លោក សម រង្ស៊ី ប្តេជ្ញាចិត្តឲ្យ គណបក្សនយោបាយ ខ្មែររួមគ្នាជាធ្លុងមួយ នៅឱកាសឆ្នាំថ្មី

ភ្នំពេញ៖ ប្រធាន គណបក្សសង្គ្រោះ លោក សម រង្ស៊ី បានប្តេជ្ញាចិត្តថា នៅក្នុងឱកាស ចូលឆ្នាំសកល ឆ្នាំ២០១៦ នឹងធ្វើយ៉ាងណាឲ្យគ្រប់ គណបក្សនយោបាយ នៅស្រុកខ្មែរស្រុះស្រួលគ្នា និងពួតដៃគ្នាជាធ្លុងមួយ ជាគ្រួសារខ្មែរ តែមួយ។

យោងតាមបណ្តាញហ្វេសប៊ុក របស់ លោក សម រង្ស៊ី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះបានឲ្យដឹងថា  ថា ក្នុង ឱកាសចូលឆ្នាំថ្មី សកល ២០១៦ លោកសូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេស កម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ រក្សាបានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន និងទទួលបាន ជោគជ័យក្នុងកិច្ចការនិងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា។

លោកបន្តថា “ចំពោះប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ហើយខ្ញុំនឹង ខិតខំខ្លួនឯង ធ្វើយ៉ាងណាឲ្យជនជាតិខ្មែរគ្រប់គណបក្ស និងគ្រប់និន្នាការនយោបាយ ជានាគ្នា ស្រុះស្រួលគ្នា និងពួតដៃគ្នា ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ និងថែរក្សាជាតិមាតុភូមិរបស់យើងឲ្យបាននៅគង់វង្សជានិរន្តិ៍ ហើយរួមកម្លាំងគ្នាជាធ្លុងមួយដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យកាន់តែរុងរឿងល្អប្រសើរ”។

ជាចុងក្រោយលោកបានផ្តាំផ្ញើមកវិញទៀតថា  លោកនឹកដល់បងប្អូនជនរួមជាតិជាច្រើននាក់ និងច្រើនគ្រួសារ ដែលកំពុងរងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបគ្រប់យ៉ាង មានការរឹបអូសយកដីធ្លី និងផ្ទះសម្បែងជាដើម ព្រមទាំងការធ្វើទុក្ខបុកម្នេញតាមច្រើនរូបភាពគួរឲ្យឈឺចាប់៕

លោក សម រង្ស៊ី ប្តេជ្ញាចិត្តឲ្យ គណបក្សនយោបាយ ខ្មែររួមគ្នាជាធ្លុងមួយ នៅឱកាសឆ្នាំថ្មី