តក់ សោភ័ណ្ឌ ប៉ះ ធា នុរាជ ខណៈ គុន សំណង ជួបត្រកូលម៉ន លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ នៅលើសង្វៀន SEA-TV នារសៀលថ្ងៃសៅរ៍ទី ២ ខែមករា ២០១៦នេះ អ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ សាកកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ ធា នុរាជ ក្លិបពោធិជ័យកីឡា ខណៈ អ្នកប្រដាល់ គុន សំណង អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ ម៉ន រ៉ៃយ៉ា ក្លិប ការិយា ល័យទី៥ កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់ ៥៧គ.ក្រ ។

តក់ សោភ័ណ្ឌ ពីមុនជាអ្នកប្រដាល់ម្នាក់ ដែលត្រូវបានចាត់ទុកថា ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ ដែលមិនអាចមើលរំលងបាន ។ សោភ័ណ្ឌស្រុតធ្លាក់នោះ ដោយសារតែការឡើងប្រកួត ប៉ុន្មានប្រកួតចុងក្រោយនេះ លទ្ធផលស្តែងចេញវាមិនសូវល្អ។ រីឯ ធា នុរាជ វិញ ជាអ្នកប្រដាល់ជើងចាស់ ដែលមានកម្លាំងសម្រុកខ្លាំង មានស្នៀតប្រដាល់ល្អ និងថែមទាំងមានល្បិចកលក្នុង ការប្រកួតច្រើនថែមទៀត។ ស្នៀតពិសេសរបស់ធានុរាជនោះ គឺការទាត់បកក្រោយ និងទាត់ផ្កាប់ចាន ដែលស្នៀតនេះ នុរាជ ធ្លាប់ទទួលបានជោគជ័យ លើអ្នកប្រដាល់ជាច្រើន នាក់មកហើយ។ ធា នុរាជ ប្រកួតចុងក្រោយវាយចាញ់ អ្នកប្រដាល់ថៃ Rithy Chhai ដោយពិន្ទុ ចំពោះ តក់ សោភ័ណ្ឌ ប្រកួតចុងក្រោយវាយចាញ់មាស ច័ន្ទមាន អ្នកប្រដាល់សមាគមកីឡា ក្រសួងការពារជាតិក្នុងទឹកទី២។

អ្នកប្រដាល់ គុន សំណង អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ ជួបប្រកួតជាមួយអ្នកប្រដាល់ ម៉ន រ៉ៃយ៉ា ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៥៧គ.ក្រ។ តាមការកត់សម្គាល់អ្នកប្រដាល់ គុន សំណង ត្រូវមហាជនភាគច្រើនទទួលស្គាល់ថា ជាជើងខ្លាំងដែលមានកម្រិត ប្រកួតរស់រវើកទាំងដៃទាំងជើង ជាពិសេសការប្រើស្នៀតកែងតែម្តង ។ ក្នុងនោះសូម្បីតែកម្រិតនៃកម្លាំងសម្រុករបស់គេ ក៏មានសន្ទុះខ្លាំងមិនទាន់ថមថយនោះដែរ បើទោះជាកីឡាករជើងខ្លាំងភាគច្រើនឱ្យតែបានល្បីមួយរយៈ គឺធ្លាក់ដៃ ឬប្រែប្រួលសមត្ថភាពប្រកួត។ ជាក់ស្តែងសំអាងត្រឹមកណ្តាប់ដៃ និងកែង គេធ្លាប់បំបាក់អ្នកប្រដាល់ជើងខ្លាំងទាំងវ័យស្រករខ្លួន និងស្រករមុនឲ្យបាក់ស្បាតអស់ច្រើននាក់រួចមកហើយ ទើបសម្រាប់ការជួបប្រកួតជាមួយកីឡាករម៉ន រ៉ៃយ៉ា ដែលគេអាចនិយាយបានថា ជាកីឡាករវ័យក្មេងដែលចូលប្រឡូកក្នុងពេលប្រហាក់ប្រហែលគ្នា ប៉ុន្តែទើបល្បីក្រោយខ្លួនលើកនេះ គឺពិតជាមិនពិបាកយកឈ្នះឡើយ ។ ទាំងវ័យក្មេង និងកម្លាំងសម្រុកអ្នកប្រដាល់ រ៉ៃយ៉ា ហាក់មានប្រៀបជាង ក្នុងនោះសូម្បីបច្ចេកទេសប្រើកែង ម៉ាត់ និងជង្គង់របស់គេ ក៏មានកម្រិតល្អគួរឲ្យសរសើរដែលធ្វើ គុន សំណាង នឹងពិបាកស៊ីផងដែរ ។

អ្នកប្រដាល់ យុគ យក្សខួច ក្លិបអប់រំកាយ និងកីឡាខេត្តបាត់ដំបង នឹងជួបជម្រះបញ្ជីជាមួយអ្នកប្រដាល់ សែត ប៊ូកើត ក្លិបដួងសែនសុខគុនខ្មែរ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម រីឯអ្នកប្រដាល់ សំរាំង ភក្តី ក្លិបព្រៃទទឹងខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ សាត ពុទ្ធីសូត្រ ក្លិបគុនខ្មែរអង្គរ៕

តក់ សោភ័ណ្ឌ ប៉ះ ធា នុរាជ ខណៈ គុន សំណង ជួបត្រកូលម៉ន លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍