ឃាត់ខ្លួន អ្នកលួចលួចក្របី ២នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ម្សិញមិញនេះ សមត្ថកិច្ចខេត្ត ពោធិ៍សាត់  ធ្វើការឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ក្នុងករណីលួចក្របី ប្រជាពលរដ្ឋ នៅត្រង់ចំណុចអណ្តូង តាមហែន ស្ថិតក្នុងភូមិកម្រែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានដកស្រង់សម្តី លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើមានឈ្មោះ ម៉ាន កៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងអ្នកបើករថយន្តដឹកក្របី ម្នាក់ទៀតឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិស្វាយស ឃុំសន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាប់ពាក់ ព័ន្ធក្នុងករណី សង្ស័យខាងលើនេះដែរ។

លោកបានបន្ត ថាតាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ស៊ុន ភាព ជាអ្នកបើកបររថយន្តដឹកក្របី បានឱ្យដឹងថាក្របី១ក្បាល ដែលដាក់លើរថយន្ត គឺពួកគេលួចពីឈ្មោះ គួយ ឃឿន ភេទស្រី រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមគេហទំព័រដដែលបានបន្តទៀតថា  ដោយមានការសង្ស័យសមត្ថកិច្ច ក៏ធ្វើការឃាត់រថយន្ត ដឹកក្របី១ក្បាល នេះ ត្រង់ចំណុចកើតហេតុខាងលើ ហើយធ្វើការសាកសួរ ជនសង្ស័យទាំងពីរ ក៏បានសារភាពថា ខ្លួនពិតជា បានលួចក្របីនេះ ពីជនរងគ្រោះខាងលើពិតមែន ព្រោះថាខ្លួនជាអ្នកបើកបររថយន្តដឹកក្របី ស្គាល់ម្ចាស់ក្របី ច្បាស់ណាស់។

សូមបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ច នគរបាលស្រុក្រគរ កសាងសំណុំរឿងបញ្ជូន មកកាន់ ការិយាល័យកណ្តាល នគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ឃាត់ខ្លួន អ្នកលួចលួចក្របី ២នាក់ នៅខេត្តពោធិ៍សាត់