ក្រសួងមហាផ្ទៃ​ចង់​ឲ្យ​មានច្បាប់​គ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ​ដាច់ដោយឡែក​

ភ្នំពេញ:  ក្រសួងមហាផ្ទៃ ចង់​ឲ្យ​មានច្បាប់​ដោយឡែក​មួយ សម្រាប់​រាជធានី​ភ្នំពេញ ផ្នែក​គ្រប់គ្រង​សំរាម​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព ស្រប​ពេលដែល​សព្វថ្ងៃ សំរាម​នៅតែ​ជា​បញ្ហា​ចម្បង​ដ៏​ធំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព បរិស្ថាន​ទីក្រុង​។​
        
​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បានលើកឡើង​នៅក្នុង ពិធី​ប្រកាស​តែង តាំង​លោក​ស៊ុន សេ​រិ​ទ្ធ ជា​អភិបាលរង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ធ្នូ ដោយបាន​អះអាងថា រយៈពេល​ជាង​២០​ឆ្នាំ​មក គិត​ចាប់ពី​ឆ្នាំ​១៩៩៣ មក​បញ្ហា សំរាម​នៅ​រាជធានី​ភ្នំពេញ​នៅតែ​មិនទាន់​ដោះស្រាយ​បានល្អ​នៅឡើយ  ខណៈដែល​រាជធានី​ភ្នំពេញ​កំពុងមាន​ការអភិវឌ្ឍ​ន៍​។

​លោក​បញ្ជាក់ថា នៅពេលនេះ​មានមតិ​គ្រប់​មជ្ឈដ្ឋាន បាននិងកំពុង​រិះគន់​ខ្លាំងៗ មកលើ​អាជ្ញាធរ​លើ​ដំណោះស្រាយ​បញ្ហា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នៅតែ​ចោទ​ជា​បញ្ហា​ប្រឈម​នៅឡើយ ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​វិធាន ការ​ជាក់លាក់​ថែ​ទៀត ដើម្បី​ឲ្យ​បញ្ហា​នេះ បាន​ប្រសើរ​ស្របតាម​ស្ថានភាព​អភិវឌ្ឍ​សព្វថ្ងៃ​។​

​លោក​បញ្ជាក់ថា ដំណោះស្រាយ និង​គ្មាន​ប្រសិទ្ធភាព ប្រសិនបើ​គ្មាន​វិធានការ​ច្បាប់​តឹងរឹង​ដូច​ប្រទេសជិតខាង ដើម្បី​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គ្រប់គ្រង​ក្រុមហ៊ុន​ប្រមូល​សំរាម​ត្រូវគោរព​ពេលវេលា នៃ​ការបោះសំអាត និង​ការប្រមូល​សំរាម​។

​លោក​បន្តថា ការដោះស្រាយ​សំរាម​បានល្អ ពិតជា​នឹង​ជួយ​លើក​កំពស់​មុខមាត់​រាជធានី​ភ្នំពេញ បាន​កាន់តែ​ស្រស់ស្អាត ពេលនោះ​ប្រជាពលរដ្ឋ​មាន​សុខ​ភាពល្អ​ផង​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សព្វថ្ងៃ​ការដោះស្រាយ​បញ្ហា​សំរាម គឺជា​ផែនការ​អទិភាព​មួយ​របស់​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ទាមទា​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​នឹង​ប្រជាពលរដ្ឋ​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ កែប្រែ​ទំលាប់​សព្វថ្ងៃ​ចេញ​។ ទោះបីជា​យ៉ាងណា​នោះ ន​ការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ទ​ម្ល​ក់​ការគ្រប់គ្រង​សំរាម​នេះ ទៅតាម​ថ្នាក់​ខណ្ឌ​វិញ​តាមរយៈ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម​នៅ​នឹង​មូលដ្ឋាន ខ្លួន​ឲ្យ​បាន​ប្រសើរឡើង​ជាង​សព្វថ្ងៃ ជៀស​ជាង​ពេល​មាន​បញ្ហា​ឆ្លើយ​ដាក់គ្នា​យករួចខ្លួន​។​

​គួររំលឹកថា​៖ រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ប្រមាណ​ជិត​១០​ក្រុមហ៊ុន​មកហើយ ដែល​បាន​សុំ​ការសិក្សា​គម្រោង​វិនិយោគ​ការកែច្នៃ​សំរាម នៅ​រាជធានី​ភ្នំពេញ ឲ្យ​ទៅជា​ប្រភព​ថាមពល​អគ្គិសនី ក្នុង​គម្រោង​ទុន​វិយោគ​ចន្លោះ​ពី​៦០​លាន ទៅ ២០០​លាន​ដុល្លារ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា តម្លៃ​ថាមពល​អគ្គិសនី ដែល​ទាញ​ពី​គម្រោង​វិនិយោគ​ការកែច្នៃ​សំរាម គឺមាន​តម្លៃ​ថ្លៃ​ជាង​ថាមពល​អគ្គិសនី​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​។  
​សាលា​រាជធានី​ភ្នំពេញ បានបង្ហាញ​ក្នុង​របាយការណ៍​ថា តាម​ការប៉ាន់ស្មាន បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​បង្កើត​សំរាម ចាប់ពី​ចន្លោះ​ពី​១.៨០០​តោន ទៅជិត​២​ពាន់​តោន ហើយ​ក្នុង​មួយថ្ងៃៗ​ត្រូវបាន​ដឹក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌដង្កោ​ជាយក្រុង​ភាគខាងត្បូង​៕

ក្រសួងមហាផ្ទៃ​ចង់​ឲ្យ​មានច្បាប់​គ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ​ដាច់ដោយឡែក​

ក្រសួងមហាផ្ទៃ​ចង់​ឲ្យ​មានច្បាប់​គ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ​ដាច់ដោយឡែក​