រុ​ស្ស៊ី​ចាប់ផ្តើម​បញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស​S-300​ទៅ​ឱ្យ​អីុរ៉​ង់

ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ឌ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ថា ប្រទេស​រុ​ស្ស៊ី​ចាប់ផ្តើម​បញ្ជូន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល S-300 ទៅ​ឱ្យ​អីុ​រ៉​ង់​ហើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រុ​ស្ស៊ី ROSSIYA-24 លោក​រ៉ូ​ហ្គោ​ហ្ស៊ី​ន ថ្លែង​ថា កុងត្រា​កំពុង​តែ​អនុវត្ត​ក៏​ដូច​ជា​ការ​បង់ប្រាក់​ដែរ ។ ការ​ប្រគល់​ត្រូវ​បាន​ធ្វើ​ហើយ កុងត្រា​នេះ​នឹង​បន្ត​តាម​រយៈ​កុងត្រា​ដទៃ​ៗ​ទៀត ។ លោក​បន្ត​ថា កុងត្រា​លក់​ប្រព័ន្ធ S-300 បាន​បើក​នូវ​កាលានុវត្តភាព​ថ្មី​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​តេ​ហេ​រ៉​ង់ ក្នុង​ផ្នែក​ស៊ី​វិល និង​យោធា ។

ក្រុង​មូ​ស្គូ និង​ក្រុង​តេ​ហេ​រ៉​ង់​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០៧ លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​៨០០​លាន​ដុល្លារ សម្រាប់​ការ​ផ្គត់ផ្គង់​ឱ្យ​អីុ​រ៉​ង់​នូវ​ប្រព័ន្ធ S-300 ។

កាលពី​ខែកញ្ញា ឆ្នាំ​២០១០ ប្រធានាធិបតី​រុ​ស្ស៊ី​ពេល​នោះ លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ បាន​លុប​ចោល​កុងត្រា​នេះ​ជា​ការ​អនុវត្ត​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​ហាមឃាត់​ការ​ផ្តល់​អាវុធ​ឱ្យ​អីុ​រ៉​ង់ ។

ជា​ការ​ឆ្លើយ​តប​វិញ អីុ​រ៉​ង់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​ក្រុង​ហ្សឺ​ណែវ​ទាមទារ​ប្រាក់​ពី​រុ​ស្ស៊ី​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ ។

នា​ដើម​ខែមេសា ឆ្នាំ​២០១៥ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដែល​លុប​ចោលការ​ហាមឃាត់​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស ក្រោយ​ការ​ចុះហត្ថលេខា​រវាង​អីុ​រ៉​ង់ និង​ប្រទេស​មហាអំណាច​៦ ក្នុង​នោះ​មាន​រុ​ស្ស៊ី​ដែរ លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ដ៏​ចម្រូងចម្រាស់ ។

លោក​រ៉ូ​ហ្គោ​ហ្ស៊ី​ន ថ្លែង នា​ពេល​មុន​នេះ​ថា អីុ​រ៉​ង់​នឹង​ដក​ពាក្យបណ្តឹង​ប្រឆាំង​រុ​ស្ស៊ី​ពេល​ប្រទេស​នេះ​យល់ព្រម​ផ្តល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 ៕