កម្ពុជា​គ្រោង​ចុះ​អនុស្សរណៈ​ចំនួន​ពីរ​ជាមួយ​ម៉ា​ឡេ​ស៊ី​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ពី​បាន​​ព្យួរ​ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​អ៊ិ​ត ​សំ​ហេង ​បាន​មាន​ប្រសាសន៍​ថា​ នា​ពេល​នេះ​កម្ពុជា​គ្រោង​នឹង​អនុវត្ត​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​នេះ​ឡើង​វិញ​។

ថ្លែង​ទៅ​កាន់​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ពេល​លោក​អញ្ជើញ​ចូលរួម​សមាជ​នៃ​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អាណត្តិ​ទី​៥​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាល​ពី​ថ្ងៃទី៣០ ​ធ្នូ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បានឱ្យ​ដឹង​ក្នុង​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​បាន​ចុះហត្ថលេខាជាមួយប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​មាន ​គឺ​ទី​មួយ​ការ​បញ្ជូន​ពលករ​ទូទៅ​ និង​មួយទៀត​ គឺ​បញ្ជូន​ពលករ​ដែល​បម្រើ​ការងារតាម​ផ្ទះសម្បែង​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ «កិច្ចព្រមព្រៀង​ដែល​កម្ពុជា​ទើប​ចុះហត្ថលេខា​ជាមួយ​ម៉ា​ឡេ​ស៊ី​នេះ​សំដៅ​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ដែល​តែង​កើត​មាន ហើយ​ពិសេស​ការ​គាបសង្កត់ ការ​ធ្វើបាប​ពី​សំណាក់​ថៅកែ​ជា​ម្ចាស់ផ្ទះ ។​

ហេតុនេះ​កិច្ចព្រមព្រៀង​នេះ​គេ​ធ្វើ​ឡើងជា​ប្រព័ន្ធ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ជូន​ដល់​ពលករ​កម្ពុជា​នៅ​ពេល​កើត​បញ្ហា​ណាមួយ​ឡើង​នា​ថ្ងៃ​ខាង​មុខ​។ ​អ៊ីចឹង​ហើយ​ផែនការ​សកម្មភាព​ដែល​មាន​លក្ខណៈ​បច្ចេក​ទេ​សលម្អិត​មួយ​នឹង​រៀបចំ​ឡើង ហើយ​បន្ទាប់​ពី​នោះ​ទើប​យើង​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនេះ​ឡើង​»​៕
 ​