ឆ្នាំ​២០១៦ ​កម្ពុជា​ត្រៀម​បញ្ជូន​ពលករ​ទៅធ្វើ​ការ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​

​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​អ៊ិត​សំហេង​បាន​ថ្លែងថា​ពេលនេះ​កម្ពុជា ​និង​ប្រទេស​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ចំនួន​ពីរ​ដើម្បី​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​នេះ​ឡើងវិញ​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០១៦ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ការព្យួរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ការបញ្ចេញ​ឱ្យដឹង​របស់ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បែបនេះ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​អង្គសមាជ ​នៃ​ស​ហ​ភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អាណត្តិ​ទី ​៥ ​ដែល​បាន​រៀបចំឡើង​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេ​បា​សា​​ក់ ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​៣០ ​ខែ ធ្នូ​ ឆ្នាំ​២០១៥ ​កន្លងមក​។​

លោក​រដ្ឋមន្ត្រី​បាន​ មានប្រសាសន៍ប្រាប់ ​បណ្តាញ​សារពត៌មាន​ថា ​កិច្ចព្រមព្រៀង​ដែល​កម្ពុជា ​ទើប​ចុះ​ហ​​ត្ថ​លេខា​ជាមួយ​ម៉ាឡេស៊ី​ នេះ​សំដៅ​សំខាន់​ក្នុងការ ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ​ពលករ​ដែល​តែង​កើត​​មាន​កន្លងមក ពិសេស​ការគាបសង្កត់ ការធ្វើ​បាប​ពី​សំណាក់​ថៅកែ​ជា ​ម្ចាស់ផ្ទះ​មកលើ​ពលករ​កម្ពុជា ។កិច្ចព្រមព្រៀង​នេះដែរ​គេ​ធ្វើ​ឡើង ជា​ប្រព័ន្ធ​ដែល​ផ្តល់​ភាព ងាយស្រួល​ក្នុងការ​ដោះស្រាយ​ជូន​ដល់​ពលករ​កម្ពុជា​ នៅពេល​កើត​បញ្ហា​ណាមួយ​ឡើង​នា​ថ្ងៃ​ខាងមុខ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​កិច្ចព្រមព្រៀង ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​នេះ​មាន​ គឺ​ទីមួយ​ ការបញ្ជូន​ពលករ​ទូទៅ​ និង​ មួយទៀត​គឺ ​បញ្ជូន​ពលករ​ដែល​បម្រើ​ការងារ​តាម​ផ្ទះសម្បែង​។​ បន្ទាប់ពី មាន​កិច្ចព្រមព្រៀង​នេះដែរ​គេ​នឹង រង់ចាំ​ពេលវេលា​ក្នុងការ​រៀបចំ​ក្របខណ្ឌ​បច្ចេកទេស ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ផែនការ​នេះ ហើយ​ក្រុមបច្ចេកទេស​របស់​ប្រទេស​ទាំងពីរ​នឹង​ជួបប្រជុំគ្នា​នៅ​ ដើមឆ្នាំ​២០១៦ ​និង ​​នៅ​ពាក់កណ្តាល​ឆ្នាំ​អាច​នឹង ​អនុវត្ត​កិច្ចព្រមព្រៀង​ក្នុងការ​បញ្ជូន​ពលករ​ទៅ​បំពេញការងារ​នៅ​ ប្រទេស​ម៉ាឡេស៊ី​បាន​ហើយ​។​

​ទោះបីយ៉ាងណា​លោក​រដ្ឋមន្ត្រី​បាន ​លើកឡើងថា ​ការបញ្ជូន​ពលករ​ ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​គេ​​មិនដឹង ថា​នៅក្នុង​ជំ​ហ៊ាន​ដំបូង​បាន​ប៉ុន្មាន​នាក់​នោះ ឡើយ​គឺ​អាស្រ័យ​លើ ​ចំណង់​ចំណូលចិត្ត​របស់​ពលក​រ​កម្ពុជា​ម្នាក់ៗ​ តែប៉ុណ្ណោះ​។​ ទោះបីយ៉ាងណា​លោក​ជឿ ថា​នាពេលនេះ​ជម្រើស ​ការងារ​របស់​ព​លករ​កម្ពុ​ជាមាន​ ច្រើន​ដែល​ក្នុងនេះ​មាន​ទាំង​ក្នុងប្រទេស ​និង​ ក្រៅប្រទេស​ផង​។ ​សម្រាប់​វិស័យ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​គេ​ ឃើញថា​មាន​ប្រាក់ចំណូល​ខ្ពស់ជាង​មុន​ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រសើរច្រើន ហេតុនេះ​ការ​​ចេញទៅ​បម្រើ​ការងារ​នៅ ក្រៅ​ប្រទេស​អាច ​នឹងមាន​ការ​ថមថយ​ចុះ​។​

ទាក់ទិន​នឹង​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ ​ថា​បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រុមហ៊ុន​ជាង ​៦០ ​ក្រុមហ៊ុន​ហើយ​ ក្នុងចំណោម​នេះ​មាន​ក្រុមហ៊ុន​ ប្រមាណ​ពាក់កណ្តាល​បាន ​បណ្តុះបណ្តាល ​ពលករ​មុន​បញ្ជូនទៅ​បំពេញការងារ​នៅ ​ប្រទេស​ម៉ាឡេស៊ី​។

គួរ​បញ្ជាក់ថា ​នា​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន ធ្វើ​ការព្យួរ​ក្នុង​ការនាំ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ ​ប្រទេស​ម៉ាឡេស៊ី​ពិសេស ​ពលករ​បម្រើការ​ងារ​តាម​ផ្ទះ ដោយសារតែ​កើត​នូវ​រឿងអាស្រូវ​ការរំលោភ​បំ​ពាន ​ផ្លូវកាយ​ពី​ សំណាក់​ថៅកែ​ជា​ម្ចាស់ផ្ទះ​មកលើ​ពលករ​កម្ពុជា​បន្តបន្ទាប់​រួចមក​។​

​ដោយឡែក​បើ​យោងតាម​របាយការណ៍​ស​ង្ឋេ​ប​ប្រចាំ ឆ្នាំ​២០១៥ របស់​ក្រសួង​ការងារ ពាក់ព័ន្ធ​ពលករ​​ខ្មែរ​ ដែល​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស សរុប​មាន​ចំនួន ៧២១.៦១១ នាក់ ក្នុងនោះ ពលករ​ខ្មែរ​នៅ​ប្រ​ទេ​ស​ថៃ​ មាន​ចំនួន ៦៤ ​ម៉ឺន​នាក់​នៅ​ម៉ាឡេស៊ី​មាន​ចំនួន ៤,៥ ម៉ឺន​នាក់ នៅ​ប្រទេស​សិង្ហបូរី ២៩៩​នាក់ ជប៉ុន​​ចំនួន ៦០១ នាក់ និង​សាធារណរដ្ឋ​កូរ៉េ​ចំនួន ៣,៥ ម៉ឺន​នាក់​។ ក្នុងនោះ ពលករ​មិនទាន់​ស្របច្បាប់ នៅ​ប្រ​ទេស​ថៃ ​ប្រមាណ ៥០ ម៉ឺន​នាក់ ។​

ដោយឡែក​ពលករ​មិន​ស្របច្បាប់​នប្រទេស ម៉ា​ឡ​ស៊ី និង​កូរ៉េ​មាន​មួយ​​ចំនួន​តូច ថែមទៀត​។​ តាមរយៈ​របាយការណ៍​ដដែល​បញ្ជាក់ដែរថា​ដោយសារ​ការខិតខំ​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ការ​ងារ​ជួយ​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ផង​ធ្វើឱ្យ​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​បាន​ធ្លាក់​មក​កម្រិត​ទាប​ត្រឹមតែ​២,៣​ ភាគរយ​ ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ននេះ​៕ ​ដេប៉ូ​
​លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(​រូបៈ​ដេប៉ូ​)

ឆ្នាំ​២០១៦ ​កម្ពុជា​ត្រៀម​បញ្ជូន​ពលករ​ទៅធ្វើ​ការ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​