លោក ឡុង សំអឿន កំពុង​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​នៅក្នុង​ខេត្ត​នេះ មាន​ប៉ុស្តិ៍​ឈរជើង​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចំនួន​៤​កន្លែង​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ស័ក្តិ​៤ ឡុង សំអឿន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឡុង សំអឿន ជាម​នុស្ស​ជំនិត​របស់លោក​ឧត្ដមសេនីយ៍ត្រី យិន ប្រសិទ្ធ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​៣​ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តឧត្ដរមានជ័យ​។ ដោយ​អាង​ឥទ្ធិពល​របស់លោក យិន ប្រសិទ្ធ បែបនេះហើយ​ទើប​លោក ឡុង សំអឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​និង​មិន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​តាម​តួនាទី​របស់ខ្លួន​នោះទេ​។​

កន្លែង​ឈរជើង​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ខេត្តសៀមរាប គឺ​ទី​១-​នៅ​ស្រុក​ពួក ទី​២-​នៅ​ស្រុក​បន្ទាយស្រី ទី​៣-​នៅ​ស្រុក​ស្វាយ​លើ និង​ទី​៤-​នៅ​ស្រុក​ជីក្រែង ដែលជា​ចំណុច​មាន​បទល្មើស​សេដ្ឋកិច្ច​ឆ្លងកាត់​ច្រើន​។ អ្នក​ឈរជើង​នៅ​បណ្ដា​ប៉ុស្តិ៍​ទាំងនេះ គឺជា​ជន​ស៊ីវិល​មិនមែន​នគរបាល​នោះទេ ប៉ុន្តែ​ស្ថិតក្រោម​ការចាត់តាំងរ​ប​ស់លោក ឡុង សំអឿន ដែល​ល្បីល្បាញ​ខាង​ប្រមូល​លុយ​ជូន​លោក យិន ប្រសិទ្ធ​។ គេ​មិនដឹងថា លោក ឡុង សំអឿន ក្នុង​មួយខែៗ​ត្រូវ​បង់​ឲ្យ​លោក យិន ប្រសិទ្ធ ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ព្រោះ​សកម្មភាព​ប្រមូល​លុយ​របស់គាត់​សស្រាកសស្រាំ​ខ្លាំងណាស់​។

មន្ត្រីនគរបាល​ក្នុង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ ការិយាល័យ​រដ្ឋបាល​ស​រុ​ប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ក៏ប៉ុន្តែ​ដោយសារ​តែមាន​លោក យិន ប្រសិទ្ធ ជា​ខ្នងបង្អែក​ទើប​លោក​ស័ក្តិ​៤ ឡុង សំអឿន ទទួលបាន​សិទ្ធិ​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​នៅក្នុង​ខេត្តសៀមរាប យ៉ាង​សុខ​ស្រួល​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់លោក ឡុង សំអឿន ខ្លះ​ផង​ព្រោះ​មន្ត្រីនគរបាល​រូបនេះ មិនដែល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​ឡើយ ហើយ​បែរជា​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

police-eco-SR-chetra-500x250លោកស័ក្តិ៤ ឡុង សំអឿន​