ផឹកស៊ី​ក្លែម​សំដី​កាប់​របួសធ្ងន់​២​នាក់​ សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​ម្នាក់

ខេត្តកំពង់ចាម​ ៖ មនុស្ស​២​ក្រុម​បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​បង្ក​ជា​ហិង្សា​កាប់​របួសធ្ងន់​២​នាក់កាល​ពីវេលា​ម៉ោង​៤​​ និង​៤៥​នាទីរសៀល ​ថ្ងៃ​ទី​៣០ ​ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ម៉ៅ  សោម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្ថិតក្នុង​ភូមិ​លេខ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ  ។  

ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ ចំណែក​ជន​ដៃដល់​វិញ​បាន​រត់គេច​ខ្លួន​បាត់​មួយ​ចំនួន និង​ចាប់​បាន​ម្នាក់។

តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​​​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​នោះក៏មានការនិយាយ​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​គេ​មិន​បានដឹង​និយាយ​ពី​រឿង​អ្វី​ឡើយ បន្ទាប់​មក​ស្រាប់តែ​ឈ្មោះ
សង្សារ និង​ឈ្មោះ​ម៉ា​ឌី បាន​ស្ទុះ​ទៅ​យក​កាំបិតប៉័ងតោ​ចំនួន​២មកកាប់​​​លើ​ឈ្មោះ ឡូត របួស​ស្មា​ស្តាំ និង​ឈ្មោះ​វណ្ណៈ ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​ដេរ​៦​ថ្នេរ និង​ផ្ទាល់​ខាងឆ្វេង​ដេរ​៨​ថ្នេរ​ ត្រូវ​បាន​សាច់ញាតិ​​​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ  ។

ក្រោយ​ពីហេតុ​ការ​ណ៍នេះ​​​កើតឡើងសមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​លក់​សាច់​ក្លែម​នោះ ព្រមទាំង​បានស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស្វិត បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកចំការលើ​ដើម្បី​សួរនាំ៕