កម្ពុជានឹងចុះMOU ជាមួយម៉ាឡេស៊ី ក្នុងការបញ្ជូនពលករ មកវិញនាពាក់ កណ្តាលឆ្នាំ២០១៦

ភ្នំពេញ៖ បើតាមការអះអាង របស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិតសំហេង កម្ពុជា គ្រោងនឹងចុះ អនុស្សារណៈយោគយល់ (MOU) ចំនួនពីរ ជាមួយប្រទេសម៉ាឡេស៊ី សម្រាប់បញ្ជូនពលករ ទៅបម្រើ ការងារនៅម៉ាឡេស៊ី ឲ្យត្រឡប់មកកម្ពុជាវិញ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ថ្លែងទៅកាន់អ្នកសារព័ត៌មាន បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមសមាជ នៃសហភាព សហព័ន្ធ សហជីពជាតិកម្ពុជា អាណត្តិទី៥ ដែលបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០១៥។

លោក អ៊ិត សំហេង បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលកម្ពុជាបានចុះហត្ថលេខា ជាមួយ ម៉ាឡេស៊ីនោះ មានគឺទីមួយ ការបញ្ជូនពលករទូទៅ និងមួយទៀតបញ្ជូនពលករដែលបម្រើការ ងារតាមផ្ទះសម្បែង។

លោកបញ្ជាក់ថា «កិច្ចព្រមព្រៀងដែលកម្ពុជាចុះហត្ថលេខាជាមួយម៉ាឡេស៊ីសំដៅសំខាន់ក្នុងការ ដោះស្រាយបញ្ហា ប្រឈមរបស់ពលករដែលតែងកើតមាន ហើយពិសេសការគៀបសង្កត់ ការធ្វើបាបពីសំណាក់ថៅកែជាម្ចាស់ផ្ទះ។ ហេតុនេះកិច្ចព្រមព្រៀងនេះគេធ្វើឡើងជាប្រព័ន្ធដែលផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយ ជូនដល់ពលករ កម្ពុជា នៅពេលកើតបញ្ហាណាមួយឡើងនាថ្ងៃខាងមុខ។អីចឹងហើយផែនការ សកម្មភាពដែលមានលក្ខណៈ បច្ចេកទេល ម្អិតមួយនឹងរៀបចំឡើង ហើយបន្ទាប់ពីនោះទើបយើងអនុវត្តកិច្ចព្រមព្រៀងទាំងនេះឡើង»។

លោកបានបន្ថែមថា ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ គឺក្រសួងរង់ចាំក្របខណ្ឌបច្ចេកទេសសម្រាប់ កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអនុវត្តការងារ។ សម្រាប់គម្រោងផែនការនេះអាច នឹងធ្វើបញ្ចប់រួចរាល់នៅ ដើមឆ្នាំ២០១៦ ហើយឈានដល់ពាក់កណ្តាលឆ្នាំក្រោយនឹងអនុវត្ត ការបញ្ជូនពលករទៅបំពេញការងារ នៅ ប្រទេសម៉ាឡេស៊ី មកកម្ពុជាវិញ។

ទោះបីយ៉ាងណាលោករដ្ឋមន្រ្តីបានលើកឡើងថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីគេមិនដឹងថា ប៉ុន្មាននាក់នៅឡើយទេ គឺអាស្រ័យលើចំណង់ចំណូលចិត្តរបស់ពលករកម្ពុជាម្នាក់ៗតែប៉ុណ្ណោះ។

លោកជឿថា នាពេលនេះ ជម្រើសការងាររបស់ពលករកម្ពុជា មានច្រើនដែលមានទាំងក្នុងប្រទេសនិងក្រៅ ប្រទេស។សម្រាប់កិច្ចការងារនៅក្នុងប្រទេសកម្ពុជាគេឃើញថា មានចំណូលអាចគ្រាន់ផ្គត់ផ្គង់ ជីវភាពប្រសើរ ជាងមុនច្រើន ហេតុនេះ ការចេញទៅបម្រើការងារនៅក្រៅប្រទេសគេឃើញថា អាចនឹងមានការថមថយចុះ។
  សូមបញ្ជាក់ថា ពលករខ្មែរជាច្រើនដែលធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីបានទទួលរង ការរំលោភបំពានពីថៅកែ។ មានពលការិនីដែលជាជំនួយការមេផ្ទះខ្លះទទួលរងការរំលោភផ្លូវភេទ វាយធ្វើបាបរហូតដល់ឡប់សតិ និងអ្នកខ្លះ បានស្លាប់ក៏មាន៕

កម្ពុជានឹងចុះMOU ជាមួយម៉ាឡេស៊ី ក្នុងការបញ្ជូនពលករ មកវិញនាពាក់ កណ្តាលឆ្នាំ២០១៦