ព្រះសង្ឃ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រឿង​លោក ខឹម វាសនា ប្រមាថ​ព្រះពុទ្ធ​សាសនា

មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍​ទប់ស្កាត់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​កំពុង​ធ្វើ​ចលនា​បំផ្លាញ​សាសនា​របស់​រដ្ឋ។ ចំណែក​លោក ខឹម វាសនា បដិសេធ​ថា លោក​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​នោះ​ទេ។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជុំវិញ​ករណី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​បាន​និយាយ​ឆ្គាំឆ្គង​លើ​ព្រះពុទ្ធ​សាសនា​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​បិទ​បញ្ចប់​អនុសំវច្ឆរៈ​មហាសន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នា​សាល​មហោស្រព​ចតុមុខ។

​សមាជិក​ថេរ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅ​អធិការ​វត្ត​ស្រះចក ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរដីកា​ថា មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​បាន​ស្នើ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​ទប់ស្កាត់​ការ​ហែកហួរ​ព្រះពុទ្ធ​សាសនា​ពី​សំណាក់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​មាន​លោក ខឹម វាសនា ជា​ប្រធាន។ ប៉ុន្តែ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​លោក ខឹម វាសនា យ៉ាង​ណា​នោះ គឺ​ស្រេច​តែ​លើ​រដ្ឋាភិបាល ដែល​មាន​កាតព្វកិច្ច​ការពារ​ព្រះពុទ្ធ​សាសនា៖ «អង្គការ​សាសនា​មាន​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​លោក​ជួយ​ដើម្បី​ការពារ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ជា​ឃ្លាំង​ជា​គ្រឹះ​នៃ​វប្បធម៌​ជាតិ និង​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ហើយ​ខ្មែរ​បាន​យក​វិថី​ព្រះពុទ្ធ​សាសនា​សម្រាប់​ដំណើរ​ស្វែង​រក​សុភមង្គល»

​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ មក​នោះ គឺ​ផ្ដោត​សំខាន់​លើ​ករណី​លោក ខឹម វាសនា។ មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ​បាន​លើក​ឡើង​ថា ការ​ឃោសនា និង​ចលនា​នយោបាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ចង់​ផ្ដួល​រំលំ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។ ការ​ចោទ​ប្រកាន់​ដូច្នេះ នៅ​បន្ទាប់​ពី​លោក ខឹម វាសនា តែងតែ​ប្រើ​ពាក្យ​អសុរោះ ជេរប្រមាថ​ព្រះសង្ឃ និង​ធ្វើ​ចលនា​បញ្ចូល​មនោគមវិជ្ជា​ដល់​យុវជន​ឲ្យ​ស្អប់​ព្រះពុទ្ធ​សាសនា​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា សុំ​ការ​ឆ្លើយ​តប​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោក​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ឡើយ។ លោក ខឹម វាសនា បញ្ជាក់​ថា កន្លង​មក​លោក​និយាយ​ប៉ះពាល់​តែ​មនុស្ស​ខូច​ដែល​ជ្រក​ក្រោម​ស្លាក​ព្រះពុទ្ធ​សាសនា​នោះ​ទេ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរដីកា​ថា ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះសា​ប៉ុណ្ណោះ៖ «ព្រះសង្ឃ​ទូទាំង​ប្រទេស​គាត់​ចាត់​ទុក​ជា​អា​ចោរ​ថង់​យាម ប៉ុន្តែ​គាត់​ថា គាត់​ជេរ​បុគ្គល​គួរ​ជេរ​នោះ គ្រាន់​តែ​ជា​លេស។ គាត់​ជេរ​រហូត វាយ​រហូត​អ៊ីចឹង​ថា បុគ្គល​ខូច​ម្នាក់​ពីរ​នាក់​ដែល​ខុស​នោះ តើ​សំខាន់​ណាស់​ទៅ​អី? វា​មិន​សំខាន់​ជាង​ព្រះសង្ឃ​ដែល​ធ្វើ​ល្អ​រាប់​ម៉ឺន​អង្គ​ផ្សេង​ទៀត​ឡើយ»

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា មិន​ទទួល​បាន​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឡើយ​ទេ។

ដោយ​ឡែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ មាន​ថេរ​ដីកា​ថា ប្រសិនបើ​លោក ខឹម វាសនា មិន​ប្ដូរ​របៀប​ធ្វើ​នយោបាយ​លើ​ទឹក​ដី​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទេ​នោះ ព្រះតេជព្រះគុណ​នឹង​ធ្វើ​ញត្តិ​ថ្កោលទោស និង​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​បន្ត​សុំ​បិណ្ឌបាត​ឲ្យ​លោក​ឈប់​ជាន់​ឈ្លី​ព្រះពុទ្ធ​សាសនា​ដើម្បី​ប្រជាប្រិយភាព​នយោបាយ៖ «អាត្មា​ចង់​ឲ្យ​គណបក្ស​នយោបាយ​ច្រើន ដើម្បី​ជួយ​ជាតិ ប៉ុន្តែ​បើ​បង្កើត​គណបក្ស​នយោបាយ​បង្ក​បញ្ហា​ដល់​ជាតិ អាត្មា​តវ៉ា​មិន​រា​ថយ​ឡើយ»

នៅ​ក្នុង​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​នោះ គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ណែនាំ​ដល់​ព្រះ​មេគណ និង​ព្រះ​អនុគណ ព្រម​ទាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ទាំង​អស់ ត្រូវ​អូស​ទាញ​ភិក្ខុ សាមណេរ​ទាំង​ឡាយ​ដែល​សេព​គប់​ជាមួយ​លោក ខឹម វាសន មក​អប់រំ​ឡើង​វិញ។ បើ​ភិក្ខុ​សាមណេរ​ទាំង​នោះ​មិន​ព្រម​ស្ដាប់ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ជា​ភេទ​ជា​អ្នក​បួស​ទៀត​ឡើយ។ លើស​ពី​នេះ មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ យល់​ដឹង​ពី​សកម្មភាព និង​ចលនា​បំផ្លាញ​ព្រះពុទ្ធ​សាសនា​ពី​ក្រុម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។