​បទល្មើស​កាប់​ឈើ​នៅ​ព្រៃ​ឡង់​ខេត្តកំពង់ធំ​នៅតែ​បន្ត​កើតមាន​

​សកម្មជន​ព្រៃឈើ​បាន​រាយការណ៍​ពី​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ឱ្យដឹងថា​ចុងក្រោយ​នេះ សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ពី​សំណាក់​មេ​ឈ្មួញ​ធំៗ និង​មាន​ខ្នងបង្អែក​ដ៏​ក្រាស់ៗ​នោះ​នៅតែ​បន្ត​កើតមាន​នៅឡើយ​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅលើ​ទឹកដី​ឃុំ​មាន​រិ​ទ្ធ ឃុំ​ទំរីង និង​ឃុំ​ដងកាំបិត ក្នុងស្រុក​សណ្តាន់​។​

​នៅពេល​សារព័ត៌មាន​សាកសួរ សុំ​ការបំភ្លឺ​ក្រុម​ឈ្មួញ​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​បាន​បង្ហើប​ថា ពួកគេ​បាន​បង់ប្រាក់​ឲ្យ​អាជ្ញាធរ​ស្រុក -​ខេត្ត និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ហើយ តែ​ក្រុម​ឈ្មួញ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​របស់​អង្គភាព និង​មន្ត្រី​ខិលខូច​នោះទេ​។ ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​លើ​ទឹកដី​ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ត្រូវគេ​បង្ហើប​ឈ្មោះ​ឱ្យដឹងថា​ឈ្មោះ យាម​រើម យាយ​ហេ ម្ចាស់​ផ្សារ អូរ​ពក លោក ប៉ែន ប៊ុន​គា ដែលមាន​ឋានៈ ជា​វរសេនីយ៍ត្រី​យោធា​ផ្នែក​ស្រាវជ្រាវ ហើយ​មន្ត្រី​ដដែល​នេះ​មាន​សិប្បកម្ម​ខុសច្បាប់​ចំនួន​ពីរ​កន្លែង​។​

​ប្រជាពលរដ្ឋ និង​សហគមន៍​នានា បាន​សំណូមពរ​សុំឱ្យ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិ​ន ទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​ជួយ​ស៊ើបអង្កេត​រឿងនេះ​ផង ដើម្បី​កុំឱ្យ​មេ​ឈ្មួញ ពើងទ្រូង​ដាក់​ច្បាប់​ខ្លាំងពេក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​បើ​មិន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មានអំណាច​នឹងមិន​អាច​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន​ដូច​បច្ចុប្បន្ន​នោះទេ​។​

ពលរដ្ឋ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ព្រៃ​ឡង់​នៅតែ​បន្ត​ទទួលរង​ការកាប់​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ឈ្មួញ​នៅឡើយ​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គប្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ថែរក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​។ ប្រភព​ដ​ដដែល​បានបញ្ជាក់​ថាបើ​គ្មាន​ការអភិរក្ស​ឲ្យ​បាន​គង់វង្ស​នោះ​អនាគត​តំបន់​ព្រៃ​ឡង់​នឹង​ក្លាយទៅជា​ទីវាល​យ៉ាង​ល្វឹងល្វើយ​មិន​ខាន​៕

wood_kompongthom1 (5) 2014_08_12mkk1