ខឹង​ស្តីបន្ទោស​រឿង​ផឹកស៊ី ឡើង​បង្គោល​ភ្លើង​កម្ពស់​ជាង​៨​ម៉ែត្រ​ចង​.​ក​សម្លាប់​ខ្លួន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​បង្គោល​ភ្លើង​មាន​កម្ពស់​ជាង​៨​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាល​ពី​វេលា​ម៉ោង​០៥ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​វាលស្រែ​ប្រាំង ក្នុងភូមិ​បន្លិច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​​រក៍ ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​មឿ​ន ហួយ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នេះ គឺ​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា ដោយសារ​តែ​រូបគេ​ខឹង​នឹង​ឪពុក​ម្តាយ បងប្អូន​នាំ​គ្នា​ស្តីបន្ទោស​រឿង​រូបគេ​ដើរ​ផឹកស៊ី​មិន​ធ្វើ​ការងារ ។

ប្រភព​បន្ត​ថា តាម​ការ​ពិនិត្យ​លើ​សាកសព សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ប្រើ​ខ្សែ​គោ​ឡើង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​បង្គោល​ភ្លើង​ប្រហែលជា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៩ ធ្នូ មក​ម្ល៉េះ ។ លុះ​ព្រឹក​ថ្ងៃ​ទី​៣០ ទើបត្រូវ​អ្នកស្រុក​ទៅ​ធ្វើស្រែ​ប្រាំង​ក្បែរ​នោះ​ប្រទះ​ឃើញ ទើប​​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។