មនុស្សរាប់ម៉ឺននាក់ រួមទាំងកុមារ នឹងត្រូវស្លាប់ រងរបួសក្បាលធ្ងន់ធ្ងរ នៅកម្ពុជា គិតត្រឹមឆ្នាំ២០២០

ភ្នំពេញ៖ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការ របួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជាបានឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ ដោយរួមទាំងកុមារផងនឹងត្រូវស្លាប់ និងរាប់មួយម៉ឺននាក់ ត្រូវរងរបួសក្បាលធ្ងន់ធ្ងរគិតត្រឹមឆ្នាំ២០២០ ប្រសិនបើការពាក់មួកសុវត្ថិភាព មិនត្រូវបានជំរុញ ឲ្យមានប្រសិទ្ធភាពនិងជាប្រចាំ។ នេះបើយោងតាមអត្ថបទរបស់លោក ឆាយ សុផល អ្នកកាសែតជើងចាស់នៅកម្ពុជា។

ដោយសំអាង លើការសិក្សាស្រាវជ្រាវរបស់អង្គការ AIP Foundation នៅឆ្នាំ២០១៤ លោក គឹមបញ្ញាបានមានប្រសាសន៍ថា ចំនួននេះមិនទាន់គិត ពីការសង្រ្គោះជីវិតអ្នកបើកបរម៉ូតូ ដែលមានចំនួនម៉ូតូកាន់តែច្រើននៅឡើយទេ តើនរណាអាចជួយកាត់បន្ថយ ការរងរបួសក្បាលនេះបាន? តើអ្នកដទៃ បុគ្គលខ្លួនឯង ឬក៏ច្បាប់? មិនគួរឲ្យជឿទេដែលថា មួកសុវត្ថិភាពមួយដែលមានគុណភាព និងតម្លៃសមរម្យ អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន ឬក៏ការបង្ការ មិនឲ្យរងរបួសក្បាលធ្ងន់ធ្ងរ ដែលនាំឲ្យពិការអស់មួយជីវិត។

អ្នកបើកបរម៉ូតូ ពិសេសអ្នករួមធ្វើដំណើរទាំងកុមារ និងមនុស្សចាស់ ដែលអង្គុយទាំងខាងមុខ និងខាងក្រោយអ្នកបើកបរ ហើយមិន បានពាក់មួកសុវត្ថិភាពនោះ ត្រូវបានអ្នកជំនាញចរាចរណ៍កត់ត្រាថា បាននិងកំពុងប្រឈមគ្រោះថ្នាក់ ដោយប៉ះទង្គិចក្បាល យ៉ាងធ្ងន់ធ្ងនៅ ពេលមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ។

លោកបានអំពាវនាវ ឲ្យមានការផ្សព្វផ្សាយតាមគ្រប់រូបភាព ស្តីពីសុវត្ថិភាពនៃការប្រើមួកសុវត្ថិភាព នៅពេលធ្វើដំណើរ ទោះជាជិត ឬឆ្ងាយក្តី ហើយត្រូវជិះយឺតៗ ខណៈដែលត្រូវពង្រឹងការអនុវត្តច្បាប់ ឲ្យបានម៉ឹងម៉ាត់ ជាប់លាប់ ស្មើភាពនិងតម្លាភាព ព្រមទាំងលើកទឹកចិត្តឲ្យ វិស័យឯកជននានា ចូលរួមជំរុញការពាក់មួកសុវត្ថិភាព ពិសេសក្នុងចំណោមកុមារ និងអ្នករួមដំណើរ។    

លោកបានបន្តថា បន្ទាប់ពីបានផ្តល់ការអប់រំ និងការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ អស់រយៈពេលយូរមកហើយក៏ដោយ ក៏អត្រាអ្នកពាក់មួក សុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ ក្នុងនោះមានទាំងកុមារផង មានត្រឹមតែ១៥%ប៉ុណ្ណោះ គិតត្រឹមខែសីហា ឆ្នាំ២០១៥ នេះ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលជាតំបន់គោលដៅ របស់អង្គការ AIP Foundation ដែលចំនួននេះគឺនៅតិចតួច បំផុត ហើយជាមួយនិងចំនួនដ៏តិចតួចនេះ គឺមានតែពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ប៉ុណ្ណោះ ទើបអាចបង្កើនចំនួនអ្នក ពាក់មួកសុវត្ថិភាព ដែលមានប្រសិទ្ធភាព ក្នុងការជួយសង្រ្គោះជីវិតមនុស្ស នៅពេលធ្វើដំណើរតាមម៉ូតូ៕

មនុស្សរាប់ម៉ឺននាក់ រួមទាំងកុមារ នឹងត្រូវស្លាប់ រងរបួសក្បាលធ្ងន់ធ្ងរ នៅកម្ពុជា គិតត្រឹមឆ្នាំ២០២០