លោក​គី​ម ជុង​អ៊ុ​ន ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​KIM YANG GON

កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា លោក​គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​៣០ ធ្នូ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លេខាធិការ​បក្ស​ពលករ​កូរ៉េ​លោក KIM YANG GON ដែល​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ក្នុង​គ្រោះថ្នាក់​រថយន្ត​មួយ ។

KCNA រៀបរាប់​ថា លោក​គី​ម ជុង​អ៊ុ​ន មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា សម​មិត្ត KIM YANG GON ជា​សហសេវិក​ដ៏​ស្មោះត្រង់​ដែល​ពិបាក​រក​មនុស្ស​ជំនួស ព្រមទាំង​ជា​សម​មិត្ត​រួម​អាវុធ​ដ៏​ជិតដិត​មួយ​រូប ។ KCNA កត់សម្គាល់​ទៀត​ថា សម​មិត្ត​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា បក្ស​របស់​យើង និង​មាតុភូមិ​យើង​នឹង​ពុំ​បំភ្លេច​ដាច់ខាត​ចំពោះ​សម​មិត្ត KIM YANG GON ដែល​ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​បក្ស និង​បដិវត្តន៍​ជាមួយ​ការ​ជឿជាក់​បំផុត​លើ​បណ្តា​ស្នាដៃ​របស់​លោក ។

ជាមួយ​ការ​ក្តុកក្តួល​ចំពោះ​ការ​បាត់បង់​មនុស្ស​សំខាន់​មួយ​រូប លោក​គី​ម ជុង​អ៊ុ​ន បាន​ផ្តល់​សារ​ចូលរួម​រំលែក​មរណទុក្ខ​ជូន​ដល់​គ្រួសារ​លោក KIM YANG GON ។ ពិធី​បញ្ចុះសព​លោក KIM YANG GON ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ក្រុង​ព្យុ​ង​យ៉ាង ៕