ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដោយ​មាន​ឈាម​ហូរ​ដាប​ពេញ​ផ្លូវ

ខេត្តកណ្ដាល ៖ ​​បុរស​ម្នាក់​ត្រូវ​​​គេ​ប្រទះ​​ឃើញ​មាន​ស្នាម​បែក​ក្បាល និង​ហូរ​ឈាម​ក្រហម​ច្រាល​ដេក​​ស្លាប់​នៅ​លើ​ផ្លូវ​បេតុង​មួយ​កន្លែង​ ​កាលពី​វេលា​ម៉ោង​០៤ ​និង​១៥​នាទី​នាទីរសៀលថ្ងៃទី៣០ ធ្នូ ២០១៥ ស្ថិត​នៅ​​ចំណុច​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ដែល​ករណី​​នេះ​ ត្រូវ​​សមត្ថ​កិច្ច​សង្ស័យថា ​អាច​ដើរ​រអិល​ដួល​បែកក្បាល​ តែ​​អ្នក​ចោម​រោម​មើល​ថា ​អាច​ត្រូវ​គេ​វាយ​​សម្លាប់ ​។

ប្រភព​បានឱ្យ​ដឹងថា ​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​​គេ​ស្គាល់​​ឈ្មោះ​មិត្ត សំអាង ហៅបា​ប៊ូ ​​អាយុ​ប្រហែល​៣៤​ឆ្នាំ​ ជា​​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​-សង្កាត់​កើតហេតុ​ខាងលើ ។​ សមត្ថកិច្ច​ដែល​​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឱ្យ​​ដឹង​ថា ​នៅ​វេលា​កើតហេតុ​​ខាង​លើ​​​បាន​​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ដេក​ស្លាប់​ ទើប​កម្លាំង​​ជំនាញ​​ក្រុង សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​​ចុះទៅ​​ពិនិត្យ​​កន្លែង​កើតហេតុតែម្តង ដោយឃើញ​​មាន​ស្លាកស្នាម​បែកក្បាល​ខាងក្រោយ​​ប្រវែង​​៦​សង់ទីម៉ែត្រ​ ។ បើ​តាមអ្នក​ស្គាល់​​​​​ថា ជន​រង​គ្រោះ​ជា​មនុស្ស​ផឹក​ស្រវឹង​​ជា​ប្រចាំ និង​បាន​​លែង​គ្នា​ជាមួយ​ប្រពន្ធយូរ​ហើយ​ ​ដោយ​​ស្នាក់​នៅ​​អនា​ថា​ ហើយ​ពុំដែល​មាន​ទំនាស់​ជាមួយ​អ្នក​​ណា​ឡើយ ​។