 Arena

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្ដើមខ្សែក្រវាត់ ជើងឯកពានរង្វាន់TIFFYវគ្គ២ ទម្ងន់៥៧គ.ក្រ នៅលើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ អ្នកប្រដាល់ទាំង៤នាក់ រួមមាន អ្នកប្រដាល់ សេក ចាន់រាជ ក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបអ្នកប្រដាល់ ឡាញ់ ផល្លា ក្លិបអេភូថងកីឡា រីឯ អ្នកប្រដាល់ ម៉ឺន ដា ក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ ជុន សាវុធ ក្លិបពោធិជ័យកីឡា។

សម្រាប់ការជួបគ្នារវាង សេក ចាន់រាជ និង ឡាញ់ ផល្លា ជាអ្នកប្រដាល់ខ្លាំងដូចគ្នា ហើយមានស្នៀត ល្បិចនៅលើសង្វៀនខ្ពស់ណាស់ ។ សេក ចាន់រាជ ប្រកួតចុងក្រោយវាយឈ្នះ អ្នកប្រដាល់ ជ័យ ប៊ុនសង់ ក្លិបគីសែមានរិទ្ធក្នុងទឹកទី៤ ចំពោះអ្នកប្រដាល់ ឡាញ់ ផល្លា វិញ វាយឈ្នះ ខន សុខុន ក្លិបរាជសីហ៍ខេត្តរតនគិរីដោយពិន្ទុ។

ចំពោះ ម៉ឺន ដា និង ជុន សាវុធ វិញ អ្នកប្រដាល់ទាំងពីរនាក់នេះ សមត្ថភាពបច្ចេកទេសរបស់ពួកគេទាំងពីរប្រហាក់ប្រហែលគ្នា។ ម៉ឺន ដា ប្រកួតលើកចុងក្រោយ វាយចាញ់អ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលរិទ្ធីដោយពិន្ទុ និង អ្នកប្រដាល់ ជុន សាវុធ វាយស្មើពិន្ទុជាមួយ អ្នកប្រដាល់ ចាន់ គង់រាជ ក្លិបតាព្រហ្មមានជ័យ។

អ្នកប្រដាល់ វៀង សាវ៉ន ជើងចាស់ក្លិបគីសែមានរិទ្ធ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ថៃ រិទ្ធី ក្លិបឫទ្ធីពោធិសែនជ័យ ប្រកួតគ្នាក្នុងទម្ងន់ ៦៥គីឡូក្រាម ចំណែក អ្នកប្រដាល់ ម៉ន ខ្លាដាំ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់អ្នកប្រដាល់ យ៉ាម ស៊ីនេត ក្លិបរស្មីកុមារកំព្រាក្នុងទម្ងន់៥៧គីឡូក្រាម៕

ប្រដាល់ ៤រូប ប្រជែងរកកៅអី ពានរង្វាន់ TIFFY វគ្គ២ នៅលើសង្វៀន TV5 Arena