ឆ្លង​ឆ្នាំ​សកល​ អាជ្ញាធរ​ និង​សមត្ថកិច្ច​រាប់​បាត្រ​ព្រះសង្ឃ​២៣អង្គ​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកដំណើរ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្រប​ពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​2015 ​ចូល2016 ​បាន​ឈាន​មក​ដល់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​គេ​ឃើញ​អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន​23អង្គ​លើ​ដងផ្លូវ​ជាតិ​លេខ​5​ចំណុចដើម​ពោធិ៍​យាយ​ម៉ៅ​ក្នុងភូមិ​អណ្តូង​ថ្ម​មាស ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ នៅ​ព្រឹក​ថ្ងៃ​ទី​31​ ធ្នូ 2015 នេះ ​ដើម្បី​បួងសួង​ដល់​បារ​មី​លោកយាយ​ម៉ៅ​, លោកតា​ក្រហម​.ក ​និង​កុមារ​ពេជ្រ​សុំ​សេចក្តីសុខ​ដល់​អ្នកដំណើរ​ជៀស​ផុត​ពី​គ្រោះថ្នាក់​នានា ​ពិសេស​គ្រោះថ្នាក់​ចរចរ​ណ៍​។

ពិធីបួងសួង​ខាងលើ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍ត្រី​ អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​មានការ​ចូលរួម​ពី​អាជ្ញារ​ធរ​មូលដ្ឋាន​,​ ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ក្នុង​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ជា​ច្រើន​នាក់​។

ពិធី​នេះ​គេ​ឃើញ​មានការ​រាប់បាត្រ​ព្រះសង្ឃ​មក​ពី​វត្ត​នានា​ទូ​ទាំង​ក្រុង​សរុប​23​អង្គ​ផង​ដែរ​។ លោក​អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកដំណើរ​គ្រប់​គ្នា​ដែល​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​ក្នុង​ខេត្តបន្ទាយមានជ័យ​ ហើយ​ថា​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​​ឆ្លង​ឆ្នាំ​សកល​ដែល​បាន​ឈាន​មក​ដល់​ផង​ដែរ​។

លោក​អធិការ​បញ្ជាក់​ថា ​ការ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកដំណើរ​នេះ​ប្រារ​ព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​១​ឆ្នាំ​ម្តង​៕ ​