អា​​មេ​រិ​ក​នឹង​ទទួល​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយ​អាស៊ាន​នា​ខែកុម្ភៈ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា

សេត​វិមាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ថា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​បណ្តា​មេដឹកនាំ​អាស៊ាន​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​នា​ថ្ងៃ​ទី​១៥ និង​១៦ កុម្ភៈ ខាង​មុខ​នេះ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​សេត​វិមាន​លោក JOSH EARNEST គូសបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង SUNNYLANDS DE RANCHO MIRAGE រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ជា​កិច្ចប្រជុំ​កំពូល​បែប​នេះ​លើក​ដំបូង​រៀបចំ​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​បណ្តា​មេដឹកនាំ​អាស៊ាន ។ កិច្ចប្រជុំ​កំពូល​នេះ​ផ្តោត​លើ​ភាព​ជា​ដៃគូ​ស៊ីជម្រៅ​ដែល​សហរដ្ឋ​អា​មេ​រិ​កបាន​ពង្រឹង​ជាមួយ​អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ហើយនឹង​បង្ហាញ​ពី​ការ​កែ​លម្អ​លំនឹង​ឡើង​វិញ​របស់​អា​មេ​រិ​ក​ឆ្ពោះទៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ កិច្ចប្រជុំ​កំពូល​នោះ​នឹង​ផ្តល់​ដល់​បណ្តា​មេដឹកនាំ​នូវ​វេទិកា​មួយ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ថ្មី​សហរដ្ឋ​អា​មេ​រិ​ក​-​អាស៊ាន ផ្តោត​លើ​បញ្ហា​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ៕