​ប្រធាន​ពន្ធនាគារ​ខេត្តកំពត លោក អែម បូ រង​ការ​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ

បញ្ហា​អសកម្ម​ជាច្រើន​បាននិងកំពុង​កើតឡើង​យ៉ាងច្រើន​ស្អេកស្កះ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពត​ដែល​បញ្ហា​ទាំងនោះ​មាន​ករណីខ្លះ​ជា​អំពើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។ ប្រភពព័ត៌មាន​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត​បាន​បង្ហើប​ថា ប្រធាន​ពន្ធនាគារ​ខេត្តកំពត លោក អែម បូ បាន​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​បំពេញការងារ​ទាំង​បំពាន​ច្បាប់ ហើយ​បញ្ហា​នៅក្នុង​ពន្ធនាគារ​កំពុងតែ​រីក​រាលដាល​ធំ​ឡើង​។​

​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត​បាន​រាយការណ៍​មក​ថា​រឿងរ៉ាវ​ពុករលួយ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពត​មាន​ស្អេកស្កះ ដូចជា​បញ្ហា​ជួញដូរ​គ្រឿងញៀន​កំពុង​ញាំញី​នៅក្នុង​ពន្ធនាគារ​នេះ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​បើទោះជា​ទណ្ឌិត​ដែល​នៅក្នុង​ពន្ធនាគារ​ប្រមាណ​ជាង​៤០០​នាក់ ស្ថិតនៅក្រោម​រង្វង់​ច្បាប់​ដូចគ្នា​ក៏ដោយ ក៏​អ្នកទោស​ខ្លះ​កំពុង​រស់នៅ​សោយសុខ និង​អ្នកខ្លះ​វេទនា​ព្រោះ​អ្នកទោស​នៅក្នុង​ពន្ធនាគារ​មាន​ជីវភាព​ខុសគ្នា ។ អ្នកទោស​ដែលមាន​ជីវភាព​ធូរធារ​អាច​រស់នៅក្នុង​ពន្ធនាគារ​សុខ​ស្រួល ព្រោះ​គេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ពន្ធនាគារ ខណៈ​អ្នកទោស​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​រស់នៅ​យ៉ាង​លំបាក​វេទនា​បំផុត​។​

ប្រភពព័ត៌មាន​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត​បានលើកឡើង​ថា​រហូតដល់​បច្ចុប្បន្ន បញ្ហា​អសកម្ម​ក្នុង​ការងារ​ក៏​កំពុង​ជួប​ភាពស្មុគស្មាញ​ផងដែរ ខណៈ​លោក អែម បូ ក្តោប​យក​ការងារ​តែម្នាក់ឯង ទុក​ឲ្យ​មន្ត្រី​ដទៃទៀត​អត់​ការងារ​ធ្វើ​។ ការអនុញ្ញាត​ឲ្យ​យកប្រាក់​ពី​បងប្អូន​ទណ្ឌិត​ពេលដែល​ចូលទៅ​សួរនាំ​, ការបង់​សេវា​ថ្លៃ​ម្ហូបអាហារ នៅតែ​បន្ត​កើតមាន​នៅឡើយ​។​

​ជុំវិញ​បញ្ហា​នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត​បាន​បង្ហើប​ថា​ប្រធាន​ពន្ធនាគារ​ខេត្តកំពត លោក អែម បូ ដែល​រង​ការ​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ​ធ្លាប់​ផ្គើន​មន្ត្រីក្រោមឱវាទ​ថា​គ្មាន​អ្នកណា​អាច​ប៉ះពាល់​មុខតំណែង​របស់ខ្លួន​បានទេ​ព្រោះ​រូបគេ​មាន​មន្ត្រី​មានអំណាច​នៅ​ក្រសួងមហាផ្ទៃ​ជា​បង្អែក​។ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត បាន​សំណូមពរ​ថា​ក្រសួងមហាផ្ទៃ​គួរ​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះមក​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​ដែល​កំពុង​កើតមាន​ក្នុង​ពន្ធនាគារ​៕

11131​ ​
​ ​